ព័ត៌មានអន្តរជាតិ

ប៉េរូ សាកល្បងប្រើប្រាស់រុក្ខជាតិក្នុងតំបន់ ដើម្បីចម្រោះសារធាតុពុល ជាដំណោះស្រាយលើបញ្ហាបំពុលទឹកដ៏ធ្ងន់ធ្ងរ

image

ប៉េរូ៖ អាជ្ញាធរគ្រប់គ្រងបឹងទីទីកាកា (Titicaca) ហៅកាត់ថា ALT ក្រោមកិច្ចសហការជាមួយគម្រោងនៃកិច្ចការពារជីវចម្រុះ និងទប់ទល់បម្រែបម្រួលអាកាសធាតុ (Living Lakes: Biodiversity and Climate) ដែលទទួលបានថវិកាពីគំនិតផ្ដួចផ្ដើមអាកាសធាតុអន្តរជាតិអាល្លឺម៉ង់ (IKI) បានចាប់ផ្ដើមអនុវត្តបច្ចេកវិទ្យាចម្រោះទឹកបែបធម្មជាតិ ដោយប្រើប្រាស់រុក្ខជាតិឈ្មោះ តូតូរ៉ា (Totora) ជាប្រភេទរុក្ខជាតិអណ្ដែតទឹកក្នុងតំបន់ ដើម្បីដោះស្រាយបញ្ហាបំពុលទឹកដ៏ធ្ងន់ធ្ងរនៅក្នុងឈូងសមុទ្រពូណូ (Puno) ប្រទេសប៉េរូ។ វិធីសាស្រ្តនេះ ត្រូវគេចាត់ទុកថាជា «ដំណោះស្រាយតាមបែបធម្មជាតិ» ដែលមានតម្លៃទាប និងមិនប៉ះពាល់ដល់បរិស្ថាន ។

លោក ប្រាតហ្សូ ក្លោរ ហ្គាសៀ (Bratzo Klauer Garcia) រដ្ឋបាលសម្របសម្រួលគម្រោងនេះ បានរៀបរាប់ថា បច្ចេកទេសនេះ ប្រើប្រាស់រុក្ខជាតិតូតូរ៉ា (Totora) ដាក់លើរចនាសម្ព័ន្ធអណ្តែតទឹក ដើម្បីឱ្យឫសរបស់វាអាចស្រូបយកជាតិពុលផ្ទាល់ពីក្នុងទឹកបឹង។ វិធីសាស្ត្រធម្មជាតិនេះ ជួយកម្ចាត់សារធាតុគីមីគ្រោះថ្នាក់ ដូចជា សារធាតុអាសូត ផូស្វ័រ និងលោហៈប្រភេទបំពុលកម្រិតខ្លាំង ដែលបង្កឡើងដោយសកម្មភាពមនុស្ស និងឧស្សាហកម្មនៅជុំវិញបឹង ។

ក្រុមអ្នកវិទ្យាសាស្ត្រ កំពុងសិក្សាយ៉ាងដិតដល់ទៅលើសមត្ថភាពរបស់រុក្ខជាតិ តូតូរ៉ា (Totora) ក្នុងការបន្សុទ្ធសារធាតុអាសូត និងផូស្វ័រ ដែលជាភ្នាក់ងារចម្បងធ្វើឱ្យខូចគុណភាពទឹក។ លទ្ធផលពីការសាកល្បងនេះ នឹងក្លាយជាទិន្នន័យដ៏សំខាន់បំផុតមួយ ដើម្បីសម្រេចថា តើគួរពង្រីកការប្រើប្រាស់ប្រព័ន្ធនេះឱ្យកាន់តែធំនៅទូទាំងបឹងទាំងមូលដែរឬយ៉ាងណា ។

ទោះបីជាស្ថិតក្នុងដំណាក់កាលសាកល្បងក៏ដោយ ប៉ុន្តែគម្រោងនេះ បានផ្ដល់នូវក្ដីសង្ឃឹមថ្មីមួយក្នុងការស្ដារប្រព័ន្ធអេកូឡូស៊ីបឹង ទីទីកាកា (Titicaca) ឡើងវិញ។ ប្រសិនបើជោគជ័យ វានឹងក្លាយជាគំរូដ៏ល្អសម្រាប់បណ្ដាប្រទេសផ្សេងៗទៀត ក្នុងការប្រើប្រាស់រុក្ខជាតិក្នុងតំបន់ ដើម្បីដោះស្រាយវិបត្តិបរិស្ថានដោយមិនចាំបាច់ប្រើប្រាស់សារធាតុគីមីបន្ថែមឡើយ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Screenshot from VIORY’s video.