ព័ត៌មានអន្តរជាតិ

បុគ្គលិកក្រុមហ៊ុន Samsung រាប់ម៉ឺននាក់ ចេញតវ៉ាឱ្យមានការកែសម្រួលប្រាក់ខែ និងប្រាក់លើកទឹកចិត្តឱ្យមានតម្លាភាពជាងមុន

image


កូរ៉េខាងត្បូង៖ បុគ្គលិកក្រុមហ៊ុន Samsung ប្រមាណជា ៤ ម៉ឺននាក់ បានជួបជុំគ្នាធ្វើការតវ៉ាទ្រង់ទ្រាយធំនៅទីក្រុង ព្យុងថេក (Pyeongtaek) ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីទាមទារឱ្យមានការកែសម្រួលប្រាក់ខែ និងប្រាក់លើកទឹកចិត្តឱ្យមានតម្លាភាពជាងមុន។ ក្រុមអ្នកតវ៉ា រិះគន់ក្រុមហ៊ុនថា បានលាក់បាំងព័ត៌មានផ្នែកហិរញ្ញវត្ថុ និងមិនបានផ្តល់ផលប្រយោជន៍សមស្របទៅនឹងកម្លាំងពលកម្មដែលពួកគេបានលះបង់នោះឡើយ ។

ចំណុចសំខាន់នៃការតវ៉ានេះ គឺជាការទាមទារឱ្យក្រុមហ៊ុនបែងចែកប្រាក់ចំណេញ ១៥ % ឱ្យស្មើៗគ្នាដល់បុគ្គលិកគ្រប់ជាន់ថ្នាក់។ កម្មករនិយោជិត យល់ឃើញថា ប្រព័ន្ធគណនាប្រាក់លើកទឹកចិត្ត (Bonus) បច្ចុប្បន្នមានភាពស្មុគស្មាញ និងមិនយុត្តិធម៌ ដែលធ្វើឱ្យពួកគេមានអារម្មណ៍ថាត្រូវគេកេងប្រវ័ញ្ច បើទោះបីជាក្រុមហ៊ុនកំពុងរកចំណូលបានយ៉ាងច្រើនសន្ធឹកសន្ធាប់ក៏ដោយ ។

ភាពតានតឹងនេះកើនឡើងកាន់តែខ្លាំង ខណៈសហជីពបានដាក់ឱសានវាទដល់ការចរចា ដោយគ្រោងនឹងធ្វើកូដកម្មឈប់ធ្វើការនៅគ្រប់ផ្នែកទាំងអស់របស់ក្រុមហ៊ុននៅថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២៦។ ប្រសិនបើកូដកម្មនេះកើតឡើងមែន វានឹងក្លាយជាការប៉ះពាល់ដ៏ធំមួយដល់ខ្សែច្រវាក់ផលិតកម្មរបស់ក្រុមហ៊ុន Samsung ដែលជាក្រុមហ៊ុនផលិតបន្ទះឈីបឈានមុខគេមួយលើពិភពលោក ។

អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ បាតុកម្មនេះកើតឡើងចំពេលដែល Samsung កំពុងទទួលបានជោគជ័យផ្នែកហិរញ្ញវត្ថុយ៉ាងខ្លាំង ដោយសារតែភាពរីកចម្រើនផ្នែកបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)។ តម្រូវការបន្ទះឈីបសម្រាប់មជ្ឈមណ្ឌលទិន្នន័យ បានជួយឱ្យក្រុមហ៊ុនរកប្រាក់ចំណេញបានរហូតដល់ជាង ៣៨ ពាន់លានដុល្លារ ដែលជាតួលេខខ្ពស់បំផុតមិនធ្លាប់មាន ប៉ុន្តែផលចំណេញនេះមិនទាន់បានធ្លាក់ដល់ដៃបុគ្គលិកកម្រិតទាបនៅឡើយ ។

ជម្លោះការងារនេះ មិនត្រឹមតែជាបញ្ហានៅក្នុងក្រុមហ៊ុន Samsung ប៉ុណ្ណោះទេ ប៉ុន្តែវាបានឆ្លុះបញ្ចាំងពីបញ្ហាប្រឈមនៃសមធម៌ក្នុងវិស័យបច្ចេកវិទ្យា ខណៈដែលពិភពលោកកំពុងមានតម្រូវការខ្លាំងលើបច្ចេកវិទ្យាថ្មីៗ កម្មករដែលជាអ្នកផលិតផ្ទាល់កំពុងទាមទារឱ្យមានការទទួលស្គាល់តម្លៃពលកម្មរបស់ពួកគេ តាមរយៈការចែកចាយផលចំណេញដោយចំហ និងយុត្តិធម៌ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Screenshot from VIORY’s video.