ចិនបដិសេធការលើកឡើងរបស់អាម៉េរិក ដែលថាខ្លួនបង្ខំប្រទេសនៅអាហ្វ្រិកឱ្យបិទដែនអាកាសមិនឱ្យយន្តហោះមេដឹកនាំតៃវ៉ាន់ហោះឆ្លងកាត់
ចិន៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក គូ ជៀគុន (Guo Jiakun) បានរិះគន់សហរដ្ឋអាម៉េរិកយ៉ាងខ្លាំង ចំពោះការចូលជ្រៀតជ្រែកក្នុង «កិច្ចការអន្តរជាតិ» បន្ទាប់ពីមានការចោទប្រកាន់ថា ចិនបានដាក់សម្ពាធឱ្យប្រទេសនៅអាហ្វ្រិកបិទដែនអាកាសមិនឱ្យលោកឡៃ ឈីងតេ (Lai Ching-te) ប្រធានាធិបតីតៃវ៉ាន់ ហោះកាត់ពីលើនោះបាន ។
លោក គូ បានបញ្ជាក់នៅក្នុងសន្និសីទកាសែតកាលពីថ្ងៃព្រហស្បតិ៍នៅទីក្រុងប៉េកាំងថា «គោលការណ៍ចិនតែមួយ គឺជាបទដ្ឋានគ្រឹះនៃទំនាក់ទំនងអន្តរជាតិ និងជាការយល់ឃើញរួមរបស់សហគមន៍អន្តរជាតិ ហើយវាគឺជាយុត្តិធម៌ និងជាឆន្ទៈរបស់ប្រជាជន»។ លោកបន្ថែមថា ការចោទប្រកាន់របស់អាម៉េរិក គឺជាការបំភ្លៃការពិត ហើយចិននឹងមិនទទួលយកជាដាច់ខាត ។
កាលពីថ្ងៃអង្គារ ប្រទេសសីស៊ែល (Seychelles) ម៉ូរីស (Mauritius) និងម៉ាដាហ្គាស្កា (Madagascar) បានសម្រេចលុបចោលការអនុញ្ញាតឱ្យយន្តហោះមេដឹកនាំតៃវ៉ាន់ហោះកាត់ដែនអាកាសរបស់ខ្លួន មុនពេលលោកធ្វើដំណើរទៅកាន់ប្រទេសអេសវ៉ាទីនី (Eswatini)។ នេះជាលើកដំបូងហើយ ដែលដំណើរទស្សនកិច្ចរបស់មេដឹកនាំតៃវ៉ាន់ត្រូវលុបចោល ដោយសារតែមិនអាចហោះកាត់ដែនអាកាសបាន ។
ដោយឡែក ភាគីតៃវ៉ាន់បានចោទប្រកាន់ចិនថា បានប្រើប្រាស់ «ឥទ្ធិពលសេដ្ឋកិច្ច» ដើម្បីបង្ខំឱ្យប្រទេសអាហ្វ្រិកទាំងនោះបិទផ្លូវអាកាស។ លោក ឡៃ ឈីងតេ បានការពារសិទ្ធិរបស់តៃវ៉ាន់ ក្នុងការចូលរួមកិច្ចការអន្តរជាតិ ដោយនិយាយថា «ចិនកាន់តែសង្កត់សង្កិនយើង យើងកាន់តែត្រូវបង្ហាញស្មារតីមិនរាថយ» ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Screenshot from VIORY’s video./ Bussiness Recorder.