ព័ត៌មានអន្តរជាតិ

ជើងហោះហើរត្រង់ ប៉េកាំង-ដេលី ចាប់ផ្ដើមដំណើរការឡើងវិញ ក្រោយផ្អាកអស់រយៈពេល ៦ឆ្នាំ

image

ឥណ្ឌា-ចិន៖ ទំនាក់ទំនងរវាងឥណ្ឌា និងចិន បានឈានដល់ចំណុចរបត់វិជ្ជមានថ្មីមួយ តាមរយៈការបើកឱ្យដំណើរការឡើងវិញនូវជើងហោះហើរត្រង់រវាងទីក្រុងប៉េកាំង និងទីក្រុងញូវដេល្លី កាលពីថ្ងៃអង្គារ បន្ទាប់ពីបានកាត់ផ្ដាច់អស់រយៈពេលជិត ៦ ឆ្នាំ។ជើងហោះហើរនេះ មិនត្រឹមតែជាការតភ្ជាប់ផ្លូវអាកាសប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជានិមិត្តរូបនៃការស្ដារឡើងវិញនូវទំនាក់ទំនងការទូត និងសេដ្ឋកិច្ចរវាងមហាអំណាចទាំងពីរថែមទៀតផង ។

អ្នកដំណើរ ជាពិសេសអ្នកជំនួញ បានបង្ហាញការពេញចិត្តយ៉ាងខ្លាំងចំពោះការសម្រេចចិត្តនេះ ព្រោះវាជួយសន្សំសំចៃពេលវេលា និងថវិកាបានច្រើន។ កន្លងមក ការធ្វើដំណើររវាងប្រទេសទាំងពីរតម្រូវឱ្យអ្នកដំណើរត្រូវប្ដូរយន្តហោះនៅប្រទេស ឬតំបន់ទីបីជាមុនសិន មុនពេលទៅដល់គោលដៅក្នុងប្រទេសចិន ដែលការណ៍នេះ ពិតជាបង្កការលំបាក និងភាពស្មុគស្មាញយ៉ាងខ្លាំងដល់ការធ្វើដំណើរ ។

ក្រៅពីជើងហោះហើររវាងទីក្រុង ប៉េកាំង-ដេលី ក្រុមហ៊ុនអាកាសចរណ៍ធំៗមកពីប្រទេសទាំងពីរ ក៏បានចាប់ផ្តើមបើកផ្លូវហោះហើរតភ្ជាប់ទីក្រុងសំខាន់ៗផ្សេងទៀតឡើងវិញផងដែរ ដូចជា សៀងហៃ ក្វាងចូវ និងកុលកាតា។ សកម្មភាពនេះ សបញ្ជាក់ឱ្យឃើញថា វិស័យអាកាសចរណ៍កំពុងត្រឡប់មកមានភាពរស់រវើកឡើងវិញ ដែលជាកម្លាំងចលករជួយជំរុញដល់វិស័យទេសចរណ៍ និងពាណិជ្ជកម្មឆ្លងដែន ។

ភាពប្រសើរឡើងនៃវិស័យអាកាសចរណ៍នេះ កើតឡើងស្របពេលដែលឥណ្ឌាចាប់ផ្ដើមបន្ធូរបន្ថយគោលនយោបាយរឹតត្បិតលើការវិនិយោគពីចិន លើផ្នែកបច្ចេកវិទ្យា និងថាមពលស្អាត។ ទោះបីជាធ្លាប់មានវិវាទព្រំដែនយ៉ាងតានតឹងកាលពីឆ្នាំ ២០២០ រួមទាំងការផ្អាកដោយសារតែការរឹតត្បិតនៃជំងឺកូវីដ-១៩ ក៏ដោយ ប៉ុន្តែជំហានថ្មីៗនេះ បង្ហាញថា ប្រទេសទាំងពីរកំពុងព្យាយាមប្រើប្រាស់មធ្យោបាយការទូត និងសេដ្ឋកិច្ចដើម្បីកាត់បន្ថយជម្លោះ និងស្វែងរកផលប្រយោជន៍រួមក្នុងតំបន់ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Screenshot from VIORY’s video.