សម្តេចបវរធិបតី ៖ កម្ពុជា គឺជាប្រទេសដំបូងគេក្នុងចំណោមប្រទេសស្ថិតនៅមហាអនុតំបន់ទន្លេមេគង្គ ដែលសម្រេចបានគោលដៅផែនការយុទ្ធសាស្ត្រជាតិលុបបំបាត់ជំងឺគ្រុនចាញ់តាមផែនការ
អត្ថបទ៖ ហ៊ន សុភ័ក្រ
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា "ព្រះរាជាណាចក្រកម្ពុជា គឺជាប្រទេសដំបូងគេនៅក្នុងចំណោមប្រទេសស្ថិតនៅមហាអនុតំបន់ទន្លេមេគង្គ ដែលសម្រេចបាននូវគោលដៅផែនការយុទ្ធសាស្ត្រជាតិលុបបំបាត់ជំងឺគ្រុនចាញ់តាមផែនការ។ សមិទ្ធផលដ៏ ត្រចះត្រចង់នេះ ពិតជាគំរូមេរៀនដ៏ល្អមួយនៃជំហានដំបូងរបស់ផែនការយុទ្ធសាស្ត្រជាតិ ជាត្រីវិស័យច្បាស់លាស់ ត្រឹមត្រូវ ដែលយើងត្រូវបន្តដំណើរដ៏វែងឆ្ងាយទៀតប្រកបដោយស្ថិរភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព សមធម៌ និង បរិយាបន្ន ក្នុងបរិបទបច្ចេកវិទ្យាឌីជីថល ក្រោមឥរិយាបថទទួលខុសត្រូវខ្ពស់ក្នុងឆន្ទៈប្តេជ្ញារួមគ្នាបង្ការ ទប់ស្កាត់ និង ធានាថាជំងឺគ្រុនចាញ់នឹងមិនកើតមានក្នុងប្រទេសកម្ពុជាឡើងវិញ គិតចាប់ពីឆ្នាំ២០២៦-២០៣៥ ព្រមទាំងបង្ការ ទប់ស្កាត់ទាន់ពេលវេលានៃការរីករាលដាលជំងឺគ្រុនចាញ់នាំចូលពីបណ្តាប្រទេសផ្សេងទៀត ដែលនៅមានជំងឺ គ្រុនចាញ់នៅឡើយ"។ នេះជាការលើកឡើងរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា តាមរយៈសារលិខិតក្នុងឱកាសប្រារព្ធទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ក្រោមប្រធានបទ “ប្តេជ្ញាបញ្ចប់ជំងឺគ្រុនចាញ់៖ ឥឡូវនេះ យើងអាចធ្វើបាន និងយើងត្រូវតែធ្វើ”ដែលប្រារព្ធធ្វើនៅថ្ងៃទី២៥ ខែមេសា និងបានចេញផ្សាយនាថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០២៦នេះ។
តាមរយៈសារលិខិត សម្តេចបវរធិបតី បានបញ្ជាក់ថា "ប្រធានបទនៃទិវាគ្រុនចាញ់ពិភពលោក និងទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ និងសមិទ្ធផលដែលព្រះរាជាណាចក្រកម្ពុជាសម្រេចបាននាពេលនេះ ពិតជាបានឆ្លុះបញ្ចាំង និងបង្ហាញឱ្យឃើញ យ៉ាងច្បាស់ថា ការលុបបំបាត់ជំងឺគ្រុនចាញ់ គឺយើងពិតជាអាចធ្វើបាន និងត្រូវតែធ្វើទាំងអស់គ្នា ទាំងបុគ្គល គ្រួសារ និងសហគមន៍នៅគ្រប់កម្រិត ព្រមទាំងការសហការពីគ្រប់ភាគី ទាំងកម្រិតជាតិនិងអន្តរជាតិ។ ទន្ទឹមនេះ តួនាទីចម្បង របស់យើងទាំងអស់គ្នា គឺត្រូវតែការពារខ្លួនយើងកុំឱ្យសត្វមូសខាំ និងរួសរាន់ស្វែងរកសេវាពិនិត្យពិគ្រោះសុខភាពដែល នៅជិតបំផុត បើសង្ស័យថាអាចទទួលការចម្លងជំងឺគ្រុនចាញ់បន្ទាប់ពីបានស្នាក់នៅក្នុងភូមិសាស្ត្រមានការចម្លងជំងឺ គ្រុនចាញ់។ ការបញ្ចប់ជំងឺគ្រុនចាញ់ ត្រូវតែជាគោលដៅរួមគ្នាតែមួយ សម្រាប់បង្ការខ្លួនយើងគ្រប់ៗរូប បង្ការគ្រួសារ គ្រប់ៗគ្នា និងបង្កើនជីវភាពគ្រួសារនិងសេដ្ឋកិច្ចសង្គម"៕