កងកម្លាំងអាម៉េរិក ស្ទាក់ចាប់នាវាដឹកប្រេងមួយគ្រឿង ដែលសង្ស័យថា ដឹកទំនិញខុសច្បាប់ឱ្យអ៊ីរ៉ង់
សហរដ្ឋអាម៉េរិក៖ មន្ទីរបញ្ចកោណ បាននិយាយកាលពីថ្ងៃអង្គារថា កងកម្លាំងអាម៉េរិកបានធ្វើប្រតិបត្តិការស្ទាក់ចាប់ និងឡើងឆែកឆេរលើនាវាដឹកប្រេង M/T Tifani ដែលខ្លួនសង្ស័យថា មានការពាក់ព័ន្ធនឹងសកម្មភាពខុសច្បាប់របស់អ៊ីរ៉ង់ ។
ស្ថានភាពនេះ បង្ហាញថា ជម្លោះរវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់ បានរីករាលដាលចេញពីតំបន់មជ្ឈិមបូព៌ា រហូតដល់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក បន្ទាប់ពីកងទ័ពអាម៉េរិកបានប្រើប្រាស់ឧទ្ធម្ភាគចក្រចុះឆែកឆេរនាវាដឹកប្រេងមួយគ្រឿងខាងលើ ដោយសង្ស័យថាបានដឹកជញ្ជូនទំនិញខុសច្បាប់ឱ្យអ៊ីរ៉ង់។ ប្រតិបត្តិការនេះបង្ហាញឱ្យឃើញដែរថា អាម៉េរិកកំពុងពង្រីកវិសាលភាពនៃការតាមដាន និងការដាក់ទណ្ឌកម្មលើអ៊ីរ៉ង់ដល់កម្រិតសកល ។
ប្រតិបត្តិការដែលដឹកនាំដោយបញ្ជាការដ្ឋានឥណ្ឌូ-ប៉ាស៊ីហ្វិកនេះ ធ្វើឡើងក្នុងគោលបំណងកាត់ផ្ដាច់សរសៃឈាមសេដ្ឋកិច្ចរបស់អ៊ីរ៉ង់តាមរយៈផ្លូវទឹក។ អាម៉េរិក សង្កត់ធ្ងន់ថា នឹងមិនទុកឱ្យនាវាណាដែលរងទណ្ឌកម្មមានសេរីភាពក្នុងការធ្វើដំណើរលើសមុទ្រអន្តរជាតិនោះទេ ព្រមទាំងដើម្បីរារាំងរាល់ជំនួយសម្ភារៈយោធាដល់ទីក្រុងតេហ៍រ៉ង់ ។
ក្រៅពីការស្ទាក់ចាប់នាវា M/T Tifani ក៏មានក៏ស្ទាក់ចាប់នាវាមួយគ្រឿងទៀតឈ្មោះ អ៊ែមវី ទូស្កា (MV Touska) ដែលអាម៉េរិកចោទថាបានដឹកសម្ភារៈផលិតមីស៊ីលទៅឱ្យប្រទេសចិន។ ទោះបីជាទីក្រុងប៉េកាំងបានបដិសេធយ៉ាងដាច់អហង្ការក៏ដោយ ប៉ុន្តែទង្វើនេះ បានបង្ហាញពីការកើនឡើងនៃភាពតានតឹងផ្នែកការទូតដែលពាក់ព័ន្ធនឹងមហាអំណាចផ្សេងមួយទៀត ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Screenshot from VIORY’s video.