អ៊ីស្រាអ៊ែល ស្នើសុំឱ្យមានកិច្ចសហការគ្នាជាមួយប្រទេសលីបង់ ដើម្បីកម្ចាត់ក្រុមហេសបូឡាហ៍
អ៊ីស្រាអ៊ែល៖ រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអ៊ែល លោក ហ្គីឌៀន សារ (Gideon Sa'ar) បានផ្ញើសារមួយទៅកាន់ប្រទេសលីបង់ ដោយស្នើសុំឱ្យមានកិច្ចសហការគ្នារវាងប្រទេសទាំងពីរ ដើម្បីកម្ចាត់ក្រុមហេសបូឡាហ៍។ អ៊ីស្រាអ៊ែលចាត់ទុកក្រុមប្រដាប់អាវុធមួយនេះថា ជាសត្រូវរួមដែលកំពុងរំលោភបំពានអធិបតេយ្យភាពរបស់លីបង់ និងគំរាមកំហែងដល់សន្តិសុខរបស់អ៊ីស្រាអ៊ែល ។
លោក ហ្គីឌៀន សារ បានរិះគន់យ៉ាងខ្លាំងលើឥទ្ធិពលរបស់អ៊ីរ៉ង់ក្នុងតំបន់ ដោយចាត់ទុកថាអ៊ីរ៉ង់កំពុងប្រើប្រាស់ក្រុមហេសបូឡាហ៍ ដើម្បីគ្រប់គ្រងលីបង់ និងប្រើប្រាស់ភេរវកម្មលើផ្នែកសេដ្ឋកិច្ច ដើម្បីរំខានដល់ការធ្វើពាណិជ្ជកម្មតាមសមុទ្រ។ លោកជឿជាក់ថា សកម្មភាពយោធារបស់អ៊ីស្រាអ៊ែល គឺជាការជួយដល់ស្ថិរភាពពិភពលោក បើទោះជាមានការរិះគន់ពីអន្តរជាតិក៏ដោយ ។
ទន្ទឹមនឹងការអំពាវនាវឱ្យមានសម្ព័ន្ធមិត្តថ្មី ប្រធានាធិបតីអ៊ីស្រាអ៊ែល លោក អ៊ីសាក់ ហ័រហ្សុក (Isaac Herzog) ក៏បានជំរុញឱ្យប្រទេសក្នុងតំបន់ រួមគ្នាបង្កើត «សម្ព័ន្ធមិត្តនៃក្តីសង្ឃឹម» ដើម្បីប្រឆាំងនឹងក្រុមជ្រុលនិយម។ នេះគឺជាយុទ្ធសាស្ត្រពង្រីកមិត្តភាពតាមរយៈកិច្ចព្រមព្រៀងអាប្រាហាម ដើម្បីដោះស្រាយបញ្ហាជម្លោះដ៏រ៉ាំរ៉ៃនៅមជ្ឈិមបូព៌ា ។
ស្ថានភាពបច្ចុប្បន្ន កំពុងស្ថិតក្នុងដំណាក់កាលសំខាន់ ខណៈដែលបទឈប់បាញ់បណ្ដោះអាសន្នកំពុងដំណើរការ។ ការចរចាជុំទីពីរដែលនឹងប្រព្រឹត្តទៅនៅទីក្រុងវ៉ាស៊ីនតោន គឺជាសញ្ញាវិជ្ជមានលើកដំបូងក្នុងរយៈពេលជាច្រើនទសវត្សរ៍ ដែលអាចជួយដោះស្រាយវិបត្តិមនុស្សធម៌នៅលីបង់ និងបញ្ឈប់ការបង្ហូរឈាមរវាងភាគីទាំងពីរ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Screenshot from VIORY's video.