ស៊ូទ្រាំបន្ទុកចំណាយមិនបាន អ្នកបើកបរឡានសាធារណៈនៅហ្វីលីពីន ផ្អាកសេវាកម្មទ្រង់ទ្រាយធំ ធ្វើឱ្យពលរដ្ឋទូទៅកាន់តែប្រឈមទុក្ខលំបាក
ហ្វីលីពីន៖ វិបត្តិថាមពល បានរុញច្រានឱ្យវិស័យដឹកជញ្ជូនក្នុងទីក្រុង គូហ្សុន (Quezon) ប្រទេសហ្វីលីពីន ឈានដល់ការផ្អាកសេវាកម្មទ្រង់ទ្រាយធំ កាលពីដើមសប្ដាហ៍នេះ ដែលបណ្ដាលឱ្យពលរដ្ឋរាប់ពាន់នាក់កកស្ទះនៅតាមដងផ្លូវ។ អ្នកបើកបរឡានសាធារណៈ (Jeepney) ភាគច្រើនបានសម្រេចចិត្តឈប់រត់ ដើម្បីជាការតវ៉ានឹងតម្លៃប្រេងសាំងដែលហក់ឡើងខ្ពស់ខ្លាំង រហូតដល់ពួកគេមិនអាចទ្រាំទ្រនឹងការចំណាយបានបន្តទៀត ។
ដើម្បីសម្រាលទុក្ខលំបាករបស់ពលរដ្ឋ រដ្ឋាភិបាលហ្វីលីពីន បានសម្រេចបញ្ចុះតម្លៃសំបុត្ររថភ្លើងចំនួន ៥០% ខណៈដែលឡានក្រុង និងរថភ្លើងដែលនៅដំណើរការ គឺសុទ្ធតែណែនណាន់តាន់តាប់ដោយសារតែតម្រូវការកើនឡើងខ្ពស់ខ្លាំងពេក។ ពលរដ្ឋដែលរកចំណូលបានតិចតួច កំពុងប្រឈមមុខនឹងការលំបាកទ្វេដង ទាំងការធ្វើដំណើរ និងក្ដីព្រួយបារម្ភពីបញ្ហាទំនិញម្ហូបអាហារនឹងឡើងថ្លៃតាមតម្លៃប្រេង ។
មូលហេតុចម្បងនៃវិបត្តិប្រេងនេះ គឺបណ្ដាលមកពីសង្គ្រាមរវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់ ដែលបានធ្វើឱ្យមានការបិទខ្ទប់ផ្លូវទឹកដ៏សំខាន់នៅច្រកសមុទ្រ ហ័រមូស (Hormuz)។ ដោយសារតែហ្វីលីពីន នាំចូលប្រេងជាង ៩០% ឆ្លងកាត់ច្រកសមុទ្រនេះ ទើបធ្វើឱ្យការផ្គត់ផ្គង់ថាមពលក្នុងប្រទេសត្រូវរអាក់រអួល និងឈានដល់ការប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន ។
ក្នុងជំហានបន្ទាប់ រដ្ឋាភិបាលហ្វីលីពីន តាមរយៈក្រសួងថាមពល កំពុងស្វែងរកយន្តការដើម្បីគ្រប់គ្រងតម្លៃប្រេងនៅតាមស្ថានីយ កុំឱ្យឡើងថ្លៃហួសហេតុពេក។ អាជ្ញាធរក៏កំពុងរងសម្ពាធពីពលរដ្ឋ ឱ្យពិចារណាបង្កើនប្រាក់ឈ្នួលអប្បបរមា ដើម្បីឱ្យស្របតាមការចំណាយប្រចាំថ្ងៃ ដែលកំពុងកើនឡើងដោយសារតែវិបត្តិសកលមួយនេះ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Screenshot from VIORY’s video.