សេដ្ឋកិច្ច

កូរ៉េ ចង់ស្វែងយល់ពីកិច្ចសហប្រតិបត្តិការលើគម្រោងលើកកម្ពស់ខ្សែច្រវាក់តម្លៃកសិកម្ម តាមរយៈការកែច្នៃនិងការនាំចេញគ្រាប់ស្វាយចន្ទីនៅកម្ពុជា ដែលគ្រោងអនុវត្តនៅក្នុងឆ្នាំនេះ

image

ភ្នំពេញ៖ ប្រធានសមាគមអភិវឌ្ឍន៍ធនធានកសិ-ឧស្សាហកម្មកូរ៉េ ទទួលបន្ទុកក្រៅប្រទេស (KOAA) ចង់ស្វែងយល់ពីកិច្ចសហប្រតិបត្តិការលើគម្រោងលើកកម្ពស់ខ្សែច្រវាក់តម្លៃកសិកម្ម តាមរយៈការកែច្នៃ និងការនាំចេញគ្រាប់ស្វាយចន្ទីនៅកម្ពុជា ដែលគ្រោងអនុវត្តនៅខេត្តកំពង់ធំនៅក្នុងឆ្នាំនេះ និងពិភាក្សាពីការសហប្រតិបត្តិការរវាងក្រុមហ៊ុនកូរ៉េ ដែលកំពុងប្រតិបត្តិការលើវិស័យកសិកម្មនៅកម្ពុជា ជាមួយក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ។

នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ បានអនុញ្ញាតឲ្យលោក Sang-mu Lee, ប្រធានសមាគមអភិវឌ្ឍន៍ធនធានកសិ-ឧស្សាហកម្មកូរ៉េ ទទួលបន្ទុកក្រៅប្រទេស (KOAA) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ជាការឆ្លើយតប លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានមានប្រសាសន៍ថា ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ គឺសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជាលើការសម្របសម្រួល និងអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្រនានា ទាក់ទងនឹងវិស័យកសិកម្ម និងអភិវឌ្ឍន៍ជនបទ សន្តិសុខស្បៀង និងអាហារូបត្ថម្ភ និងប្រព័ន្ធស្បៀងនៅកម្ពុជា។ ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានដាក់ចេញនូវយុទ្ធសាស្ត្រជាតិស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភលើកទី ៣ឆ្នាំ ២០២៤-២០២៨ និងផែនទីបង្ហាញផ្លូវស្តីពីប្រព័ន្ធស្បៀងលើកទី២ ឆ្នាំ ២០២៥-២០៣០ ដែលមានចក្ខុវិស័យ ដើម្បីធានាថាប្រជាជនកម្ពុជាគ្រប់រូបនឹងទទួលបានអាហារគ្រប់គ្រាន់ មានសុវត្ថិភាព និងប្រកបដោយអាហារូបត្ថម្ភ ក្នុងពេលជាមួយគ្នានេះ ទប់ស្កាត់ការកើនឡើងនៃបញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់។

លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ក៏បានមានប្រសាសន៍ថា ដំណាំស្វាយចន្ទីគឺជាដំណាំដ៏សំខាន់មួយដែលរាជរដ្ធាភិបាលកម្ពុជាបានផ្តល់អាទិភាពខ្ពស់ ដើម្បីធ្វើពិពិធកម្មសេដ្ឋកិច្ចកសិកម្មនៅក្នុងប្រទេសកម្ពុជា ស្របតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ធាភិបាលនីតិកាលទី៧នៃរដ្ធសភា។ លោកបណ្ឌិតសភាចារ្យទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះការចាប់អារម្មណ៍របស់លោក Sang-mu Lee លើការងារពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងវិស័យកសិកម្មរវាងសាធារណរដ្ឋកូរ៉េ និងព្រះរាជាណាចក្រកម្ពុជា។

លោកបណ្ឌិតសភាចារ្យ ក៏បានជម្រាបជូនភាគីកូរ៉េថា គម្រោងលើកកម្ពស់ខ្សែច្រវាក់តម្លៃកសិកម្ម តាមរយៈការកែច្នៃ និងការនាំចេញគ្រាប់ស្វាយចន្ទីនៅកម្ពុជា មានគោលបំណង កសាងសមត្ថភាពសហគមន៏កសិកម្មទំនើប តាមរយៈការផ្តល់ការបណ្តុះបណ្តាលដល់សហគមន៏កសិកម្មពីបច្ចេកទេសក្រោយពេលប្រមុលផល ការសម្ងួត ការរក្សាទុក ការកែច្នៃ និងការរកទីផ្សារសម្រាប់នាំចេញគ្រាប់ស្វាយចន្ទី។

លើសពីនេះ លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន សង្កត់ធ្ងន់ថា គម្រោងនឹងសាងសង់រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី ដែលអាចកែច្នៃគ្រាប់ស្វាយចន្ទីបាន ២០តោនក្នុងមួយថ្ងៃ ដែលមានទឹកប្រាក់ជាង ៥លានដុល្លា ដែលគ្រោងអនុវត្តរយៈពេល ៤ឆ្នាំ នៅខេត្តកំពង់ធំ ចាប់ពីខែកញ្ញា ឆ្នាំ២០២៦ ដល់ដាច់ឆ្នាំ២០២៩។

ជាមួយគ្នានេះ បណ្ឌិតសភាចារ្យ ក៏បានថ្លែងអំណរគុណដល់រដ្ធាភិបាលនៃសាធារណរដ្ឋកូរ៉េ ដែលតែងតែយកចិត្តទុកដាក់ជួយរាជរដ្ធាភិបាលកម្ពុជាកន្លងមក ពិសេសលើវិស័យកសិកម្ម តាមរយៈការលើកកម្ពស់ផលិតកម្មបន្លែ និងការកែច្នៃស្រូវអង្ករ ។

ក្នុងឱកាសនោះដែរ លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ក៏បានស្នើដល់អង្គការ KOAA ឱ្យជួយលើការរៀបចំគម្រោងផលិតជីសរីរាង្គ ដោយបង្កើតរោងចក្រផលិតជីនៅក្នុងប្រទេសកម្ពុជា ខណៈដែលប្រទេសកូរ៉េត្រូវបានចាត់ទុកថា ជាប្រទេសឈានមុខគេលើបច្ចេកវិទ្យាជីសរីរាង្គ ជាពិសេសក្នុងការអភិវឌ្ឍន៍ផលិតផលសរីរាង្គកម្រិតខ្ពស់ និងប្រព័ន្ធគ្រប់គ្រងកាកសំណល់ប្រកបដោយនិរន្តរភាព។

លើសពីនេះ លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ក៏បានស្នើដល់អង្គការ KOAA ជួយលើគម្រោងផ្តល់គ្រឿងយន្តកសិកម្មខ្នាតតូច ដែលមានតម្លៃសមរម្យ ដើម្បីធ្វើទំនើបកម្មកសិកម្មនិងជួយដល់កសិករ ដែលកំពុងខ្វះកម្លាំងពលកម្មនៅតាមជនបទ ជាពិសេសផ្តល់ម៉ាស៊ីនបូមទឹក ម៉ាស៊ីនច្រូតកាត់ និងត្រាក់ទ័រ។ លោកបណ្ឌិតសភាចារ្យបានលើកទឹកចិត្តដល់អង្គការ KOAA ឱ្យស្វែងរកឱកាសបន្ថែមទៀត ក្នុងការវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា៕

អត្ថបទ៖ ចេង ឆហួត