សម្តេចធិបតី ៖ ពលរដ្ឋចំនួនជិត១២ម៉ឺននាក់ បានទទួលសេវាដឹកជញ្ជូនដោយ ឥតគិតថ្លៃ ក្នុងឱកាសចូលឆ្នាំថ្មីកន្លងទៅ
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា "សេវារថយន្តក្រុងដឹកជញ្ជូនប្រជាពលរដ្ឋ ធ្វើដំណើរទៅលេងស្រុកកំណើត អំឡុងពេលចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ, ក្នុង រយៈពេល ៦ថ្ងៃ ពីថ្ងៃទី ១២-១៧ ខែមេសា ដែលជាការកាត់បន្ថយបន្ទុកចំណាយសម្រាប់បងប្អូន អាចយកទៅប្រេីប្រាស់ក្នុងគោលដៅផ្សេងៗ រួមទាំងការធ្វេីបុណ្យទានផងដែរ។ ជាលទ្ធផលមាន ប្រជាពលរដ្ឋ ចំនួន ១១៩.៤៩០នាក់ បាន ជឿទុកចិត្ត និងមកទទួល សេវា ដឹក ជញ្ជូន ដោយ ឥតគិតថ្លៃ របស់ រដ្ឋាករ ស្វយ័ត ដឹក ជញ្ជូន សាធារណៈ រថយន្តក្រុង របស់ រដ្ឋបាល រាជធានីភ្នំពេញ បានកេីនឡេីន ចំនួន ៣៣.៦៤១នាក់ ស្មើនឹង ៣៩%។ ជាមធ្យម ក្នុងពលរដ្ឋម្នាក់ ត្រូវចំណាយថវិកាប្រមាណ ១០ម៉ឺន ឬ២៥$ សម្រាប់ការធ្វើដំណើរទៅមក ហើយមធ្យោបាយដឹកជញ្ជូនឥតគិតថ្លៃនេះ បានជួយសម្រួលបន្ទុកចំណាយសរុបរបស់ប្រជាពលរដ្ឋប្រមាណ ១២ពាន់លានរៀល ឬស្មើនឹងប្រមាណ ៣លានដុល្លារ ដែលចំនួនទឹកប្រាក់នេះ បានចែករំលែកចូលទៅកាន់សេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការចំណាយនានានៅស្រុកកំណើត ជំនួសឱ្យការធ្វើដំណើរតែមួយមុខ"។ នេះបើយោងតាមសំណេរលើបណ្តាញសង្គមផ្លូវការសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នាព្រឹកថ្ងៃទី ២២ ខែមេសា ឆ្នាំ២០២៦នេះ។
សម្តេចបវរធិបតីក៏បានបញ្ជាក់ថា "សេវាដឹកជញ្ជូនឥតគិតថ្លៃ មិនត្រឹមបានជួយសម្រាលបន្ទុកចំណាយប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកាតាលីករជំរុញចរន្តសេដ្ឋកិច្ចមូលដ្ឋានផងដែរ សម្តៅលើកកម្ពស់កំណើនចំណូលរបស់ប្រជាពលរដ្ឋមូលដ្ឋានទាំងមូល"៕
អត្ថបទ៖ ហ៊ន សុភ័ក្រ