សង្គម

រដ្ឋមន្ត្រីសុខាភិបាល៖ ភាពជាអ្នកដឹកនាំ ក្នុងវិស័យសុខាភិបាល គឺជាតម្លៃលើសពីឋានៈ ឬតួនាទី ក្នុងន័យនេះការសម្រេចចិត្ត ត្រូវផ្អែកលើភស្តុតាង និងទទួលខុសត្រូវខ្ពស់ចំពោះលទ្ធផល

image


ភ្នំពេញ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីចែកវិញ្ញាបនបត្របញ្ចប់ការសិក្សា វគ្គបណ្តុះបណ្តាល ស្តីពី «ការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ» ជូនមន្រ្តីគ្រប់បគ្រងមណ្ឌលសុខភាព ជំនាន់ទី៨ មន្រ្តីគ្រប់គ្រងមន្ទីរពេទ្យ ជំនាន់ទី៦ និងមន្រ្តីគ្រប់គ្រងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ និងមន្ទីរសុខាភិបាល ជំនាន់ទី១ របស់វិទ្យាស្ថានជាតិសុខភាពសាធារណៈ។

ថ្លែងក្នុងពិធីនោះ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានគូសរំលេចនូវយុទ្ធសាស្រ្តអាទិភាពរបស់ក្រសួងសុខាភិបាល ចំនួន ៣ រួមមាន៖ ១)ពង្រឹងមណ្ឌលសុខភាព ទាំងហេដ្ឋារចនាសម្ព័ន្ធ សម្ភារបរិក្ខារ និងសមត្ថភាពបុគ្គលិកសុខាភិបាល ដើម្បីបម្រើសេវា ២៤ម៉ោង ២)ពង្រឹងមន្ទីរពេទ្យបង្អែកស្រុក ខេត្ត និងថ្នាក់ជាតិ កែលម្អបំពាក់សម្ភារបរិក្ខារ និងបង្កើនធនធានមនុស្ស ព្រមទាំងនិយ័តកម្មសេវាឯកជន ឱ្យបានប្រសើរ និង ៣)ពង្រឹងស្ថាប័ន តាមរយៈការបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ និងនវានុវត្តន៍។

ជាមួយគ្នានេះដែរ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានបញ្ជាក់ថា ភាពជាអ្នកដឹកនាំ ក្នុងវិស័យសុខាភិបាល គឺជាតម្លៃលើសពីឋានៈ ឬតួនាទី ក្នុងន័យនេះការដឹកនាំពិតប្រាកដ គឺជាសមត្ថភាពនៃការនាំមុខដោយគំរូល្អ ស្តាប់ដោយយកចិត្តទុកដាក់ សម្រេចចិត្តដោយផ្អែកលើភស្តុតាង ទទួលខុសត្រូវចំពោះលទ្ធផល និងបង្កើតទំនុកចិត្តក្នុងចំណោមក្រុមការងារ និងសហគមន៍។

ដើម្បីបន្តការងារបណ្តុះបណ្តាលធនធានមនុស្ស ក្នុងវិស័យសុខាភិបាល កាន់តែល្អប្រសើរ និងប្រកបដោយគុណភាព ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានជូននូវអនុសាសន៍ណែនាំ មួយចំនួន៖
១-វិទ្យាស្ថានជាតិសុខភាពសាធារណៈ ត្រូវបន្តធ្វើបច្ចុប្បន្នភាពមាតិកា និងឯកសារបណ្តុះបណ្តាលឱ្យស្របតាមបរិបទ និងតម្រូវការជាក់ស្តែង ព្រមទាំងបន្តការធ្វើនវានុវត្តន៍ជាប្រចាំ
២-ពង្រឹងវិធីសាស្ត្របង្រៀន និងបន្តតាមដានសិក្ខាកាមលើការអនុវត្តជាក់ស្តែង នៅតាមអង្គភាពរបស់ខ្លួន
៣-ស្វែងរកវិធីសាស្រ្ត វាស់វែងលទ្ធផលនៃការបណ្តុះបណ្តាល ដោយមិនផ្តោតតែលើការវាយតម្លៃចំណេះដឹងមុន និងក្រោយវគ្គប៉ុណ្ណោះទេ ប៉ុន្តែត្រូវវាស់ដល់ការផ្លាស់ប្តូរឥរិយាបថ សមត្ថភាពដឹកនាំ និងការកែលម្អលទ្ធផលការងារនៅអង្គភាព
៤-សូមឱ្យភាគីពាក់ព័ន្ធទាំងអស់ ចូលរួមលើកកម្ពស់ការប្រើប្រាស់ ភាពជាអ្នកដឹកនាំ ដោយផ្តល់ឱកាសកាន់តែច្រើន ដល់មន្រ្តីនៅតាមអង្គភាព ក្នុងការដឹកនាំ និងគ្រប់គ្រងការងារទៅតាមសមត្ថភាព។

បន្ថែមពីនេះ លោកសាស្រ្តាចារ្យ បានធ្វើការចង្អុលបង្ហាញនូវវិធីសាស្រ្តមួយចំនួនសម្រាប់ អ្នកដឹកនាំតាមអង្គភាពទាំងអស់ត្រូវ៖ ដឹកនាំដោយមានផែនការ និងគោលដៅច្បាស់លាស់ ព្រមទាំងគិតពីវិធិសាស្រ្តដើម្បីសម្រេចគោលដៅ, យកការយល់ដឹងភាពជាអ្នកដឹកនាំ ទៅអនុវត្តឱ្យចេញជាសកម្មភាពជាក់ស្តែង, ពិនិត្យគុណភាព សមភាព និងការចង់បានរបស់អ្នកជំងឺ ធ្វើយ៉ាងណាឱ្យមានភាពល្អប្រសើរ, ដឹកនាំអង្គភាព និងធ្វើការងារឱ្យកាន់តែល្អប្រសើរ រួមទាំងពង្រឹងនូវគណនេយ្យភាព ដើម្បីឆ្ពោះទៅរកលទ្ធផលល្អ, អ្នកដឹកនាំត្រូវមានគំនិតច្រើន និងមាននវានុវត្តន៍ជារៀងរហូត និងត្រូវដឹកនាំដោយចេញពីបេះដូង និងធ្វើឱ្យមានការរួបរួមចិត្តគ្នាតែមួយក្នុងអង្គភាព។

លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានកោតសរសើរ ចំពោះសិក្ខាកាមទាំងអស់ ដែលបានលះបង់ពេលវេលា ខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ដើម្បីអភិវឌ្ឍសមត្ថភាពរបស់ខ្លួន ហើយសង្ឃឹមថាសិក្ខាកាមទាំងអស់នឹងយកចំណេះដឹង ជំនាញ បទពិសោធន៍ និងមេរៀនសំខាន់ៗ ដែលទទួលបានពីវគ្គបណ្តុះបណ្តាលនេះ ទៅអនុវត្តឱ្យកើតមានលទ្ធផលជាក់ស្តែងនៅក្នុងអង្គភាពរៀងៗខ្លួន៕

អត្ថបទ៖ សន ពិសិដ្ឋ រូបភាព៖ កែវ ភិរុណ