សង្គម

សម្ដេតេជោ ហ៊ុន សែន៖ កិច្ចសន្ទនាយុទ្ធសាស្ត្រ ២+២ បានបញ្ជាក់ពីទំនាក់ទំនងមិត្ដភាពទ្វេភាគីដ៏រឹងមាំរវាងកម្ពុជា និងចិន

image


ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន រីករាយចំពោះលទ្ធផលនៃកិច្ចសន្ទនាយុទ្ធសាស្ត្រ២+២ រដ្ឋមន្ត្រីការបរទេស រដ្ឋមន្ត្រីការពារជាតិ កម្ពុជា-ចិន ដែលបានធ្វើនៅក្នុងប្រទេសកម្ពុជា ហើយសង្ឃឹមថា ទំនាក់ទំនងរវាងកម្ពុជា និងចិនកាន់តែរឹងមាំបន្ថែមទៀត ហើយឆ្លងកាត់តាមរយៈកិច្ចសន្ទនាយុទ្ធសាស្ត្រនេះ អ្វីដែលជាការកត់សម្គាល់សម្ដេចតេជោបានស្នើឱ្យភាគីចិន បន្តនូវការគាំទ្រដល់រដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍសេដ្ឋកិច្ច។

មានប្រសាសន៍បែបននេះ នាក្នុងឱកាសដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ លោក វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម នៅព្រឹកថ្ងៃទី ២៣ មេសា នាវិមានសាមគ្គីភាពនៃព្រឹទ្ធសភាជាតិ រាជធានីភ្នំពេញ។
យោងតាម លោក ជា ធីរិទ្ធ អ្នកនាំពាក្យបានឲ្យដឹងក្រោយជំនួបថា សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងការស្វាគមន៍ និងបានចាត់ទុក លោក វ៉ាង យី គឺជាមិត្ដចាស់របស់កម្ពុជាដែលបានធ្វើការជាមួយគ្នាជាយូរមកហើយ សម្ដេចបានលើកឡើងពីដំណើររបស់រដ្ឋមន្ដ្រីការបរទេស និងរដ្ឋមន្ដ្រីកាពារជាតិចិន មកកាន់កម្ពុជានាពេលនេះ ក្នុងការចូលរួមក្នុងកិច្ចសន្ទនាយុទ្ធសាស្ដ្រ២+២ រវាងរដ្ឋមន្ដ្រីការបរទេស ,រដ្ឋមន្ដ្រីការពារជាតិកម្ពុជា និងរដ្ឋមន្ដ្រីការបរទេស និងរដ្ឋមន្ដ្រីកាពារជាតិចិន គឺបង្ហាញពីមិត្ដភាពដ៏រឹងមាំរបស់ប្រទេសទាំងពីរ។
សម្ដេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា ទោះបច្ចុប្បន្នពិភពលោកមានការប្រែប្រួលយ៉ាងណាក៏ដោយ ប៉ុន្ដែទំនាក់ទំនងមិត្ដភាពរវាងកម្ពុជានិងចិន មិនមានការប្រែប្រួលឡើយ។

លោក វ៉ាង យី បានសម្ដែងការអរគុណដែលសម្ដេចបានអនុញ្ញាតឲ្យលោកនិងសហការីចូលជួមសម្ដែងការគួរសម។ លោកក៏បាននាំមកនូវការផ្ដាំផ្ញើសួរសុខទុកពីប្រធានាធិបតិចិន ស៊ី ជីនពីង ជូនសម្ដេចតេជោ ផងដែរ ដែលប្រធានាធិបតិចិន ស៊ី ជីនពីង ក៏បានដឹងពីដំណើរទៅកាន់ប្រទេសចិនរបស់សម្ដេចតេជោ ហ៊ុន សែន ដើម្បីតាមដាននូវព្រះរាជសុខភាពរបស់ព្រះមហាក្សត្រកម្ពុជាផងដែរ។ ប្រធានាធិបតីចិន តាមរយៈលោកវ៉ាង យី បានបញ្ជាក់ថារដ្ឋាភិបាលចិនបានយកចិត្ដទុក្ខដាក់យ៉ាងខ្លាំងក្នុងការថែរក្សានូវព្រះរាជសុខភាពរបស់ព្រះមហាក្សត្រកម្ពុជា ជាមួយគ្នានេះលោក ក៏បានលើកឡើងថា សម្ដេចតេជោ គឺជាតួអង្គដ៏សំខាន់ក្នុងការពង្រឹងនូវចំណងមិត្ដភាពរវាងកម្ពុជា និងចិន ស្រមជាមួយគ្នានេះលោកវ៉ាង យី បានសង្កត់ធ្ងន់ថា មិត្ដភាពដែកថែបរវាងកម្ពុជា-ចិន អាចកើតមានឡើងដោយសារសម្ដេចតេជោ ដែលខិតខំប្រឹងប្រែងរឹតចំណងមិត្ដភាពតាំងពីពេលកន្លងមក និងបន្ដមកដល់បច្ចុប្បន្នដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត។

