រដ្ឋសភា បានរៀបចំកម្មវិធី "សភាត្រាប់" ដើម្បីផ្តល់ជាវេទិកាមួយសម្រាប់យុវជន អាចអនុវត្តជាក់ស្ដែងនូវភាពជាអ្នកដឹកនាំនិងពង្រឹងការចូលរួមក្នុងកិច្ចការសង្គម
ភ្នំពេញ៖ លោក វង សូត អនុប្រធានទី២ រដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានអញ្ជើញចូលរួមក្នុងកម្មវិធី “សភាត្រាប់” សម្រាប់យុវជន ដើម្បីពង្រីកភាពជាអ្នកដឹកនាំ ការចូលរួមក្នុងកិច្ចការសង្គម និងនយោបាយ នៅវិមានរដ្ឋសភា នាថ្ងៃទី២១ ខែ មេសា ឆ្នាំ២០២៦នេះ។
កម្មវិធី "សភាត្រាប់" នេះមិនមែនត្រឹមតែជាសកម្មភាពសិក្សាប៉ុណ្ណោះទេ តែគឺជាវេទិកាមួយដែលយុវជន អាចអនុវត្តជាក់ស្ដែងនូវភាពជាអ្នកដឹកនាំ ពង្រឹងការចូលរួមក្នុងកិច្ចការសង្គម និងការចូលរួមក្នុងភាពជាប្រជាពលរដ្ឋប្រកបដោយភាពជឿជាក់។ បន្ថែមពីនេះ កម្មវិធីនេះ ក៏ឆ្លុះបញ្ចាំងពីអាទិភាពជាតិដ៏សំខាន់ ក្រោមការដឹកនាំឈ្លាសវៃ ចក្ខុវិស័យវែងឆ្ងាយ និងមោះមុតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលមានក្រសួងកិច្ចការនារី ជាសេនាធិការបាន និងកំពុងអនុវត្តផែនការយុទ្ធសាស្ត្រនារីរតនៈទី៦(២០២៤- ២០២៨ ) ក្នុងនោះយុទ្ធសាស្ត្រទី៥ បានផ្ដោតការយកចិត្តទុកដាក់យ៉ាងខ្លាំងលើស្រ្តីក្នុងភាពជាអ្នកដឹកនាំ និងអភិបាលកិច្ច។
លោក វង សូត បានមានប្រសាសន៍ថា “យុវជន គឺជាអនាគត ជាសសរទ្រូងរបស់ប្រទេសជាតិ។ យុវជន គឺជាមូលដ្ឋានគ្រឹះនៃភាពធន់របស់ជាតិ ជាពិសេសក្នុងបរិបទដែលពិភពលោកបច្ចុប្បន្ន កំពុងតែមានភាពប្រែប្រួលឥតឈប់ឈរ ប្រឈមគ្រោះថ្នាក់ មានហានិភ័យខ្ពស់ និងមិនប្រាកដប្រជា។ សង្គ្រាមបានផ្ទុះឡើងស្ទើរគ្រប់តំបន់នៃពិភពលោក ជាពិសេសសង្គ្រាមដែលកំពុងបន្តកើតមាននៅក្នុងតំបន់មជ្ឈិមបូព៌ា រវាងសហរដ្ឋអាមេរិក អ៊ីស្រាអែល និងអ៊ីរ៉ង់ បានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខនិងសេដ្ឋកិច្ចជាពិសេស ប្រេង និងឧស្ម័ន ដែលជាវត្ថុធាតុដើម ដ៏សំខាន់សម្រាប់វិស័យឧស្សាហកម្ម និងកសិកម្ម។
លោក វង សូត មានប្រសាសន៍បញ្ជាក់ទៀតថា សម្រាប់កម្ពុជាវិញ បន្ថែមពីផលប៉ះពាល់ដោយសារសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា កម្ពុជា ត្រូវទទួលរងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរពីប្រទេសជិតខាងរបស់ខ្លួន គឺប្រទេសថៃ ដែលជានិច្ចកាលតែងចិញ្ចឹមចិត្ត មានមហិច្ឆតាឈ្លានពានមកលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា។ ដូច្នេះយុវជនដែលជាសសរទ្រូង ប្រទេសជាតិ ត្រូវពង្រឹងទាំងកម្លាំងស្មារតី និងសមត្ថភាពឱ្យមានភាពខ្លាំងក្លា ដើម្បីឆ្លើយតបទៅនឹងវិបត្តិនេះ។ យុវជនគឺជាសសរស្ដម្ភ និងជាខឿនការពារជាតិ ដែលមិនអាចខ្វះបាន។
ក្នុងឱកាសនោះដែរ លោកស្រី ឡោក ខេង ប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា និងជាប្រធានក្រុមសភាជាតិកម្ពុជា នៃអ្នកនយោបាយសភាស្រ្តី មានប្រសាសន៍សម្តែង នូវការ អបអរសាទរ ចំពោះ រាជរដ្ឋាភិបាលដែលបានដាក់ អាទិភាព ខ្ពស់ប្រកប ដោយឆន្ទៈ មុះមុតលើការ ជំរុញការចូលរួមរបស់ស្រ្តីក្នុងការធ្វើសេចក្តីសម្រេចចិត្តបន្តពីរាជរដ្ឋាភិបាលជំនាន់មុនដែលបានត្រួសត្រាយផ្លូវសម្រាប់ផ្តល់ឱកាសដល់ ស្រ្តីកាន់តែច្រើនឡើង ។
ជាក់ស្តែងនៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំនិងលើកទិសដៅការងារឆ្នាំបន្ទាប់របស់ ក្រសួងកិច្ច ការនារីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានថ្លែងថា «ពិភពលោកកាន់តែមានសុវត្ថិភាព ស្រស់បំព្រង កក់ក្ដៅជាងមុន ប្រសិនបើមានស្ត្រីក្លាយជាអ្នកដឹកនាំកាន់តែច្រើន»។
តាមរយៈការថ្លែងនេះគឺ បាន បង្ហាញពីការប្តេជ្ញាចិត្តដ៏មុះមុត ក្នុងការសម្រេចឱ្យបាននូវ សមភាពយេនឌ័រក៏ដូចជាការ ជំរុញការចូលរួមរបស់ស្រ្តី ក្នុងភាពជាអ្នកដឹកនាំ ឱ្យបានកាន់តែច្រើន។
លោកស្រី ឡោក ខេង បានបញ្ជាក់ទៀតថា កម្មវិធីសភា ត្រាប់គឺ ជាផ្នែកមួយនៃការ បណ្តុះបណ្ដាលសមត្ថភាព ស្មារតី និង មនសិការដល់យុវជន ជាពិសេស ក្មេងស្រី ឱ្យពួកគាត់ខិតខំស្វែងយល់ ហ្វឹកហាត់ការងារ តស៊ូមតិបែបនយោបាយ៕
អត្ថបទ៖ វង សុភ័ក្ត្រ