កម្លាំងស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ចុះបង្រ្កាបទីតាំងសង្ស័យលួចលាក់ ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅចំណុចផ្ទះសំណាក់ និងម៉ាស្សា OMG ឃាត់ជនសង្ស័យជិត១០០នាក់ នៅក្រុងបាវិត
ស្វាយរៀង៖ ដោយអនុវត្តតាមបទបញ្ជាពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដឹកនាំបញ្ជាផ្ទាល់ពី លោក ឧត្ដមសេនីយ៍ ទោ ពេជ្រ វីរៈ ស្នងការ នគរបាលខេត្តស្វាយរៀង កាលថ្ងៃទី២១ ខែ មេសា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក គឹម ឡៃ ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ បានដឹកនាំកម្លាំងសហការជាមួយកម្លាំង អធិការដ្ឋាននគរបាលក្រុងបាវិត គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងបាវិត និងដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត ចុះបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចផ្ទះសំណាក់ និងម៉ាស្សា OMG ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ដោយ ឃាត់ខ្លួនជនសង្ស័យ៩៦នាក់ ស្រី២២នាក់ (វៀតណាម ៧៨នាក់ ស្រី ១៨នាក់, ជនជាតិ ចិន ០៧នាក់ ប្រុស និងជនជាតិខ្មែរ ១១នាក់ ស្រី ០៤នាក់)។
ដកហូតសម្ភារពាក់ព័ន្ធនឹងបទល្មើសរួមមាន៖ កុំព្យូទ័រ All-In-One, កំព្យូទ័រយួរដៃ, ទូរសព្ទដៃ ,រថយន្ត ,ម៉ូតូ និងសម្ភារមួយចំនួនទៀត។
បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
អត្ថបទ៖ មិន ភក្តី