លោក បានលើកឡើងថា មិត្តភាពដែកថែបនេះ ប្រធានាធិបតី ស៊ី ជីនពីង ធ្លាប់បានបញ្ជាក់ហើយថា មិនមែនមិត្តភាពដែកថែបមានតែឈ្មោះទេ ប៉ុន្តែគឺជាមិត្តភាពដែកថែបដែលបានអនុវត្តជាក់ស្ដែងជាមួយគ្នា។ លោកក៏បានរាយការណ៍ជូនសម្ដេចតេជោអំពីលទ្ធផលនៃកិច្ចសន្ទនាយុទ្ធសាស្ត្រ ២+២ រដ្ឋមន្ត្រីការបរទេស រដ្ឋមន្ត្រីការពារជាតិ កម្ពុជា-ចិន ដែលបានប្រជុំជជែកពិភាក្សាគ្នា និងបានសម្រេចបានលទ្ធផលល្អៗជាច្រើនក្នុងការពង្រឹងទៅលើទំនាក់ទំនងទ្វេភាគីរវាងកម្ពុជានិងចិនឱ្យកាន់តែរឹងមាំបន្ថែមទៀត។

សម្ដេចតេជោបានសម្ដែងនូវការពេញចិត្តយ៉ាងខ្លាំងចំពោះការលើកឡើងរបស់លោកវ៉ាង យី។ សម្ដេចក៏បានផ្ដាំតាមរយៈលោក វ៉ាង យី ក្នុងការសួរសុខទុក្ខទៅកាន់ប្រធានាធិបតីចិន ស៊ី ជិនពីង ផងដែរ។ សម្ដេចតេជោក៏បានអរគុណចំពោះលោកប្រធានាធិបតីផងដែរ ដែលបានសួរសុខទុក្ខដល់សម្ដេច។
សម្ដេចតេជោរីករាយចំពោះលទ្ធផលនៃកិច្ចសន្ទនាយុទ្ធសាស្ត្រ ២+២ រដ្ឋមន្ត្រីការបរទេស រដ្ឋមន្ត្រីការពារជាតិ កម្ពុជា-ចិន ដែលបានធ្វើនៅក្នុងប្រទេសកម្ពុជានេះ ហើយសង្ឃឹមថា ទំនាក់ទំនងរវាងកម្ពុជា និងចិនកាន់តែរឹងមាំបន្ថែមទៀត ហើយឆ្លងកាត់តាមរយៈកិច្ចសន្ទនាយុទ្ធសាស្ត្រនេះ អ្វីដែលជាការកត់សម្គាល់សម្ដេចតេជោបានជំរុញទៅកាន់ភាគីចិន គឺស្នើឱ្យភាគីចិនបន្តនូវការគាំទ្រដល់រដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍសេដ្ឋកិច្ច។ សម្ដេចបានសង្កត់ធ្ងន់ទៅលើចំណុចស្នូលនៃទំនាក់ទំនង គឺទៅលើសេដ្ឋកិច្ចដែលកម្ពុជាចង់ពង្រឹងនូវភាពធន់ផ្នែកសេដ្ឋកិច្ចនេះឱ្យបានកាន់តែរឹងមាំ។

សម្ដេចតេជោក៏បានអរគុណចំពោះមិត្តចិនដែលបានគាំទ្រ និងជួយជ្រោមជ្រែងដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជាកន្លងមកជាពិសេសគឺការផ្ដល់ជំនួយក្នុងការកសាងនូវហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជា ដែលការជួយរបស់ចិនបានចូលរួមចំណែកនៅក្នុងការពង្រឹងនូវសេដ្ឋកិច្ចរបស់កម្ពុជាឱ្យបានរឹងមាំ។
លោក វ៉ាង យី ក៏បានលើកឡើងដោយសរសើរចំពោះភាពរីកចម្រើននៅក្នុងប្រទេសកម្ពុជា។ លោក បានសរសើរពីភាពរីកចម្រើនផ្នែកសេដ្ឋកិច្ច ក៏ដូចជាវិស័យផ្សេងៗទៀត ជាពិសេសគឺមានអគារខ្ពស់ៗ អគារធំៗជាច្រើនដែលកើតមានឡើង ហើយរដ្ឋាភិបាលចិននៅតែបន្តគាំទ្រចំពោះការអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជា ដែលស្របទៅនឹងសហគមន៍ជោគវាសនារួមដែលប្រទេសទាំងពីរបានធ្វើជាមួយគ្នា ហើយក៏ស្របទៅនឹងផលប្រយោជន៍រវាងប្រជាជនកម្ពុជា និងប្រជាជនចិនផងដែរ៕

អត្ថបទ៖ ឈឹម ធីតា
រូបភាព៖ ង៉ាន់ សំណាង, ប៉ក់ សុឃីម