អ្នកឧកញ៉ា គិត ម៉េង ដឹកនាំសមាជិក សមាជិការសភាពាណិជ្ជកម្មកម្ពុជា ចូលរួមកិច្ចសន្ទនាធុរកិច្ចវៀតណាម-កម្ពុជា ឆ្នាំ២០២៦ ដើម្បីជំរុញគោលដៅពាណិជ្ជកម្ម ២០ប៊ីលានដុល្លារ
ភ្នំពេញ៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានដឹកនាំសមាជិក-សមាជិការនៃសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញចូលរួមកិច្ចសន្ទនាធុរកិច្ចវៀតណាម-កម្ពុជា ឆ្នាំ២០២៦ ដើម្បីឈានទៅសម្រេចគោលដៅពាណិជ្ជកម្ម ២០ប៊ីលានដុល្លារ ដែលប្រទេសទាំងពីរបានកំណត់។
កិច្ចសន្ទនានេះ បានធ្វើឡើងនារសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ នៅស្ថានទូតវៀតណាមប្រចាំកម្ពុជា ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ង្វៀន មិញ វូ ឯកអគ្គរដ្ឋទូតនៃសាធារ ណរដ្ឋសង្គមនិយមវៀតណាមប្រចាំកម្ពុជា, ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការនៃគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ឯកឧត្តម ហូ ស៊ីវយ៉ុង ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកសេវាពាណិជ្ជ នៃក្រសួងពាណិជ្ជកម្ម, ឧកញ៉ា ឡេង ឬទ្ធី ប្រធានសមាគមធុរកិច្ចវៀតណាម-កម្ពុជា និងនាយកប្រតិបត្តិក្រុមហ៊ុនជាច្រើនរូបផងដែរ។
អ្នកឧកញ៉ា គិត ម៉េង បានថ្លែងថា កិច្ចសន្ទនានេះកើតឡើងក្នុងបរិបទសំខាន់មួយនៃទំនាក់ទំនងទ្វេភាគី បន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ថ្នាក់ដឹកនាំកំពូលវៀតណាមមកកម្ពុជា កាលពីដើមឆ្នាំ២០២៦ ដែលបានជំរុញការពិភាក្សាលើយន្តការសេដ្ឋកិច្ចថ្មី និងការធ្វើសមាហរណកម្មសេដ្ឋកិច្ចឱ្យកាន់តែស៊ីជម្រៅ រហូតដល់ឆ្នាំ២០៣០។
អ្នកឧកញ៉ា បានបញ្ជាក់ថា សម្រាប់វិស័យឯកជន ភាពច្បាស់លាស់ និងការប៉ាន់ស្មានបាន គឺជាចំណុចសំខាន់ក្នុងការសម្រេចចិត្តវិនិយោគ។ ដូច្នេះ ការកំណត់ទិសដៅយុទ្ធសាស្ត្ររួម បានផ្តល់ជាកម្លាំងរុញច្រានដ៏រឹងមាំសម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ។
អ្នកឧកញ៉ា គិត ម៉េង បានរំលឹកថា កិច្ចសហការរវាងសភាពាណិជ្ជកម្មកម្ពុជា និងសមាគមធុរកិច្ចវៀតណាម-កម្ពុជា បានបង្ហាញលទ្ធផលជាក់ស្តែង តាមរយៈសន្និសីទធុរកិច្ចកម្ពុជា-វៀតណាម ឆ្នាំ២០២៥ នៅទីក្រុងហូជីមិញ ដែលបានរួមចំណែកពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងបើកឱកាសទីផ្សារថ្មីៗសម្រាប់ផលិតផលរបស់ប្រទេសទាំងពីរ។
ទំនាក់ទំនងការទូតកម្ពុជា-វៀតណាម ដែលបានបង្កើតឡើងតាំងពីឆ្នាំ១៩៦៧ បានអភិវឌ្ឍពីអ្នកជិតខាងទៅជាដៃគូដែលមិនអាចខ្វះបាន។ បច្ចុប្បន្ន វៀតណាម គឺជាដៃគូពាណិជ្ជកម្មចម្បងមួយរបស់កម្ពុជាក្នុងអាស៊ាន និងជាដៃគូធំបំផុតមួយនៅលើពិភពលោក។
តាមទិន្នន័យឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មទ្វេភាគី សម្រេចបាន ១១,៣៣ប៊ីលានដុល្លារ ខណៈត្រីមាសទី១ ឆ្នាំ២០២៦ សម្រេចបាន ៣,៤៤ប៊ីលានដុល្លារ កើនឡើង ៤,៣% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន ដែលបង្ហាញពីភាពធន់នៃសេដ្ឋកិច្ច និងសក្តានុពលកំណើនពាណិជ្ជកម្ម។
កំណើននេះ ត្រូវបានគាំទ្រដោយកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី និងការកែលម្អប្រព័ន្ធភស្តុភារកម្ម និងតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ។ ប្រទេសទាំងពីរ កំពុងជំរុញការតភ្ជាប់ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត និងហូជីមិញ-ម៉ុកបៃ ព្រមទាំងលើកកម្ពស់ច្រកព្រំដែនសំខាន់ៗឱ្យក្លាយជាច្រកអន្តរជាតិ ដើម្បីសម្រួលពាណិជ្ជកម្ម និងដឹកជញ្ជូនឆ្លងកាត់ព្រំដែន។
អ្នកឧកញ៉ា គិត ម៉េង ក៏បានលើកឡើងថា កម្ពុជា កំពុងផ្លាស់ប្តូរពីអ្នកនាំចេញវត្ថុធាតុដើម ទៅជាដៃគូឧស្សាហកម្ម ដែលអាចផ្គត់ផ្គង់ផលិតផលកសិកម្មមានគុណភាពខ្ពស់ ដូចជា កៅស៊ូ និងស្វាយចន្ទី ដើម្បីគាំទ្រខ្សែច្រវាក់តម្លៃក្នុងតំបន់។
ក្នុងឱកាសនេះ អ្នកឧកញ៉ា ក៏បានអំពាវនាវឱ្យរដ្ឋាភិបាលប្រទេសទាំងពីរ បន្តបើក និងអភិវឌ្ឍច្រកព្រំដែនទៅជាច្រកអន្តរជាតិ ព្រមទាំងសម្រួលនីតិវិធីឆ្លងកាត់ ដើម្បីជំរុញពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍។
ជាមួយគ្នានេះ អ្នកឧកញ៉ា គិត ម៉េង ក៏បានបង្ហាញឱកាសធុរកិច្ចនៅកម្ពុជា ជូនដៃគូវៀតណាមថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រទេសជាតិកំពុងឆ្លងកាត់ការផ្លាស់ប្តូររចនាសម្ព័ន្ធយ៉ាងស៊ីជម្រៅ ជាមួយចក្ខុវិស័យប្រែក្លាយប្រទេសកម្ពុជា ទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០៕
អត្ថបទ៖ ចេង ឆហួត រូបភាព៖ លឹម មុនី និងអ៊ុន ផាន់ណាត