ព័ត៌មានអន្តរជាតិ

ចិនជំរុញឱ្យអាម៉េរិក និងអ៊ីរ៉ង់ គោរពតាមបទឈប់បាញ់ឱ្យបានខ្ជាប់ខ្ជួន និងទាមទារឱ្យអាម៉េរិក ទទួលខុសត្រូវលើការរំសាយអាវុធនុយក្លេអ៊ែរ

image


ចិន៖ រដ្ឋាភិបាលចិន តាមរយៈអ្នកនាំពាក្យក្រសួងការបរទេស លោក គូ ជៀគុន (Guo Jiakun) កាលពីពេលថ្មីៗនេះ បានសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនៃភាពតានតឹងរវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់ នៅតំបន់ច្រកសមុទ្រ ហ័រមូស (Hormuz)។ ចិនបានរិះគន់ចំពោះការប្រើប្រាស់កម្លាំងយោធារបស់អាម៉េរិក និងបានជំរុញឱ្យភាគីទាំងពីរគោរពតាមបទឈប់បាញ់ឱ្យបានខ្ជាប់ខ្ជួន ដើម្បីបញ្ចៀសការផ្ទុះសង្គ្រាមទ្រង់ទ្រាយធំដែលនឹងប៉ះពាល់ដល់ស្ថិរភាពសកល ។

ស្ថានភាពនៅច្រកសមុទ្រ Hormuz កាន់តែស្មុគស្មាញ បន្ទាប់ពីអ៊ីរ៉ង់សម្រេចបិទផ្លូវទឹកដ៏សំខាន់នេះជាថ្មី ដើម្បីជាការឆ្លើយតបទៅនឹងការបិទខ្ទប់កំពង់ផែរបស់ខ្លួនពីសំណាក់អាម៉េរិក និងបន្ទាប់ពីសហរដ្ឋអាម៉េរិកបានបើកការវាយប្រហារលើនាវាដឹកទំនិញរបស់អ៊ីរ៉ង់នៅតំបន់ច្រកសមុទ្រនេះ ដោយលោកត្រាំ ចោទប្រកាន់នាវានោះថាបានរំលោភបំពានលើការបិទខ្ទប់ផ្លូវទឹក ។

ទោះជាបែបណាក្ដី ចិនជឿជាក់ថា ពិភពលោកកំពុងស្ថិតក្នុងដំណាក់កាលដ៏រសើបបំផុត ដែលតម្រូវឱ្យមានការចរចា និងការបង្កើតលក្ខខណ្ឌអំណោយផលជាចាំបាច់ ដើម្បីបើកផ្លូវសម្រាប់សន្តិភាព និងការធ្វើពាណិជ្ជកម្មតាមសមុទ្រឡើងវិញ ។
ក្រៅពីបញ្ហាជម្លោះផ្ទាល់ ចិនក៏បានឆ្លៀតឱកាសបញ្ជាក់ពីជំហររបស់ខ្លួនលើបញ្ហាអាវុធនុយក្លេអ៊ែរផងដែរ។ ក្នុងរបាយការណ៍ដែលត្រៀមដាក់ជូនទៅកាន់អង្គការសហប្រជាជាតិ ចិនបានអះអាងថា ខ្លួនមិនដែលមានបំណងប្រកួតប្រជែងអាវុធនុយក្លេអ៊ែរជាមួយប្រទេសណានោះទេ ប៉ុន្តែរក្សាទុកសម្រាប់តែគោលដៅការពារសន្តិសុខជាតិរបស់ខ្លួនតែប៉ុណ្ណោះ ។

ចិនបានទាមទារឱ្យសហរដ្ឋអាម៉េរិក ទទួលខុសត្រូវលើការរំសាយអាវុធនុយក្លេអ៊ែរ និងបញ្ឈប់សកម្មភាពទាំងឡាយណាដែលបង្កគ្រោះថ្នាក់ដល់សន្តិភាព។ ចិនចង់ឃើញសន្និសីទអន្តរជាតិស្ដីពីសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ (NPT) លើកទី១១ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៧ ខែមេសា ដល់ថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២៦ នៅទីក្រុងញូវយ៉ក នឹងក្លាយជាវេទិកាមួយដែលដាក់កំហិតលើមហាអំណាចឱ្យគោរពតាមច្បាប់អន្តរជាតិ ដើម្បីការពារពិភពលោកពីមហន្តរាយនុយក្លេអ៊ែរ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ VIORY/ The American Bazaar/ (Farooq Naeem/AFP)