ព័ត៌មានអន្តរជាតិ

ហ្វីលីពីនកែច្នៃកាកសំណល់ម្នាស់ ឱ្យក្លាយទៅជាថាមពលស្អាត និងជីធម្មជាតិ

image


ហ្វីលីពីន៖ ប្រទេសហ្វីលីពីន បានដាក់ឱ្យដំណើរការរោងចក្រថាមពលជីវៈដ៏ធំមួយ ដែលកែច្នៃសំណល់ម្នាស់រាប់រយតោនឱ្យក្លាយជាថាមពល និងជីធម្មជាតិ។ គម្រោងនេះស្ថិតក្នុងខេត្តខូថាបាតូខាងត្បូង (South Cotabato) ដែលជាតំបន់ដាំដុះម្នាស់ធំជាងគេបំផុតក្នុងប្រទេស ហើយវាបានក្លាយជាដំណោះស្រាយដ៏ល្អសម្រាប់បញ្ហាការបោះចោលសំណល់សរីរាង្គដែលធ្លាប់តែជាបញ្ហាកង្វល់កាលពីពេលកន្លងមក ។

បច្ចេកវិទ្យាដែលប្រើប្រាស់ក្នុងរោងចក្រនេះ គឺការរំលាយសំណល់សរីរាង្គក្នុងធុងបិទជិតដោយគ្មានខ្យល់ ដើម្បីទាញយកឧស្ម័នមេតាន។ តាមរយៈប្រព័ន្ធវិស្វកម្មដ៏ទំនើបរបស់អាល្លឺម៉ង់ សូម្បីតែសំបកម្នាស់ដែលស្វិតខ្លាំង ក៏អាចត្រូវបានបំបែកឱ្យក្លាយជាឥន្ធនៈសម្រាប់ដុតម៉ាស៊ីនភ្លើង ដើម្បីផ្គត់ផ្គង់ច្រវាក់ផលិតកម្មទាំងមូលរបស់ក្រុមហ៊ុនដ៏ធំមួយ យ៉ាងមានប្រសិទ្ធភាព ។

អ្វីដែលពិសេសបំផុតនៃគម្រោងនេះ គឺការអនុវត្ត «សេដ្ឋកិច្ចវិលជុំ» ដែលគ្មានការខ្ជះខ្ជាយ។ ក្នុងនោះ កាកសំណល់ដែលសល់ពីការផលិតឧស្ម័ន មិនត្រូវបានបោះចោលឡើយ ប៉ុន្តែវាត្រូវបានកែច្នៃធ្វើជាជីសរីរាង្គដែលមានជីជាតិខ្លាំង។ ជីទាំងនេះ ត្រូវបានយកទៅចាក់បំពេញក្នុងដីចម្ការម្នាស់វិញ ដែលជួយឱ្យដើមម្នាស់ដុះលូតលាស់ល្អ និងកាត់បន្ថយការចំណាយលើជីគីមីថ្លៃៗ ។

ក្រៅពីផលចំណេញផ្នែកកសិកម្ម គម្រោងដែលមានតម្លៃជាង ១៦ លានដុល្លារនេះ បានជួយកាត់បន្ថយការបញ្ចេញឧស្ម័នពុលទៅក្នុងបរិយាកាសយ៉ាងច្រើន។ តាមរយៈការផលិតថាមពលស្អាតដោយខ្លួនឯង ក្រុមហ៊ុនអាចកាត់បន្ថយការពឹងផ្អែកលើប្រេងឥន្ធនៈពីបរទេស និងចូលរួមចំណែកក្នុងការការពារបរិស្ថានតាមរយៈការកែច្នៃសំណល់កសិកម្មឱ្យមានប្រយោជន៍ ។

គម្រោងនេះបានក្លាយជាខែលការពារសេដ្ឋកិច្ចសម្រាប់វិស័យកសិឧស្សាហកម្មនៅហ្វីលីពីន ចំពេលដែលពិភពលោកកំពុងជួបវិបត្តិតម្លៃថាមពលឡើងថ្លៃ។ ការប្រែសំបកម្នាស់ឱ្យទៅជាឥន្ធនៈ មិនត្រឹមតែជួយឱ្យអាជីវកម្មដើរទៅមុខដោយរលូនប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាគំរូដ៏ជោគជ័យមួយសម្រាប់ប្រទេសដទៃទៀតក្នុងការប្រើប្រាស់ធនធានធម្មជាតិឱ្យអស់ពីលទ្ធភាព ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Screenshot from VIORY’s video.