សង្គម

ក្រុមនិស្សិតខ្មែរ កំពុងសិក្សានៅហុងគ្រី ជ្រើសរើសយកមុខម្ហូបចំនួន ៣ មកធ្វើជាអាហារតំណាងជាតិ ក្នុងព្រឹត្តិការណ៍ “Food Day” ដោយបានទាក់ចិត្តភ្ញៀវបរទេស មកទិញពិសារម្ដងហើយម្ដងទៀត

image


ហុងគ្រី៖ ក្រុមនិស្សិតខ្មែរដែលកំពុងសិក្សានៅប្រទេសហុងគ្រី បានចូលរួមរៀបចំធ្វើម្ហូបអាហារតំណាងជាតិក្នុងព្រឹត្តិការណ៍ “Food Day” ដែលរៀបចំឡើងដោយ University of Debrecen នាថ្ងៃទី២៤ ខែមេសា ឆ្នាំ ២០២៦។ កម្មវិធីនេះផងដែរមានបណ្ដាប្រទេសចូលរួមចំនួន ៣៦ ប្រទេសរួមទាំងប្រទេសកម្ពុជា ដែលសរុបចំនួនមុខម្ហូបជាង ៣២.៤០០ ចាន។
ក្រុមនិស្សិតខ្មែរ បានសម្រេចចិត្តជ្រើសរើសយកមុខម្ហូបចំនួន ៣ មុខរួមមាន អាម៉ុកសាច់មាន់ សាច់គោអាំងនំបុ័ងប័រ និងទឹកក្រឡុកផ្លែឈើគ្រប់មុខ ដែលសុទ្ធសឹងតែជាមុខម្ហូបពេញនិយមខ្លាំង សម្រាប់ប្រជាជនខ្មែរគ្រប់វ័យ ហើយសាកសមជាមួយនឹងបរិយាកាសនៃរដូវផ្ការីកនាឯប្រទេសហុងគ្រី ដែលមនុស្សម្នានាំគ្នាចេញក្រៅ មើលផ្ការីក ក្រោមកម្តៅពន្លឺព្រះអាទិត្យក្នុងលក្ខខណ្ឌដ៏អំណោយផលមួយ។

ជារួម បើយោងតាមនិស្សិតខ្មែរបានរៀបរាប់ថា មុខម្ហូបប្រទេសខ្មែរទាំង ៣ មុខបានទាក់ចិត្តភ្ញៀវបរទេសឲ្យមកទិញពិសារម្ដង ហើយម្ដងទៀត ហើយថែមទាំងបាននែនាំមិត្តភក្ដិ បងប្អូន គ្រួសាររបស់គាត់មកទិញពិសារផងដែរ។
គួរឲ្យកត់សម្គាល់ផងដែរថា គ្រឿងផ្សំគោលដែលជា”គ្រឿង” មាន គុលស្លឹកគ្រៃ រំដេង ល្មៀត ស្លឹកក្រូចសើច ម្ទេសក្រៀម និងខ្ទឹមជាដើម ដែលជាគ្រឿងផ្សំមួយរបស់ខ្មែរមានតាំងពីបរមបុរាណមកត្រូវបានបង្ហាញឲ្យជនបរទសបានស្គាល់ និងពិសារ។ តាមរយៈនេះ យើងបានចូលរួមផ្សព្វផ្សាយ វប្បធម៌ អរិយធម៌របស់ខ្មែរយើងតាមរយៈមុខម្ហូប ហើយជាពិសេសនោះគឺ ស្នាមញញឹមនិងភាពទទួលរាក់ទាក់របស់និស្សិតខ្មែរ៕
អត្ថបទ៖ សន ពិសិដ្ឋ