អ្នកជំនាញយោធាអ៊ីរ៉ង់ ព្រមានពីលទ្ធភាពនៃការផ្ទុះសង្គ្រាមលោកលើកទី៣ បើសកម្មភាពយោធាអាម៉េរិក នៅតែបន្តដោយគ្មានការគិតពិចារណា
អ៊ីរ៉ង់៖ នៅក្នុងបទសម្ភាសន៍មួយនៅទីក្រុងតេហ៍រ៉ង់ កាលពីថ្ងៃអង្គារ អ្នកជំនាញយោធាអ៊ីរ៉ង់ លោក ហូសេន ខាណានី (Hossein Kanani) បានធ្វើការវាយតម្លៃថា សហរដ្ឋអាម៉េរិកកំពុងស្ថិតក្នុងស្ថានភាពទាល់ច្រក និងមិនអាចស៊ូទ្រាំនឹងសង្គ្រាមរយៈពេលវែងបានឡើយ បើគ្មានជ័យជម្នះភ្លាមៗ។ ដោយសារតែបរាជ័យលើសមរភូមិ អាម៉េរិកត្រូវគេមើលឃើញថា កំពុងងាកមកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ និងសង្គ្រាមចិត្តសាស្ត្រ ដើម្បីដាក់សម្ពាធលើស្មារតីរបស់ប្រជាជនអ៊ីរ៉ង់វិញ ជំនួសឱ្យការប្រើប្រាស់អាវុធ ។
អ្នកជំនាញរូបនេះ បានធ្វើការព្រមានបន្ថែមទៀតដែរ ជុំវិញលទ្ធភាពនៃការផ្ទុះសង្គ្រាមលោកលើកទី៣ ប្រសិនបើសកម្មភាពយោធារបស់សហរដ្ឋអាម៉េរិក នៅតែបន្តកើតមានដោយគ្មានការគិតពិចារណាឱ្យបានច្បាស់លាស់បែបនេះ ។
ចំពោះបញ្ហាច្រកសមុទ្រ ហ័រមូស (Hormuz) អ៊ីរ៉ង់បានបង្ហាញជំហរច្បាស់ៗថានឹងមិនបើកផ្លូវទឹកនេះជាដាច់ខាត ទោះបីជាអាម៉េរិកបានបោះបង់ការទាមទារផ្សេងៗស្ទើរតែទាំងអស់ ហើយសល់តែលក្ខខណ្ឌមួយនេះក៏ដោយ។ អ៊ីរ៉ង់យល់ឃើញថា ខ្លួនមានប្រៀបជាងព្រោះឈរជើងនៅលើដីគោក ខណៈដែលកងទ័ពជើងទឹកអាម៉េរិកកំពុងប្រឈមនឹងគ្រោះថ្នាក់ខ្លាំងនៅលើផ្ទៃទឹក បើទោះបីជាពួកគេមាននាវាផ្ទុកយន្តហោះទំនើបៗក៏ដោយ ។
ភាពមិនច្បាស់លាស់នៃការចូលរួមចរចារបស់អ៊ីរ៉ង់នៅទីក្រុងអ៊ីស្លាម៉ាបាដ កើតចេញពីកង្វះខាតទំនុកចិត្តលើការសន្យារបស់ទីក្រុងវ៉ាស៊ីនតោន។ អ្នកជំនាញអ៊ីរ៉ង់បារម្ភថា ការយល់ព្រមណាមួយ នឹងមិនត្រូវបានគេអនុវត្តតាមដោយស្មោះត្រង់ឡើយ ដែលនាំឱ្យអ៊ីរ៉ង់ស្ទាក់ស្ទើរក្នុងការបញ្ជូនប្រតិភូទៅជួបជាមួយតំណាងរបស់លោក ដូណាល់ ត្រាំ ជាលើកទីពីរ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ VIORY/ (Majid Asgaripour/WANA (West Asia News Agency)/Reuters)