ព័ត៌មានអន្តរជាតិ

សេតវិមាន បញ្ជាក់ថា លោកត្រាំ មិនបានកំណត់ឱសានវាទជាក់លាក់ណាមួយសម្រាប់បទឈប់បាញ់ជាមួយអ៊ីរ៉ង់នោះទេ

image


សហរដ្ឋអាម៉េរិក៖ អ្នកនាំពាក្យព័ត៌មានសេតវិមាន លោកស្រី ខារ៉ូលីន លីវីត (Karoline Leavitt) បានបញ្ជាក់ជាផ្លូវការថា លោកប្រធានាធិបតី ដូណាល់ ត្រាំ មិនបានកំណត់កាលបរិច្ឆេទបញ្ចប់ ឬឱសានវាទជាក់លាក់ណាមួយសម្រាប់បទឈប់បាញ់ជាមួយអ៊ីរ៉ង់នោះទេ។ ការសម្រេចចិត្តលើពេលវេលា គឺស្ថិតនៅលើលោក ត្រាំ តែម្នាក់គត់ ដោយផ្អែកលើផលប្រយោជន៍ជាតិរបស់សហរដ្ឋអាម៉េរិក និងការវាយតម្លៃលើស្ថានភាពជាក់ស្ដែងនៅលើសមរភូមិ ។

អ្នកនាំពាក្យរូបនេះ សង្កត់ធ្ងន់ថា បច្ចុប្បន្នសហរដ្ឋអាម៉េរិក កំពុងមានប្រៀបជាងអ៊ីរ៉ង់យ៉ាងខ្លាំង ជាពិសេសតាមរយៈការប្រើប្រាស់កងទ័ពជើងទឹកបិទខ្ទប់កំពង់ផែសំខាន់ៗ។ ស្ថានភាពនេះ បានធ្វើឱ្យអ៊ីរ៉ង់ធ្លាក់ក្នុងសភាពទន់ខ្សោយផ្នែកសេដ្ឋកិច្ច និងយោធា ដែលជាហេតុធ្វើឱ្យអាម៉េរិកមានអំណាចក្នុងការបញ្ជា និងគ្រប់គ្រងស្ថានការណ៍ចរចាទាំងស្រុង ។

ចំពោះប្រតិកម្មឌឺដងពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់អ៊ីរ៉ង់ សេតវិមានបានព្រមានអ្នកសារព័ត៌មានកុំឱ្យជឿជាក់លើសម្តីជាសាធារណៈរបស់ទីក្រុងតេហ៍រ៉ង់។ លោកស្រី លីវីត អះអាងថា អ៊ីរ៉ង់តែងតែបង្ហាញភាពរឹងទទឹងនៅខាងក្រៅ ប៉ុន្តែនៅក្នុងការចរចាសម្ងាត់ ពួកគេហាក់បង្ហាញភាពទន់ភ្លន់ និងយល់ព្រមតាមលក្ខខណ្ឌរបស់អាម៉េរិកច្រើនជាងអ្វីដែលពិភពលោកបានឃើញ ។

គោលដៅចុងក្រោយរបស់សហរដ្ឋអាម៉េរិក គឺចង់បានសំណើសន្តិភាពដែលមានឯកភាពគ្នាច្បាស់លាស់ពីមេដឹកនាំអ៊ីរ៉ង់។ ទោះបីជាការចរចាមានភាពរអាក់រអួលខ្លះដោយសារតែសង្គ្រាមពាក្យសម្ដីតាមបណ្ដាញសង្គម ប៉ុន្តែអាម៉េរិកនៅតែប្រកាន់ជំហររឹងមាំលើខ្សែបន្ទាត់ក្រហមរបស់ខ្លួន និងរង់ចាំមើលថាតើអ៊ីរ៉ង់នឹងដាក់សំណើបែបណានៅក្នុងជំនួបចរចាខាងមុខ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ (Andrew Harnik/Getty)/ (Anna Moneymaker/Getty)/ (Mohsen Ganji/AP)