រដ្ឋមន្ត្រីក្រសួងមហាផ្ទៃប៉ាគីស្ថាន ជួបជជែកជាមួយឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ខណៈសញ្ញានៃការចរចាជុំទី២ នៅតែមានភាពមិនច្បាស់លាស់
ប៉ាគីស្ថាន៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃប៉ាគីស្ថាន លោក ម៉ូស៊ីន ណាវី (Mohsin Naqvi) បានជួបពិភាក្សាជាមួយឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំប្រទេសប៉ាគីស្ថាន លោក រ៉េហ្សា អាមីរិ ម៉ូហាដាំ (Reza Amiri Moghadam) នៅទីក្រុងអ៊ីស្លាម៉ាបាដ កាលពីថ្ងៃចន្ទ ដើម្បីពិនិត្យមើលការត្រៀមលក្ខណៈសម្រាប់ការចរចាជុំទី២ ដែលអាចកើតមានជាមួយសហរដ្ឋអាម៉េរិក ។
ទន្ទឹមនឹងនោះ រដ្ឋាភិបាលប៉ាគីស្ថាន បានបញ្ជាក់ដែរថា ខ្លួនបានរៀបចំកិច្ចការសន្តិសុខ និងទីកន្លែងសម្រាប់កិច្ចចរចាសន្តិភាពជុំទី២ រួចរាល់អស់ហើយ ដើម្បីធានាសុវត្ថិភាពដល់គណៈប្រតិភូអន្តរជាតិទាំងអស់ ។
ទោះបីជាប៉ាគីស្ថានត្រៀមខ្លួនរួចរាល់ក៏ដោយ ប៉ុន្តែសញ្ញានៃការចរចាជុំទី២ នេះហាក់មានភាពមិនច្បាស់លាស់ ដោយសារតែភាគីអ៊ីរ៉ង់បញ្ជាក់ថា ពួកគេមិនទាន់មានគម្រោងច្បាស់លាស់សម្រាប់ការជួបគ្នានៅឡើយទេ។ ភាពមិនច្បាស់លាស់នេះ បានកើតឡើង ស្របពេលដែលស្ថានភាពនៅលើសមរភូមិកំពុងមានភាពតានតឹងឡើងវិញ ។
កម្តៅនៃជម្លោះ បានផ្ទុះឡើងសារជាថ្មី បន្ទាប់ពីសហរដ្ឋអាម៉េរិកបានបើកការវាយប្រហារលើនាវាដឹកទំនិញរបស់អ៊ីរ៉ង់នៅតំបន់ច្រកសមុទ្រ ហ័រមូស (Hormuz) ដោយលោកប្រធានាធិបតី ដូណាល់ ត្រាំ បានចោទប្រកាន់នាវានោះថាបានរំលោភបំពានលើការបិទខ្ទប់ផ្លូវទឹក។ ទោះជាយ៉ាងណាក្ដី លោកនៅតែអះអាងថា ក្រុមការងាររបស់លោកនឹងធ្វើដំណើរទៅចរចានៅប៉ាគីស្ថានដដែល ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ VIORY/ The American Bazaar/ (Farooq Naeem/AFP)