សង្គម

អភិបាលខេត្តកំពង់ចាម ជម្រាបជូនសម្តេចតេជោ ហ៊ុន សែន នូវសមិទ្ធផលធំៗ ចំនួន៤ ដែលខេត្តសម្រេចបាន ខណៈឆ្នាំ២០២៥ ការជំរុញកំណើនសេដ្ឋកិច្ចរបស់ខេត្ត ទទួលបានជោគជ័យ កើន ៨.៣%

image


ភ្នំពេញ៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ ក្នុងឱកាសដែលសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អញ្ជើញជួបសំណេះសំណាលជាមួយជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តកំពង់ចាម បានជម្រាបជូនសម្តេចតេជោ និងអង្គពិធី នូវសមិទ្ធផលធំៗ ៤ របស់ខេត្ត ដែលសម្រេចបាន។

សមិទ្ធផលធំទី១ គឺការចូលរួមថែរក្សាបាននូវសន្តិភាព ស្ថិរភាពនយោបាយ និង សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈរបស់សង្គម ដែលជាមូលដ្ឋានគ្រឹះនៃការរស់នៅរបស់ប្រជាជន និងការអភិវឌ្ឍជាតិ និងជាមរតកដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបានរបស់ សម្តេចតេជោ ដែលបាន បន្សល់ទុកសម្រាប់អ្នកដឹកនាំបន្តវេន។

សមិទ្ធផលធំទី២ គឺការផ្តល់សេវាសាធារណៈល្អ ប្រកបដោយគុណភាព និងតម្លាភាព ជូន ប្រជាពលរដ្ឋ។ ក្នុងឆ្នាំ២០២៥នេះ អង្គភាពផ្តល់សេវាចំនួន ៣ នៃខេត្តកំពង់ចាម ទទួលបានជ័យលាភី លេខ១ ជាអង្គភាពផ្តល់សេវាឆ្នើម សម្រាប់ការប្រឡងប្រណាំងថ្នាក់ជាតិ រួមមាន មន្ទីរពេទ្យខេត្ត កំពង់ចាម កម្រិត CPA3 ទទួលបានជ័យលាភីលេខ១ ទូទាំងប្រទេស, ការិយាល័យប្រជាពលរដ្ឋខេត្ត ទទួលបានជ័យលាភីលេខ១ ទូទាំងប្រទេស, និង អង្គភាពច្រកចេញចូលតែមួយខេត្ត ទទួលបាន ជ័យលាភីលេខ១ ទូទាំងប្រទេស។ ម្យ៉ាងវិញទៀត ខេត្តកំពង់ចាមបានបញ្ចប់ការវាស់វែងការចុះបញ្ជី ដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅឆ្នាំ២០២៤ ដែលជាខេត្តទី១ បានបញ្ចប់ការអនុវត្តគោលនយោបាយ ចាស់សកម្មភាពថ្មីលើវិស័យដីធ្លី។

