កម្ពុជា-ចិន ពេញចិត្តយ៉ាងខ្លាំង ចំពោះភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលបន្តវិវត្តទៅមុខ ដោយភាពច្បាស់លាស់ មានទិសដៅ និងប្រកបដោយមហិច្ឆតា
ភ្នំពេញ៖ កម្ពុជា និងចិន បានកត់សម្គាល់ដោយការពេញចិត្តយ៉ាងខ្លាំងថា ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ បានបន្តវិវត្តទៅមុខដោយភាពច្បាស់លាស់ មានទិសដៅ និងប្រកបដោយមហិច្ឆតា ដែលបង្ហាញពីភាពធន់ និងភាពចាស់ទុំកាន់តែខ្លាំងឡើង និងបានបញ្ជាក់សាជាថ្មីនូវ «មិត្តភាពដែកថែប» ដ៏រឹងមាំ រវាងកម្ពុជា និងចិន ដោយផ្អែកលើមូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមក ការជឿទុកចិត្ត និងការគាំទ្រឥតងាករេចំពោះផលប្រយោជន៍ស្នូលរបស់គ្នាទៅវិញទៅមក។
ក្នុងន័យនេះ កម្ពុជាគាំទ្រយ៉ាងមុតមាំចំពោះ គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ ក៏ដូចជាគំនិតផ្តួចផ្តើមសកលទាំងបួន ដែលបានដាក់ចេញ ប្រធានាធិបតី ស៊ី ជីនពីង ស្តីពីការអភិវឌ្ឍ សន្តិសុខ អរិយធម៌និងអភិបាលកិច្ច។
នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្តីពីលទ្ធផលនៃកិច្ចសន្ទនាយុទ្ធសាស្ត្រ ២+២ លើកទីមួយ រវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ នារាជធានីភ្នំពេញ។
កិច្ចសន្ទនានេះត្រូវបានដឹកនាំខាងកម្ពុជាដោយលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ឯខាងភាគីចិនគឺដោយ លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេស និង លោក តុង ជុន រដ្ឋមន្ត្រីក្រសួងការពារជាតិ ។
កិច្ចសន្ទនាលើកដំបូងនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៃទំនាក់ទំនងកម្ពុជា-ចិន ដែលឆ្លុះបញ្ចាំង ឱ្យឃើញពីការប្តេជ្ញាចិត្តរួមរបស់ភាគីទាំងពីរ ក្នុងការពង្រឹងកិច្ចសម្របសម្រួលជាយុទ្ធសាស្ត្រ និងជំរុញការ កសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី។
ភាគីទាំងពីរបានឯកភាពគ្នាថា យន្តការ «២+២» នេះ នឹងដើរតួនាទីជាវេទិកាដ៏សំខាន់មួយ ក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងជាយុទ្ធសាស្ត្រ បង្កើនការសម្របសម្រួលគោលនយោបាយ និងរួមគ្នា ឆ្លើយតប ចំពោះបញ្ហាប្រឈមដែលកំពុងកើតមានឡើង ទាំងក្នុងប្រទេសរៀងៗខ្លួន ទាំងក្នុងតំបន់និងសកលលោក។ ភាគីទាំងពីរក៏បានឯកភាពដំឡើងកិច្ចសន្ទនា ២+២ ទៅជា ៣+៣ ដោយមានការចូលរួមពីក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសន្តិសុខសាធារណៈ នៃសាធារណៈរដ្ឋប្រជាមានិតចិន ដើម្បីឆ្លើយតបនឹងការកើនឡើងនៃកិច្ចសហប្រតិបត្តិការទ្វេភាគី និងការវិវត្តនៃសភាពការណ៍តំបន់និងអន្តរជាតិ។
សម្រាប់ពេលអនាគត កម្ពុជា និងចិនបានឯកភាពគ្នាធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការជាក់ស្តែង ទាំងក្នុងវិស័យជាប្រពៃណី និងវិស័យថ្មីៗដែលមានសក្តានុពល រួមមាន បរិវត្តកម្មឌីជីថល ការអភិវឌ្ឍបៃតង សេដ្ឋកិច្ចពណ៌ខៀវ ការតភ្ជាប់ ខ្សែច្រវាក់ផ្គត់ផ្គង់ដែលមានភាពធន់ កិច្ចសហ ប្រតិបត្តិការហិរញ្ញវត្ថុ និងការផ្លាស់ប្តូរប្រជាជន និងប្រជាជន៕
អត្ថបទ៖ សន ពិសិដ្ឋ រូបភាព៖ ប៉ក់ សុឃីម