ព័ត៌មានអន្តរជាតិ

ស្ថានទូតចិននៅក្នុងប្រទេសថៃ ជូនដំណឹងឱ្យប្រជាជនប្រុងប្រយ័ត្នចំពោះល្បិចឆបោកក្នុងប្រទេសមួយនេះ

image


ប្រទេសថៃ៖ តាមរយៈការចុះផ្សាយរបស់ Asian Speech បានសរសេរថា កាលពីពេលថ្មីៗនេះ ស្ថានទូតចិនប្រចាំប្រទេសថៃ បានចេញសេចក្តីជូនដំណឹង ដោយព្រមានឱ្យប្រជាជនចិនមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះល្បិចបោកបញ្ឆោតដែលអូសទាញមនុស្សទៅកាន់តំបន់ព្រំដែនថៃ-មីយ៉ាន់ម៉ា ក្រោមលេសផ្សេងៗ។

ស្ថានទូតបញ្ជាក់ថា ការព្រមាននេះ ធ្វើឡើងបន្ទាប់ពីមានករណីថ្មីៗ ដែលពលរដ្ឋចិនត្រូវគេល្បួងដោយសន្យាថានឹងផ្តល់ការងារដែលមានប្រាក់ខែខ្ពស់ ឬកញ្ចប់ដំណើរកម្សាន្ត ដើម្បីឱ្យពួកគេធ្វើដំណើរទៅកាន់តំបន់ព្រំដែន ប៉ុន្តែក្រោយមកពួកគេត្រូវបានបង្ខំឱ្យចូលរួមក្នុងសកម្មភាពខុសច្បាប់ ដូចជាការបោកប្រាស់តាមទូរសព្ទ និងតាមប្រព័ន្ធអ៊ីនធឺណិតជាដើម ។

យោងតាមសេចក្តីថ្លែងការណ៍របស់ស្ថានទូត ជនរងគ្រោះមួយចំនួន បានជួបប្រទះនឹងការបង្ខាំងទុក ការប្រើអំពើហិង្សា និងការឃុំខ្លួនដោយខុសច្បាប់ ដែលបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់ជីវិត សុវត្ថិភាពផ្ទាល់ខ្លួន និងសិទ្ធិស្របច្បាប់។ ស្ថានទូត ក៏បានដាស់តឿនពលរដ្ឋចិនដែលមកលេងប្រទេសថៃ ឱ្យស្គាល់ពីហានិភ័យទាំងនេះ ត្រូវមានវិធានការការពារសុវត្ថិភាព និងចៀសវាងការចូលពាក់ព័ន្ធក្នុងសកម្មភាពខុសច្បាប់ណាមួយ ។
ដើម្បីការពារខ្លួន ស្ថានទូតបានណែនាំពលរដ្ឋកុំឱ្យជឿលើការផ្សាយពាណិជ្ជកម្មតាមបណ្ដាញសង្គម វីដេអូខ្លីៗ ឬកម្មវិធីផ្ញើសារ ដែលផ្សព្វផ្សាយពី៖ ការងារប្រាក់ខែខ្ពស់, ការបបួលដើរលេងជាក្រុម ឬឱកាសការងារក្រៅប្រទេសដោយមានលក្ខខណ្ឌងាយស្រួលខ្លាំង ។

ក្នុងករណីមានអាសន្ន ស្ថានទូតជំរុញឱ្យពលរដ្ឋផ្ដល់អាទិភាពដល់សុវត្ថិភាពផ្ទាល់ខ្លួនជាមុន រួចប្រញាប់ទាក់ទងមន្ត្រីក្នុងតំបន់ ឬស្ថានទូត និងស្ថានកុងស៊ុលចិនប្រចាំនៅប្រទេសថៃ ដើម្បីសុំជំនួយឱ្យបានឆាប់តាមតែអាចធ្វើទៅបាន ។
ស្ថានទូតក៏បានព្រមានផងដែរថា ការបោកប្រាស់តាមទូរសព្ទ និងអ៊ីនធឺណិត រួមទាំងបទល្មើសពាក់ព័ន្ធផ្សេងៗ នឹងត្រូវទទួលទោសយ៉ាងធ្ងន់ធ្ងរនៅក្រោមច្បាប់របស់ប្រទេសចិន និងច្បាប់នៃប្រទេសដែលពាក់ព័ន្ធ ។

បច្ចុប្បន្ន តំបន់ព្រំដែនថៃ-មីយ៉ាន់ម៉ា កំពុងស្ថិតក្រោមការតាមដានយ៉ាងដិតដល់ ដោយសារតែមានការសង្ស័យថាជាកន្លែងសម្ងំរបស់ក្រុមឧក្រិដ្ឋជន ដែលជួញដូរមនុស្ស និងបង្ខំជនរងគ្រោះឱ្យធ្វើការក្នុងប្រតិបត្តិការបោកប្រាស់ឆ្លងដែន ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Asian Speech | រូបភាព៖ South China Morning Post on Microsoft Bing/ Shutter Stock/ digishiv on Microsoft Bing