សង្គម

កម្ពុជា និងលីទុយអានី គូសបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តដ៏មុតមាំ ក្នុងការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើវិស័យគន្លឹះ

image


ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ បានជួបពិភាក្សាទ្វេភាគីប្រកបដោយផ្លែផ្កាជាមួយលោក កេស្ទូទីស ប៊ូឌ្រីស រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋលីទុយអានី ក្នុងអំឡុងពេលនៃការបំពេញទស្សនកិច្ចផ្លូវការរបស់ឯកឧត្តមរដ្ឋមន្រ្តី នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី២៤-២៥ ខែមេសា ឆ្នាំ២០២៦។

ភាគីទាំងពីរ បានគូសបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តដ៏មុតមាំ ក្នុងការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងលីទុយអានី លើវិស័យគន្លឹះ រួមមាន ពាណិជ្ជកម្ម និងវិនិយោគ អប់រំ សន្តិសុខសាយប័រ ឌីជីថលនីយកម្ម ថាមពល កសិកម្ម ទេសចរណ៍ និងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន។
រដ្ឋមន្ត្រីការបរទេសទាំងពីរ ក៏បានផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាក្តីកង្វល់រួម ដោយបានគូសបញ្ជាក់អំពីភាពចាំបាច់ក្នុងការប្រកាន់ខ្ជាប់នូវការគោរពច្បាប់អន្តរជាតិ និងគាំទ្រការប្រើប្រាស់វិធីសាស្រ្តការទូត និងផ្លូវច្បាប់សម្រាប់ការដោះស្រាយជម្លោះដោយសន្តិវិធី៕

អត្ថបទ៖ សន ពិសិដ្ឋ