ក្រុមហ៊ុនផលិតរថយន្ត Honda របស់ជប៉ុន ប្រកាសដកខ្លួនចេញពីទីផ្សារកូរ៉េខាងត្បូងនៅដំណាច់ឆ្នាំ ២០២៦
ជប៉ុន៖ ក្រុមហ៊ុនផលិតរថយន្ត Honda Motor របស់ជប៉ុន បានប្រកាសជាផ្លូវការនូវការដកខ្លួនចេញពីទីផ្សាររថយន្តកូរ៉េខាងត្បូង ដែលខ្លួនធ្លាប់ឈរជើងអស់រយៈពេលជាង ២២ ឆ្នាំមកហើយ។ ការសម្រេចចិត្តនេះ កើតឡើងចំពេលដែលឧស្សាហកម្មយានយន្តពិភពលោក កំពុងងាកទៅរកការប្រើប្រាស់រថយន្តអគ្គិសនីយ៉ាងគំហុក ។
មូលហេតុចម្បងមួយនៃការដកខ្លួននៅដំណាច់ឆ្នាំ ២០២៦ គឺដោយសារតែឥទ្ធិពលនៃម៉ាករថយន្តក្នុងស្រុករបស់កូរ៉េខាងត្បូងផ្ទាល់ ដូចជា ហ៊ីយុនដាយ (Hyundai) និង គៀ (Kia) ដែលកំពុងក្តោបក្តាប់ទីផ្សារយ៉ាងណែន។ លើសពីនេះ ជម្លោះពាណិជ្ជកម្ម និងបញ្ហានយោបាយកន្លងមករវាងជប៉ុន និងកូរ៉េខាងត្បូង ក៏បានជះឥទ្ធិពលអវិជ្ជមានដល់ការគាំទ្រផលិតផលជប៉ុនពីសំណាក់ប្រជាជនកូរ៉េផងដែរ។
នាពេលកន្លងមក ម៉ូដែលល្បីៗរបស់ Honda ដូចជា អាកខដ (Accord) និង CR-V ធ្លាប់ទទួលបានការពេញនិយមខ្លាំង ប៉ុន្តែបច្ចុប្បន្ន ចំនួននៃការលក់បានធ្លាក់ចុះគួរឱ្យកត់សម្គាល់។ ក្រុមហ៊ុនមើលឃើញថា ការបន្តវិនិយោគក្នុងទីផ្សារដែលមានការប្រកួតប្រជែងខ្ពស់ និងមានចំណែកទីផ្សារតូចបែបនេះ មិនផ្ដល់ផលចំណេញយូរអង្វែងសម្រាប់ផែនការអាជីវកម្មសកលរបស់ខ្លួនឡើយ។
ទោះបីជាបញ្ឈប់ការលក់រថយន្តក៏ដោយ ប៉ុន្តែ Honda អាចនឹងនៅបន្តរក្សាប្រតិបត្តិការលើផ្នែកផ្សេងទៀតដូចជា ម៉ូតូ ឬសេវាកម្មថែទាំមួយចំនួន ដោយអាស្រ័យលើការប្រកាសជាបន្ត។ ការដកខ្លួននេះ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រ «រៀបចំផ្ទះឡើងវិញ» របស់ក្រុមហ៊ុន Honda ដើម្បីប្រមូលកម្លាំង និងថវិកាទៅពង្រឹងទីផ្សារធំៗផ្សេងទៀត និងអភិវឌ្ឍបច្ចេកវិទ្យារថយន្តអគ្គិសនីនាពេលអនាគត ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters via CNA | រូបភាព៖ (REUTERS/Chalinee Thirasupa/ File Photo)/ Yonhap