ប្រជានេសាទប្រទះឃើញសពបុរសធ្វើអត្តឃាតបានអណ្តែតទឹកនៅក្រោមស្ពានជ្រោយចង្វារ បាននាំគ្នាស្រង់ឡើងមកលើគោក
ភ្នំពេញ៖ ប្រជានេសាទបានប្រទះឃើញសពអណ្តែតទឹក និងបាននាំគ្នាស្រង់ឡើងមកលើគោក និងរាយការណ៍ជូនសមត្ថកិច្ច និងក្រុមគ្រួសារមកទទួលយក កាលពីវេលាម៉ោង ១០និង៣០នាទីយប់ ថ្ងៃ២១ ខែមេសា ឆ្នាំ២០២៦ ស្ថិតនៅក្រោមស្ពានជ្រោយចង្វារ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មានពីបុរសនេសាទ បានឲ្យដឹងថា គាត់និងគ្នីគ្នាម្នាក់ទៀត បាននាំគ្នាទៅស្រាយមង ដែលស្ថិតនៅក្រោមស្ពានជ្រោយចង្វារ ចំណុចបង្គោលទី២ រួចក៏បានឃើញពលរដ្ឋនាំគ្នាឆួលពិលពីលើមក ទើបគាត់មើលតាមពន្លឺពិលដែលគេបង្ហាញនោះ ក៏ប្រទះឃើញសពអណ្តែតទឹក។ ដំបូងឡើយគាត់ឃើញតែអាវក្រៅអណ្តែត តែដោយសារអាវនោះមិនជ្រាបលិចទឹក ទើបធ្វើឱ្យសពមិនលិចចូលក្នុងទន្លេ។ ឃើញដូចនេះគាត់ក៏បានស្រង់សពឡើងមកលើទូក ដោយគិតថាជួយសង្គ្រោះបឋម អាចនៅមានសង្ឃឹម តែជាអកុសលបានស្លាប់បាត់ទៅហើយ។
ដំណឹងនេះក៏បានឭដល់ក្រុមគ្រួសារសព ពួកគាត់ក៏បានមកដល់លើកសពដាក់លើគ្រែ ហើយបានរៀបរាប់ប្រាប់ថា សពបុរសខាងលើ មានវ័យ៣០ឆ្នាំ គាត់ជាអ្នកលក់សម្លៀកបំពាក់ គាត់មានជំងឺប្រចាំកាយព្យាបាលអស់លុយរាប់ម៉ឺនដុល្លារ រហូតកើតជំងឺបាក់ទឹកចិត្ត ប៉ុនប៉ងលោតទឹកម្តងរួចទៅហើយ តែពួកគាត់ឃាត់ទាន់ពេលវេលា ។ លុះដល់ថ្ងៃកើតហេតុបុរសនោះបានប្រាប់ថាឃ្លានគីវី ក៏ប្រាប់ឱ្យពួកគាត់ទៅទិញ លុះមនុស្សចេញពីផ្ទះអស់ គាត់ក៏បានឆ្លៀតរត់ចេញក្រៅ ហើយមកលោតទឹកទាល់តែបានសម្រេច។
ក្រោយពីស្រង់សពយកមកដាក់លើគោករួច សមត្ថកិច្ចជំនាញខាងកោសល្យវិច័យក៏បានមកដល់ ធ្វើការត្រួតពិនិត្យសពរួចក៏ប្រគល់ជូនក្រុមគ្រួសារ៕
អត្ថបទ៖ រដ្ឋ រង្សី