សមិទ្ធផលធំទី៣ គឺការអភិវឌ្ឍមូលដ្ឋានបន្ថែម រួមមាន ផ្លូវ ស្ពាន ប្រព័ន្ធធារាសាស្ត្រ បណ្តាញ អគ្គិសនី បណ្តាញទឹកស្អាត មន្ទីរពេទ្យ សាលារៀន សំណង់ផ្សេងៗ ដែលមានការកើនឡើងទាំង បរិមាណ និងគុណភាព។ នៅឆ្នាំ២០២៥ ការងារអភិវឌ្ឍន៍ គឺមានចំនួន ២៥៨ គម្រោងទាំងថ្នាក់ ខេត្ត ក្រុង/ស្រុក និងឃុំ/សង្កាត់ ដែលមានតម្លៃគម្រោងសរុបប្រមាណ ៣២លានដុល្លារ។ ក្រៅពីនេះ ក៏មានគម្រោងរបស់ថ្នាក់ជាតិជាច្រើនទៀត ដែលត្រង់ចំណុចនេះ ខ្ញុំបាទតំណាងឲ្យប្រជាពលរដ្ឋ ទូទាំងខេត្តកំពង់ចាម ក៏សូមគោរពដឹងគុណចំពោះ សម្តេចតេជោ ដែលបានផ្តល់ជូននូវសមិទ្ធផលអភិវឌ្ឍជាច្រើនរាប់មិនអស់នៅលើទឹកដីខេត្តកំពង់ចាម នាពេលកន្លងមក។ ចុងអាណត្តិទី៦ នេះ សម្តេចតេជោ បានផ្តល់ជូននូវការអភិវឌ្ឍលើកកម្ពស់គុណភាពកំណាត់ផ្លូវជាតិលេខ៧ (ទីប្រជុំជន ស្គន់-ក្រុងកំពង់ចាម) ដែល សម្តេចតេជោ បានសម្ពោធបើកការដ្ឋានដំណើការសាងសង់កាលពី ថ្ងៃទី ៩/មករា/២០២៣ ។ មកដល់ពេលនេះ កំណាត់ផ្លូវនេះ ត្រូវបានសាងសង់ស្ទើរតែរួចរាល់ជាស្ថាពរ ហើយ និងត្រៀមលក្ខណៈអញ្ជើញ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី មកសម្ពោធដាក់ឲ្យប្រើប្រាស់ជា ផ្លូវការនៅពេលដ៏ខ្លីខាងមុខ។

ចំពោះសមិទ្ធផលធំទី៤ គឺជោគជ័យក្នុងការជំរុញកំណើនសេដ្ឋកិច្ចរបស់ខេត្ត ដែលក្នុងឆ្នាំ២០២៥ សេដ្ឋកិច្ចរបស់ខេត្ត ទំហំ ៣,០៧៣ លានដុល្លារ (កើន ៨.៣%)។ សេដ្ឋកិច្ចរបស់ខេត្ត បានមកពីវិស័យ ៣ គឺ៖ វិស័យកសិកម្ម មានចំណែកប្រមាណ ៣៩% វិស័យឧស្សាហ៍កម្ម មានចំណែកប្រមាណ ៣៣.៤% និង វិស័យសេវាកម្ម មានចំណែកប្រមាណ ២៧.៦%។ ប្រាក់ចំណូលជាមធ្យមសម្រាប់មនុស្ស ម្នាក់ៗ បានកើនដល់ចំនួន ២,៨៣០ ដុល្លារ ធៀបនឹងឆ្នាំ២០២៤ កើន ២១០ដុល្លារ ក្នុងម្នាក់។

លោកអភិបាលខេត្តកំពង់ចាម បានបញ្ជាក់ថា ជាទិសដៅភារកិច្ចចំពោះមុខ រដ្ឋបាលខេត្ត ក៏ដូចជាគណៈកម្មាធិការគណបក្សខេត្ត បាន ដាក់ចេញនូវការប្តេជ្ញាចិត្តជាយុទ្ធសាស្ត្រ អនុវត្តឲ្យបានសម្រេចនូវទិសដៅភារកិច្ច សំដៅពង្រឹង សន្តិសុខជាតិ ឯកភាពជាតិឱ្យបានរឹងមាំ ចូលរួមកសាងសេដ្ឋកិច្ចសង្គម លើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាជនឲ្យបានល្អប្រសើរ ពង្រឹងជំនឿជឿជាក់របស់ប្រជាជន លើការដឹកនាំរបស់គណបក្ស និងរាជរដ្ឋាភិបាល លើកកម្ពស់ឧត្តមភាព និងកិត្យានុភាពរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស និង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ឲ្យបានជ្រួតជ្រាបដល់ គ្រប់ស្រទាប់មហាជន និងយុវជន៕

អត្ថបទ៖ សន ពិសិដ្ឋ រូបភាព៖ ប៉ក់ សុឃីម