ជប៉ុន បញ្ចប់បម្រាមនាំចេញគ្រឿងសព្វាធុនធ្ងន់ទៅក្រៅប្រទេស ដើម្បីពង្រឹងសន្តិសុខសម្ព័ន្ធមិត្ត
ជប៉ុន៖ នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី សាណាអិ តាកាអ៊ីឈិ (Sanae Takaichi) បានប្រកាសជាផ្លូវការកាលពីថ្ងៃពុធ នូវការផ្លាស់ប្តូរគោលនយោបាយការពារជាតិជាប្រវត្តិសាស្ត្រ ដោយអនុញ្ញាតឱ្យមានការនាំចេញគ្រឿងសព្វាធុនធ្ងន់ទៅក្រៅប្រទេស។ ដើម្បីឆ្លើយតបនឹងស្ថានភាពសន្តិសុខពិភពលោកដែលកាន់តែអាក្រក់ទៅៗ នេះគឺជាការបញ្ចប់បម្រាមដែលជប៉ុនបានប្រកាន់យ៉ាងខ្ជាប់ខ្ជួនអស់រយៈពេលរាប់សិបឆ្នាំមកហើយ តាំងតែពីសម័យក្រោយសង្គ្រាមលោកលើកទី២ ។
រដ្ឋាភិបាលជប៉ុន ធានាអះអាងថា អាវុធទាំងឡាយដែលនាំចេញ រួមមានយន្តហោះចម្បាំង និងមីស៊ីល គឺសម្រាប់តែគោលបំណងការពារខ្លួនប៉ុណ្ណោះ ហើយមិនមែនសម្រាប់ប្រើដើម្បីឈ្លានពានទឹកដីអ្នកដទៃឡើយ។ ជប៉ុនជឿជាក់ថា ការជួយពង្រឹងកម្លាំងយោធារបស់ប្រទេសជាសម្ព័ន្ធមិត្ត គឺជាយុទ្ធសាស្ត្រដ៏ល្អបំផុតក្នុងការទប់ស្កាត់មិនឱ្យសង្គ្រាមផ្ទុះឡើង ។
ក្រោមគោលនយោបាយ «ជប៉ុនជាចម្បង» (Japan First) ទីក្រុងតូក្យូបានពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការយោធាជាមួយប្រទេសដៃគូចំនួន ១៧ រួមមានសហរដ្ឋអាម៉េរិក អូស្ត្រាលី និងហ្វីលីពីនជាដើម។ ការសម្រេចចិត្តនេះ បង្ហាញពីមហិច្ឆតារបស់ជប៉ុន ក្នុងការដើរតួនាទីកាន់តែសកម្មក្នុងតំបន់ និងកាត់បន្ថយការពឹងផ្អែកទាំងស្រុងលើអ្នកដទៃក្នុងការការពារសន្តិសុខជាតិរបស់ខ្លួន ។
ក្រៅពីបញ្ហាក្នុងតំបន់ ជប៉ុនក៏កំពុងផ្ដោតការយកចិត្តទុកដាក់លើស្ថិរភាពនៅមជ្ឈិមបូព៌ា ជាពិសេសការធានាសុវត្ថិភាពផ្លូវទឹកនៅច្រកសមុទ្រហ័រមូស។ លោកស្រីនាយករដ្ឋមន្ត្រីចង់ឃើញនាវាដឹកជញ្ជូនអន្តរជាតិ អាចធ្វើដំណើរឆ្លងកាត់តំបន់នោះបានដោយសេរី និងជៀសផុតពីការគំរាមកំហែងនៃជម្លោះរវាងអាម៉េរិក និងអ៊ីរ៉ង់ ។
របត់ថ្មីរបស់ជប៉ុននេះ កើតឡើងចំពេលដែលពិភពលោកកំពុងមានភាពចលាចល ដោយសារតែសង្គ្រាមនៅមជ្ឈិមបូព៌ា ខណៈការសម្រេចចិត្តរបស់ជប៉ុនក្នុងការក្លាយជាអ្នកផ្គត់ផ្គង់អាវុធ នឹងធ្វើឱ្យតុល្យភាពអំណាចយោធានៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកមានការប្រែប្រួលយ៉ាងខ្លាំង ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ VIORY/ (Chang W. Lee/The New York Times)