សង្គម

អភិបាលខេត្តកណ្តាល ជំរុញដល់កម្លាំងមានសមត្ថកិច្ច ត្រូវបន្តដាក់ចេញវិធានការរឹតបន្តឹងសុវត្ថិភាពចរាចរណ៍ និងសណ្តាប់ធ្នាប់តាមដងផ្លូវ និងតំបន់សាលារៀន

image


កណ្តាល៖ អភិបាលខេត្តកណ្តាល លោក គួច ចំរើន បានជំរុញដល់កម្លាំងមានសមត្ថកិច្ច ត្រូវបន្តដាក់ចេញវិធានការរឹតបន្តឹងសុវត្ថិភាពចរាចរណ៍ និងសណ្តាប់ធ្នាប់តាមដងផ្លូវ និងតំបន់សាលារៀន ដើម្បីបន្តកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។ ជាមួយនេះ អាជ្ញាធរទាំង១៣ក្រុង-ស្រុក ត្រូវបន្តដាក់ប៉ុស្តិ៍ត្រួតពិនិត្យចរាចរណ៍នៅតាមដងផ្លូវសំខាន់ៗ ក្នុងមូលដ្ឋានរបស់ខ្លួន។
ការណែនាំនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំគណៈអភិបាលខេត្ត ប្រចាំអឌ្ឍមាសទី១ ខែមេសា តាមរយៈប្រព័ន្ធអនឡាញ Zoom។

លោក គួច ចំរើន ក៏បានណែនាំដល់កងកម្លាំងមានសមត្ថកិច្ច ត្រូវដាក់សាជីចរាចរណ៍ នៅតាមដងផ្លូវចេញ-ចូលមុខសាលារៀននានា ដើម្បីការពារសុវត្ថិភាពជូនសិស្សានុសិស្សទាំងពេលចូលរៀន និងពេលត្រឡប់ទៅផ្ទះវិញ។
ពាក់ព័ន្ធនឹងការរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវសាធារណៈ និងការគ្រប់គ្រងការសាងសង់សំណង់គ្រប់ប្រភេទ លោកអភិបាលខេត្ត បានជំរុញដល់អាជ្ញាធរក្រុង-ស្រុកទាំងអស់ ត្រូវបន្តខិតខំរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ ដោយត្រូវរុះរើសំណង់ដែលរំលោភលើដីចំណីផ្លូវ ឬសំយាបផ្ទះដែលប៉ះពាល់ដល់ផ្លូវសាធារណៈ បង្កជាការកកស្ទះ គ្មានសោភ័ណភាព សណ្ដាប់ធ្នាប់ ហើយក៏អាចបង្ករជាគ្រោះថ្នាក់ចរាចរណ៍បានផងដែរ។ ការអនុវត្តនេះ ត្រូវធ្វើឡើងក្នុងស្មារតីទន់ភ្លន់ តែម៉ឺងម៉ាត់ និងមានលទ្ធផលល្អ។

លោកអភិបាលខេត្ត បានកោតសរសើរទៅដល់រដ្ឋបាលស្រុកលើកដែក និងរដ្ឋបាលស្រុកកៀនស្វាយ ដែលបានធ្វើការរាយការណ៍អំពីវឌ្ឍនភាព នៃការរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវក្នុងមូលដ្ឋានរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់ និងទទួលបានលទ្ធផលល្អប្រសើរ។ ដោយឡែកសម្រាប់ក្រុងសំពៅពូន និងក្រុងអរិយក្សត្រ ត្រូវត្រៀមរៀបចំរបាយការណ៍ស្តីពីការរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានច្បាស់លាស់ជូនគណៈអភិបាលខេត្ត ពេលមានកិច្ចប្រជុំខាងមុខនេះ។

លោកអភិបាលខេត្ត បានមានប្រសាសន៍ថា ចំពោះការទប់ស្កាត់សំណង់មិនមានច្បាប់អនុញ្ញាត និងសំណង់មិនរៀបរយ, អាជ្ញាធរក្រុង-ស្រុក ត្រូវចុះពិនិត្យ និងគ្រប់គ្រងការសាងសង់ឱ្យបានហ្មត់ចត់ ដោយត្រូវណែនាំម្ចាស់សំណង់ឱ្យសុំច្បាប់អនុញ្ញាតឱ្យបានត្រឹមត្រូវ និងបន្តធ្វើបច្ចុប្បន្នភាពស្ថិតិសំណង់មិនរៀបរយដើម្បីងាយស្រួលគ្រប់គ្រង ត្រូវធ្វើស្ថិតិគ្រប់គ្រងឱ្យបានច្បាស់លាស់ចំពោះសំណង់ដែលមិនមានច្បាប់អនុញ្ញាត និងសំណង់ដែរមិនរៀបរយ៕

ដោយ៖ ឈុន សុភ័ក្រ