បារាំង និងប៉ូឡូញ អបអរសាទរមេដឹកនាំថ្មីរបស់ហុងគ្រី ដែលបើកផ្លូវឱ្យអឺរ៉ុបអាចបញ្ចេញកញ្ចប់ថវិកា ៩០ ពាន់លានអឺរ៉ូសម្រាប់អ៊ុយក្រែន
អឺរ៉ុប៖ ប្រធានាធិបតីបារាំង លោក អ៊ែមម៉ានូអ៊ែល ម៉ាក្រុង (Emmanuel Macron) និងនាយករដ្ឋមន្ត្រីប៉ូឡូញ លោក ដូណាល់ ថាស់ (Donald Tusk) នៅក្នុងសន្និសីទកាសែតរួមគ្នាមួយនៅទីក្រុង ហ្គៈដាន់ស្ក៍ (Gdansk) កាលពីថ្ងៃចន្ទ បានបង្ហាញនូវក្តីរំភើបរីករាយយ៉ាងខ្លាំងចំពោះការផ្លាស់ប្តូរនយោបាយនៅប្រទេសហុងគ្រី បន្ទាប់ពីលោក ភីធ័រ ម៉ាយ៉ា (Peter Magyar) បានឈ្នះឆ្នោតក្លាយជានាយករដ្ឋមន្ត្រីថ្មី។ ការផ្លាស់ប្តូរនេះ ត្រូវគេចាត់ទុកថា ជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីសម្រាប់អឺរ៉ុបទាំងមូល ដែលនឹងធ្វើឱ្យទំនាក់ទំនងរវាងហុងគ្រី និងសហភាពអឺរ៉ុបមានភាពល្អប្រសើរឡើងវិញ បន្ទាប់ពីមានភាពរកាំរកូសជាច្រើនឆ្នាំ ។
ក្តីសង្ឃឹមដ៏ធំបំផុតនៃការផ្លាស់ប្តូរមេដឹកនាំហុងគ្រីនេះ គឺការយល់ព្រមលើកញ្ចប់ថវិកាជំនួយចំនួន ៩០ ពាន់លានអឺរ៉ូសម្រាប់ជួយដល់ប្រទេសអ៊ុយក្រែន។ កញ្ចប់ថវិកាដ៏មហាសាលនេះ ធ្លាប់ត្រូវរារាំងដោយអតីតមេដឹកនាំហុងគ្រី លោក វីកទ័រ អ័រប៊ែន (Viktor Orban) ដោយបច្ចុប្បន្ន លោក ម៉ាក្រុង (Macron) ជឿជាក់ថា ជំនួយនេះនឹងត្រូវអនុម័តក្នុងពេលឆាប់ៗ ដែលវានឹងជួយពង្រឹងភាពជឿជាក់របស់អឺរ៉ុបលើឆាកអន្តរជាតិ ។
នាយករដ្ឋមន្ត្រីប៉ូឡូញ លោក ដូណាល់ ថាស់ (Donald Tusk) បានសម្តែងការគាំទ្រយ៉ាងពេញទំហឹងចំពោះលោក ម៉ាយ៉ា (Magyar) ដោយប្រៀបធៀបជ័យជម្នះនេះ ទៅនឹងចលនាប្រជាធិបតេយ្យនៅប៉ូឡូញកាលពីឆ្នាំ ២០២៣។ លោកបញ្ជាក់ថា លោក ម៉ាយ៉ា (Magyar) បានជ្រើសរើសយកប្រទេសប៉ូឡូញ ជាគោលដៅដំបូងគេសម្រាប់ដំណើរទស្សនកិច្ចនៅក្រៅប្រទេស ដែលសបញ្ជាក់ពីការពង្រឹងប្លុកអ្នកប្រជាធិបតេយ្យនៅក្នុងតំបន់អឺរ៉ុបកណ្តាល ។
ក្រៅពីបញ្ហាក្នុងតំបន់អឺរ៉ុប លោក ម៉ាក្រុង (Macron) ក៏បានបង្ហាញក្តីបារម្ភ និងអំពាវនាវឱ្យមានការបន្ធូរបន្ថយភាពតានតឹងនៅមជ្ឈិមបូព៌ាផងដែរ។ លោកបានជំរុញឱ្យអាម៉េរិក និងអ៊ីរ៉ង់ បោះបង់ការប្រើប្រាស់កម្លាំងយោធា ហើយងាកមករកតុចរចា ដើម្បីសម្រេចឱ្យបាននូវបទឈប់បាញ់ និងសន្តិភាពយូរអង្វែង ជាពិសេសនៅក្នុងប្រទេសលីបង់ ដែលកំពុងរងគ្រោះដោយសារតែឥទ្ធិពលនៃជម្លោះនេះ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ VIORY/ UNN/ (iStock/Getty Images)