លោកត្រាំ បញ្ជាក់ថា ទោះត្រូវប្រឈមនឹងប្រេងឡើងថ្លៃក៏ដោយ ឱ្យតែទទួលបានកិច្ចព្រមព្រៀងមួយដ៏ល្អជាមួយអ៊ីរ៉ង់
សហរដ្ឋអាម៉េរិក៖ នៅក្នុងសន្និសីទសារព័ត៌មាននៅសេតវិមាន កាលពីថ្ងៃទី ២៣ ខែមេសា ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានបង្ហាញជំនឿចិត្តថា សង្គ្រាមជាមួយអ៊ីរ៉ង់នឹងត្រូវបញ្ចប់ក្នុងពេលឆាប់ៗខាងមុខ។ លោកសង្កត់ធ្ងន់ថា លោកមិនចង់បង្ខំឱ្យមានកិច្ចព្រមព្រៀងភ្លាមៗដែលគ្មានគុណភាពនោះទេ ប៉ុន្តែអ្វីដែលលោកចង់បាន គឺជាកិច្ចព្រមព្រៀងដ៏ល្អបំផុតមួយសម្រាប់សហរដ្ឋអាម៉េរិក ទោះបីជាត្រូវប្រឈមនឹងបញ្ហាតម្លៃប្រេងឡើងថ្លៃរហូតដល់ ២០០ដុល្លារក៏ដោយ ។
ជុំវិញចំណុចរាំងស្ទះធំបំផុតនៅក្នុងការចរចានាពេលនេះ គឺភាពមិនច្បាស់លាស់នៃរចនាសម្ព័ន្ធដឹកនាំរបស់អ៊ីរ៉ង់។ ក្នុងនោះ លោក ត្រាំ លើកឡើងថា ចាប់តាំងពីមេដឹកនាំកំពូលចាស់ៗបានបាត់បង់ជីវិតអស់មក រួមទាំងការផ្លាស់ប្តូររបបជាបន្តបន្ទាប់ ក៏បានធ្វើឱ្យសេតវិមានពិបាកក្នុងការរកអ្នកតំណាងដែលមានអំណាចពិតប្រាកដមកអង្គុយនៅតុចរចា ខណៈមេដឹកនាំថ្មីៗកំពុងបារម្ភពីសុវត្ថិភាពអំណាចរបស់ខ្លួន ។
ពាក់ព័ន្ធនឹងការប្រើប្រាស់កម្លាំងយោធា លោក ត្រាំ បានបដិសេធដាច់អហង្ការចំពោះការប្រើប្រាស់អាវុធនុយក្លេអ៊ែរ។ លោកចាត់ទុកសំណួរនេះថាជាសំណួរដែលមិនសមហេតុផល ព្រោះតាមរយៈសមត្ថភាពយោធាអាម៉េរិកនាពេលបច្ចុប្បន្ន លោកអាចកម្ទេចសត្រូវដោយប្រើត្រឹមតែអាវុធធម្មតាៗ បានយ៉ាងងាយស្រួលរួចទៅហើយ ដោយមិនចាំបាច់ពឹងផ្អែកលើអាវុធបរមាណូឡើយ ។
លោក ត្រាំ ព្រមទាំងបានផ្ញើសារព្រមានដល់ពិភពលោកអំពីគ្រោះថ្នាក់នៃអាវុធនុយក្លេអ៊ែរ ដោយលោកអះអាងថា អាវុធនេះមិនគួរត្រូវបានប្រើប្រាស់ដោយបុគ្គលណាម្នាក់នោះទេ។ នៅត្រង់ជំហរនេះ លោកចង់បង្ហាញថា ទោះបីជាលោកប្រើវិធានការក្តៅលើអ៊ីរ៉ង់ ក៏លោកនៅតែប្រុងប្រយ័ត្នដើម្បីជៀសវាងមហន្តរាយនុយក្លេអ៊ែរដែលអាចប៉ះពាល់ដល់មនុស្សជាតិទាំងមូល ជាពិសេសនៅតំបន់អឺរ៉ុប ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Al Jazeera/ US Navy/ Shutter Stock