មនុស្ស២នាក់ស្លាប់ ក្រោយរងការវាយប្រហារដោយដ្រូនក្នុងទីក្រុង Sysran ភាគខាងលិចប្រទេសរុស្ស៊ី
រុស្ស៊ី៖ ទីក្រុងស៊ីហ្សរ៉ាន់ (Syzran) ភាគខាងលិចប្រទេសរុស្ស៊ី ទទួលរងនូវការវាយប្រហារដោយដ្រូនយ៉ាងធ្ងន់ធ្ងរ កាលពីព្រឹកថ្ងៃពុធ ដែលបណ្ដាលឱ្យអាគារស្នាក់នៅមួយបានបាក់ស្រុតអស់មួយផ្នែក។ ហេតុការណ៍ដ៏រន្ធត់នេះ បានបណ្ដាលឱ្យស្ត្រីម្នាក់ និងកុមារម្នាក់ស្លាប់បាត់បង់ជីវិត ព្រមទាំងបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងតាមរយៈវីដេអូដែលបានចែកចាយតាមបណ្ដាញសង្គម ។
អាជ្ញាធររុស្ស៊ី ចាត់ទុកសកម្មភាពនេះថាជាអំពើភេរវកម្ម ដោយបើកការស៊ើបអង្កេតជាបន្ទាន់។ យោងតាមរបាយការណ៍ មានដ្រូនយ៉ាងហោចណាស់ ១១ គ្រឿង បានធ្លាក់ និងផ្ទុះឡើងនៅក្នុងទីក្រុង ខណៈដែលក្រសួងការពារជាតិរុស្ស៊ី រាយការណ៍ថា ដ្រូនអ៊ុយក្រែនចំនួន ១៥៥ គ្រឿង ត្រូវបានកម្ទេចក្នុងរយៈពេលមួយយប់ នៅតាមតំបន់ចំនួន ១២ រួមទាំងតំបន់សាម៉ារ៉ា និងសមុទ្រខ្មៅផងដែរ។ ចំណែកខាងទីក្រុងកៀវ មិនទាន់មានប្រតិកម្មអ្វីឡើយ ប៉ុន្តែពីមុនមក ពួកគេតែងតែបដិសេធថា មិនដែលវាយប្រហារលើជនស៊ីវិល ឬគោលដៅស៊ីវិលឡើយ ។
ក្រោយកើតហេតុភ្លាមៗ ក្រុមសង្គ្រោះបន្ទាន់ បានចុះទៅដល់ទីកន្លែងកើតហេតុ ដើម្បីជួយសង្គ្រោះជនរងគ្រោះ និងបោសសម្អាតកម្ទេចអាគារ។ រដ្ឋាភិបាលរុស្ស៊ី ក៏បានរៀបចំមជ្ឈមណ្ឌលស្នាក់នៅបណ្ដោះអាសន្ន និងផ្ដល់ជំនួយផ្នែកចិត្តសាស្ត្រដល់អ្នកដែលរងផលប៉ះពាល់ ជាពិសេសកុមារដែលកំពុងស្ថិតក្នុងសភាពភ័យខ្លាច ។
ទោះបីជាមានការចោទប្រកាន់ចំៗពីរុស្ស៊ីក៏ដោយ ក៏ខាងភាគីអ៊ុយក្រែនមិនទាន់ចេញមុខបកស្រាយ ឬទទួលខុសត្រូវចំពោះការវាយប្រហារនេះឡើយ ដោយភាពតានតឹងនេះ កាន់តែបង្ហាញឱ្យឃើញពីទំហំនៃសង្គ្រាមដែលបានអូសបន្លាយតាំងពីឆ្នាំ ២០២២ មក ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Screenshot from VIORY's video.