លោក ពុទីន៖ រុស្ស៊ី នឹងប្រែក្លាយតំបន់ដែលខ្លួនទើបគ្រប់គ្រងបាន ឱ្យស្ថិតក្រោមស្តង់ដារតែមួយត្រឹមឆ្នាំ ២០៣០
រុស្ស៊ី៖ ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពុទីន កាលពីពេលថ្មីៗនេះ បានបង្ហាញជំនឿចិត្តយ៉ាងមុតមាំចំពោះលទ្ធផលចុងក្រោយនៃសង្គ្រាមនៅអ៊ុយក្រែន ដោយលោកអះអាងថា រុស្ស៊ីបានដឹងច្បាស់ពីរបៀបដែលជម្លោះនេះនឹងត្រូវបញ្ចប់។ ទោះបីជាលោកមិនទាន់បង្ហើបប្រាប់ពីព័ត៌មានលម្អិតដល់សាធារណជនក៏ដោយ ប៉ុន្តែលោកបញ្ជាក់ថា រុស្ស៊ីនឹងបន្តដើរតាមផែនការដើមរហូតដល់សម្រេចបានគោលដៅយោធាទាំងអស់ ។
យុទ្ធសាស្ត្ររយៈពេលវែងរបស់លោក ពុទីន ក៏រួមបញ្ចូលទាំងការបង្កើតតំបន់សន្តិសុខ នៅតាមព្រំដែន ដើម្បីការពារការវាយប្រហារនាពេលអនាគត និងដាក់ចេញនូវគោលដៅសមាហរណកម្មទឹកដីថ្មីៗ។ រុស្ស៊ីមានបំណងប្រែក្លាយតំបន់ដែលខ្លួនទើបគ្រប់គ្រងបាន ឱ្យមានកម្រិតជីវភាពប្រជាជន និងប្រព័ន្ធរដ្ឋបាលស្របតាមស្តង់ដាររួមរបស់រុស្ស៊ីទាំងស្រុង យ៉ាងយូរត្រឹមឆ្នាំ ២០៣០ ។
នៅក្នុងកិច្ចប្រជុំជាមួយមន្ត្រីមូលដ្ឋាន ភាពជឿជាក់លើជ័យជម្នះហាក់មានភាពរស់រវើកយ៉ាងខ្លាំង ដោយថ្នាក់ដឹកនាំតំបន់ បានលើកឡើងថា សូម្បីតែខាងភាគីសត្រូវ (អ៊ុយក្រែន) ក៏ដឹងខ្លួនដែរថាខ្លួននឹងត្រូវចាញ់សង្គ្រាមនេះ។ នេះគឺជាការបង្ហាញពីស្មារតីសាមគ្គីភាព និងការប្ដេជ្ញាចិត្តខ្ពស់របស់មន្ត្រីរុស្ស៊ី ក្នុងការគាំទ្រយុទ្ធនាការយោធារបស់ទីក្រុងមូស្គូ ។
ទន្ទឹមនឹងសកម្មភាពយោធា រុស្ស៊ីក៏កំពុងដោះស្រាយបញ្ហានៅតំបន់ព្រំដែនដែលរងផលប៉ះពាល់ពីការវាយលុកកន្លងមក ជាពិសេសនៅតំបន់ឃើស្ក៍ (Kursk)។ របាយការណ៍បង្ហាញថា ការស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ដូចជាសាលារៀន និងមន្ទីរពេទ្យ កំពុងត្រូវបានធ្វើឡើងយ៉ាងឆាប់រហ័ស បន្ទាប់ពីកងទ័ពរុស្ស៊ីអាចគ្រប់គ្រងស្ថានការណ៍ និងបណ្ដេញកងកម្លាំងអ៊ុយក្រែនចេញពីទឹកដីខ្លួនបានសម្រេច ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Screenshot from VIORY’s video/ 2026 Institute for the Study of War and AET's Critical Threats Project. All rights reserved/ Shutter Stock.