សង្គម

ព្រឹកនេះ! សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចុះជួបសំណេះសំណាល ជាមួយប្រឹក្សា ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ​ អង្គភាពនានាជុំវិញខេត្ដកំពង់ចាម ជាង១១០០នាក់

image


កំពង់ចាម៖ នៅព្រឹកថ្ងៃទី២៥ មេសា ឆ្នាំ២០២៦ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋ​ស្ដី​ទី​កម្ពុជាអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រឹក្សា ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ​ អង្គភាពនានាជុំវិញខេត្ដកំពង់ចាម ដែលកម្មវិធីនេះប្រព្រឹត្ដិឡើងនៅសាលាខេត្ដកំពង់ចាម។

ការចុះជួបសំណេះសំណាលជាមួយមន្ដ្រីក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ ជាសកម្មភាពដែល
សម្ដេចតេជោ ហ៊ុន សែន តែងតែអនុវត្ដជាប់ជាប្រចាំ ដើម្បីជួបផ្ទាល់ដឹងសុខទុក្ខ និងស្ដាប់នូវរបាយការណ៍ពីថ្នាក់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ផ្ទាល់ ក្នុងនាមជាប្រធានព្រឹទ្ធសភា និងប្រធានគណបក្សប្រជាជនកម្ពុជា ក៏ដើម្បីក្រើនរំលឹក និងជំរុញដល់មន្ត្រីនៅមូលដ្ឋានឱ្យបង្កើនការយកចិត្តទុកដាក់លើការផ្តល់សេវាសាធារណៈ និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ។

គោលបំណងសំខាន់មួយទៀតគឺពង្រឹងភាពជិតស្និទ្ធ និងការធ្វើគណនេយ្យភាពរវាងសមាជិកព្រឹទ្ធសភាជាមួយអង្គបោះឆ្នោត ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ដែលជាអ្នកបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា។
កម្មវិធីចុះជួបសំណេះសំណាលនាពេលនេះមានវត្ដមានចូលរួមពីសំណាក់សមាជិក សមាជិកា ព្រឹទ្ធសភា និងមន្ដ្រីរាជការ ក្រុមប្រឹក្សាខេត្ដ ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ប្រមាណជាង១១០០នាក់។

នាឱកាសនេះសម្ដេចតេជោ​ ហ៊ុន​ សែន​ មានប្រសាសន៍​ថា ការចុះជួបសំណេះសំណាលជាមួយមន្ដ្រីក្រុមប្រឹក្សា ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ នេះជាការចា​ប់ផ្ដេីមនៃដំណេីរឆ្ពោះទៅរកមូលដ្ឋានសម្រាប់ការត្រៀមរៀបចំធ្វេីដំណេីរទៅកាន់ការបោះឆ្នោត​ ឃុំ​ សង្កាត់​ នៅឆ្នាំ២០២៧ខាងមុខ​ និងការបោះឆ្នោតជាតិនៅឆ្នាំ២០២៨​ ហេីយសកម្មភាពនេះ ចាប់ផ្ដេីមចេញដំណេីរមុនគេពីខេត្ដកំពង់ចាម​ ដោយកត្កាអំណោយផលនៃទីតាំងភូមិសាស្ដ្រ​ និងមានចំនួនប្រជជនច្រេីន​ ហេីយនឹងបន្ដទៅខេត្ដត្បូងឃ្មុំ​។​

សូមជម្រាបជូនថា បន្ទាប់ពីបញ្ចប់កម្មវិធីនេះ សម្ដេចតេជោ ហ៊ុន សែន នឹងបន្ដទៅជួបសំណេះសំណាលជាមួយមន្ត្រីរាជការជាសមាជិកក្រុមប្រឹក្សា ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ នៅខេត្ដត្បូងឃ្មុំ៕

អត្ថបទ៖ ឈឹម ធីតា
រូបភាព៖ ប៉ក់ សុឃីម