មន្រ្តីជំនាញក្រសួងបរិស្ថាន បន្តចុះត្រួតពិនិត្យរកប្រភពបំពុលចេញពីរោងចក្រដំណាប់ស្វាយ២កន្លែង សង្ស័យបានបញ្ចេញសំណល់រាវមិនបានសម្អាតត្រឹមត្រូវ នៅខេត្តបាត់ដំបង
បាត់ដំបង៖ ក្រុមមន្ត្រីជំនាញបានរកឃើញថា ករណីបំពុលចេញពីរោងចក្រដំណាប់ស្វាយ២កន្លែង នៅអូរត្រែត្រែង ក្នុងឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង អាចបណ្តាលមកពីការបញ្ចេញសំណល់រាវ មិនបានធ្វើប្រព្រឹត្តកម្មសម្អាត ត្រឹមត្រូវរបស់រោងចក្រផលិតដំណាប់ស្វាយមួយកន្លែង ឈ្មោះ បៃស៊ីង សេង ដែលស្ថិតនៅជាប់នឹងដងអូរត្រែង និងស្ថិតនៅចំណុចខ្សែទឹកខាងលើទីតាំង ដែលមានត្រីងាប់ ចម្ងាយ ២គីឡូម៉ែត្រ (2km)។ នៅទីនេះ ក្រុមការងារបានពិនិត្យឃើញថា រោងចក្រមានប្រព័ន្ធលូ ដែលអាចធ្វើការបង្ហូរសំណល់រាវចេញពីទីតាំងផលិតកម្ម ចូលអូរត្រែងដោយផ្ទាល់ (ស្ថិតនៅចំណុចខាងកើតផ្នែកខាងជើងនៃទីតាំងរោងចក្រ)។
ទោះបីជាតំណាងរោងចក្របានឆ្លើយបដិសេធថា រោងចក្រពុំបានបង្ហូរសំណល់រាវចូលអូរត្រែងនោះឡើយ ដោយសំណល់រាវទាំងអស់បានបង្ហូរចូលអាងស្តុក រួចបូមដឹកទៅចាក់នៅស្រះស្តុក ស្ថិតនៅឯជើងភ្នំ ស្ថិតនៅទល់មុខរោងចក្រ ដែលមានចម្ងាយប្រហែល ៣គីឡូម៉ែត្រក៏ដោយ តែការអនុវត្តនេះគឺខុសពីបទដ្ឋានបច្ចេកទេស ក៏ដូចជាបទដ្ឋានច្បាប់ជាធរមាន។
មន្រ្តីជំនាញក្រសួងបរិស្ថាន បានចាត់វិធានការបន្ទាន់ និងចំពោះមុខដោយតម្រូវឱ្យ ដោយឱ្យរោងចក្រត្រូវបញ្ឈប់ការបង្ហូរសំណល់រាវចេញទីតាំងរោងចក្រជាបន្ទាន់ ទោះក្នុងរូបភាពណាក៏ដោយ, រោងចក្រត្រូវធ្វើការបិទលូបង្ហូរទឹក (សំណល់រាវ ទឹកភ្លៀង) ទាំងអស់ កុំឲ្យមានទឹកហូរចេញពីទីតាំងរោចក្រចូលទៅក្នុងអូរត្រែង ចាប់ពីពេលនេះតទៅ, រោងចក្រត្រូវពន្លឿនសាងសង់អាងប្រព្រឹត្តិកម្មសំណល់រាវ ឲ្យបានឆាប់រួចរាល់ (បច្ចុប្បន្ន អាងសាងសង់រួចរាល់ប្រហែល 50%), ក្រសួងបរិស្ថាន និងចាត់វិធានការច្បាប់តឹងរឹងបន្ថែមទៀត នៅករណីមិនអនុវត្តតាម ឬរកឃើញការបំពុលចេញពីរោងចក្រនេះបន្ថែម ដែលតម្រូវឱ្យផ្អាកអាជីវកម្មជាបណ្តោះអាសន្ន និងក្រុមហ៊ុនត្រូវទទួលរងពិន័យអន្តរការណ៍ករណីមិនរាងចាល និងត្រូវផ្តល់សំណងខូចខាតបរិស្ថាន តាមការវាយតម្លៃជាក់ស្តែងរបស់មន្ត្រីជំនាញ។
សូមបញ្ជាក់ថា ក្រុមមន្ត្រីជំនាញបានបន្តការងារចុះពិនិត្យករណីត្រីងាប់ក្នុងព្រែកត្រែងនេះបន្តទៀត នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ នៅទីតាំងចាក់សំណល់រឹង (សំបកនិងគ្រាប់ស្វាយ) និងសំណល់រាវ (ទឹកស្ករ) របស់រោងចក្រ បៃស៊ីង សេង ស្ថិតនៅឯតំបន់ជើងភ្នំ ដែលតំណាងរោងចក្របានអះអាងថា សំណល់រឹង រាវ ទាំងអស់ ត្រូវបានដឹកទៅចាក់ទុកនៅទីនោះ។ បន្ទាប់មកនឹងបន្តទៅពិនិត្យនៅទីតាំងរោងចក្រផលិតដំណាប់ស្វាយ យូភីនហ្វាម មួយទៀត ដែលស្ថិតនៅក្បែរទីតាំងរោងចក្រ បៃស៊ីង សេង (ស្ថិតនៅផ្នែកខ្សែទឹកខាងក្រោមនៃរោងចក្រ បៃស៊ីង សេង)៕