កងទ័ពជើងទឹកអ៊ីរ៉ង់ ចាប់ឃាត់នាវាពីរគ្រឿង ដោយចោទថាបំពានច្បាប់នាវាចរណ៍អន្តរជាតិ នៅក្នុងច្រកសមុទ្រហ័រមូស
អ៊ីរ៉ង់៖ កងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ បានបញ្ចេញវីដេអូដែលបង្ហាញពីសកម្មភាពកងទ័ពជើងទឹករបស់ខ្លួន កំពុងចាប់ឃាត់នាវាពីរគ្រឿង ក្រោមការចោទប្រកាន់ថាបានបំពានច្បាប់នាវាចរណ៍អន្តរជាតិ នៅក្នុងច្រកសមុទ្រហ័រមូស ចំពេលដែលភាពតានតឹងជាមួយសហរដ្ឋអាម៉េរិកកំពុងតែឡើងកម្ដៅខ្លាំង ។
អ៊ីរ៉ង់ បានចោទប្រកាន់នាវាទាំងនោះថា បានលួចបិទប្រព័ន្ធតាមដាន និងព្យាយាមលួចចាកចេញពីតំបន់ត្រួតពិនិត្យដោយខុសច្បាប់ ដែលទង្វើនេះត្រូវបានចាត់ទុកថាជាការគំរាមកំហែងដល់សន្តិសុខនាវាចរណ៍ក្នុងតំបន់ ។
ការចាប់ឃាត់នាវានេះ ហាក់ដូចជាយុទ្ធសាស្ត្រវាយបករបស់អ៊ីរ៉ង់ ទៅលើការបិទខ្ទប់សេដ្ឋកិច្ចពីសំណាក់សហរដ្ឋអាម៉េរិក។ មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ បញ្ជាក់យ៉ាងច្បាស់ថា បើសិនអាម៉េរិកនៅតែបន្តរារាំងមិនឱ្យអ៊ីរ៉ង់នាំចេញប្រេងបាន នោះអ៊ីរ៉ង់ក៏នឹងមិនបណ្តោយឱ្យនាវាដទៃទៀតធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រដ៏សំខាន់នេះដោយរលូន និងដោយសេរីនោះដែរ ។
ច្រកសមុទ្រហ័រមូស បានក្លាយជាសមរភូមិដ៏គ្រោះថ្នាក់បំផុតមួយ ដែលអាចធ្វើឱ្យតម្លៃថាមពលសកលមានការប្រែប្រួល។ ការប្រឈមមុខដាក់គ្នារវាងការបិទផ្លូវទឹករបស់អាម៉េរិក និងការចាប់ឃាត់នាវាដោយអ៊ីរ៉ង់ បង្ហាញថាដំណោះស្រាយសន្តិភាពនៅតែស្ថិតក្នុងភាពស្រពិចស្រពិលនៅឡើយ ដរាបណាភាគីទាំងពីរមិនទាន់អាចរកឃើញចំណុចរួមនៃកិច្ចព្រមព្រៀងថ្មី ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Screenshot from VIORY’s video.