សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ៖ រយៈពេលពីរខែនាដើមឆ្នាំ២០២៦ កម្ពុជាបានចុះបញ្ជីគម្រោងវិនិយោគ ផ្ទាល់ពីបរទេសសរុបចំនួន ១០៥គម្រោង បង្កើតឱកាសការងារបន្ថែមទៀតជូនប្រជាពលរដ្ឋ
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា "រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈមោះមុត ក្នុងការធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងវិនិយោគ ដោយបានជំរុញឱ្យមានលំហូរវិនិយោគផ្ទាល់ពីបរទេស បន្តកើនឡើងយ៉ាងខ្លាំងក្លាគួរជាទីមោទនៈ។ ជាក់ស្តែង ក្នុងរយៈពេលពីរខែនាដើមឆ្នាំ២០២៦នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានចុះបញ្ជីគម្រោងវិនិយោគ ផ្ទាល់ពីបរទេសសរុបចំនួន ១០៥គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៩៦៦លានដុល្លារអាម៉េរិក ដែលនឹងបង្កើតឱកាសការងារបន្ថែមទៀតជូនប្រជាពលរដ្ឋ"។នេះបើយោងតាមសារលិខិតសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦។
សម្តេចបវរធិបតី បានបន្តថា "គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៦នេះ ចំនួនសហគ្រាស ក្រុមហ៊ុន រោងចក្រ បានកើនឡើងដល់ចំនួន ៤៧ ០២៩សហគ្រាស ជាមួយនឹងចំនួនកម្មករ និយោជិតសរុបកើនឡើងដល់ប្រមាណ ២,៣លាននាក់"។
ជាមួយគ្នានេះ សម្តេចបវរធិបតី បានបញ្ជាក់ថា "រាជរដ្ឋាភិបាលនៅតែបន្តផ្តល់អាទិភាពខ្ពស់លើការលើកកម្ពស់ជីវភាពរបស់បងប្អូនកម្មករនិយោជិតទោះបីជា ស្ថិតក្នុងស្ថានភាពសេដ្ឋកិច្ចសកលដែលពោរពេញដោយភាពមិនប្រាកដប្រជា និងរងសម្ពាធវិបត្តិដែលបង្ក ការរាំងស្ទះដល់ការដំឡើងប្រាក់ឈ្នួលអប្បបរមានៅក្នុងប្រទេសជាច្រើនក៏ដោយ"៕
អត្ថបទ៖ ហ៊ន សុភ័ក្រ