លោកឧបនាយរដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ ការងារជោគជ័យ អាស្រ័យមន្រ្តីមាន «សុខភាពល្អ»
ភ្នំពេញ៖ ក្រោមគំនិតផ្តួចផ្តើម និងទឹកចិត្តដ៏ប្រពៃរបស់ លោកឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី តែងតែខ្វល់ខ្វាយយកចិត្តទុកដាក់ដល់សុខទុក្ខរបស់មន្រ្តីរាជការទាំងអស់ដែលបម្រើការងារនៅក្រោមចំណុះក្រសួងមុខងារសាធារណៈ លោកបានផ្តួចផ្តើមឱ្យមានក្រុមការងារទទួល បន្ទុកអនុវត្តគម្រោងគិតគូរលើសុខុមាល ភាពមន្រ្តីនៃក្រសួងមុខងារសាធារណៈ ដែលហៅកាត់ថា (MCS H+)។
កន្លងមក ក្រុមការងារ MCS H+ បានចុះសាកសួរសុខទុក្ខ និងនាំយកនូវកាដូរអនុស្សាវរីយ៍ ក៏ដូចជាថវិកាចូលរួមគាំទ្រទៅដល់សុខុមាលភាព និងការរំលែកទុក្ខផ្សេងៗជូនទៅដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការប្រមាណជាង១០០ករណី រួចមកហើយ។
ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦នេះ ជាភ័ព្វសំណាងរបស់មន្រ្តីរាជការក្រសួងមុខងារសាធារណៈ ដោយលោកឧបនាយករដ្ឋមន្រ្តី បានផ្តល់ឱកាសឱ្យមានការពិនិត្យសុខភាពប្រចាំឆ្នាំជូនទៅ ដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់ៗរូប ដែលកំពុងបំពេញការងារនៅក្រោមចំណុះ ក្រសួងមុខងារសាធារណៈ។
មានប្រសាសន៍សំណេះសំណាលក្នុងកម្មវិធីពិនិត្យសុខភាពប្រចាំឆ្នាំនាព្រឹកនេះ លោកឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី បានថ្លែងការអរគុណដល់មន្រ្តីនៃក្រសួងមុខងារសាធារណៈគ្រប់ជាន់ថ្នាក់ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចដោយអស់ពីកម្លាំងកាយចិត្តទោះក្នុងកាលៈទេសៈសុខភាពយ៉ាងណាក៏ដោយ ក៏នៅតែខិតខំបំពេញកាតព្វកិច្ចរបស់ខ្លួនឱ្យទទួលបានសមិទ្ធផលយ៉ាងច្រើន និងថ្មីៗជូនដល់ក្រសួង។
លោកឧបនាយករដ្ឋមន្ត្រី បានបន្ថែម “ក្នុងវេលានេះជាការគិតគូររួមចំណែក និងការតបស្នងដល់ការខិតខំប្រឹងប្រែងរបស់មន្រ្តីរាជការនៃក្រសួងមុខងារសាធារណៈទាំងអស់ គឺខ្ញុំមានតែការផ្តល់ជូននូវការយកចិត្តទុកដាក់លើការថែទាំ ពិនិត្យតាមដានសុខភាព និងការព្យា បាលជូនដល់មន្រ្តីទាំងអស់។”
សូមជម្រាបដែរថា កម្មវិធីពិនិត្យសុខភាពប្រចាំឆ្នាំនេះមានការចូលរួមគាំទ្រ ដំណើរប្រតិបត្តិការដោយសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា (DA-UYFC) ដែលប្រព្រឹត្តទៅរយៈពេលមួយថ្ងៃពេញ នៅសាលាភូមិន្ទរដ្ឋបាល៕
អត្ថបទ៖ វង សុភ័ក្ត្រ