លោក ណេតាន់យ៉ាហ៊ូ ថ្កោលទោសការវាយប្រហារលើលោក ត្រាំ និងបន្ថែមថា ទីណាក៏ដោយ គឺមិនត្រូវមានអំពើហិង្សាឡើយ
អ៊ីស្រាអ៊ែល៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល លោក ប៊ែនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) កាលពីថ្ងៃអាទិត្យ បានថ្កោលទោសចំពោះការវាយប្រហារក្នុងកម្មវិធីជប់លៀងអ្នកឆ្លើយឆ្លងព័ត៌មានសេតវិមាន ដោយលោកបានពណ៌នាហេតុការណ៍ថាជា «ការប៉ុនប៉ងធ្វើឃាតសារជាថ្មី» ទៅលើប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ និងលោកជំទាវទីមួយ មេឡានី ត្រាំ ។
លោកបានថ្លែងជាបន្តថា «ខ្ញុំនិងភរិយាពិតជាមានការតក់ស្លុតជាខ្លាំងនៅពេលឮអំពីការប៉ុនប៉ងធ្វើឃាតប្រធានាធិបតី ត្រាំ និងភរិយាសារជាថ្មីបែបនេះ។ យើងមានសេចក្តីត្រេកអរដែលអ្នកទាំងពីរ រួមទាំងមន្ត្រីជាន់ខ្ពស់អាម៉េរិកផ្សេងទៀត រួចផុតពីគ្រោះថ្នាក់»។ លោកបន្ថែមថា មិនត្រូវមានកន្លែងសម្រាប់អំពើហិង្សាឡើយ ទោះបីជាសំដៅលើមេដឹកនាំនយោបាយ ឬបុគ្គលណាម្នាក់ក៏ដោយ ។
ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីមានករណីបាញ់ប្រហារសារជាថ្មី ក្នុងអំឡុងពិធីជប់លៀងអាហារពេលល្ងាចរបស់អ្នកឆ្លើយឆ្លងព័ត៌មានសេតវិមាន ដែលនាំឱ្យមានការជម្លៀសភ្លាមៗកាលពីយប់ថ្ងៃសៅរ៍ (ម៉ោងក្នុងតំបន់នៅសហរដ្ឋអាម៉េរិក) ។
នៅក្នុងសុន្ទរកថាដដែលនោះ លោក ណេតាន់យ៉ាហ៊ូ ក៏បាននិយាយពីសមរភូមិភាគខាងជើងរបស់អ៊ីស្រាអ៊ែលបន្ថែមទៀតដែរ ដោយលោកបញ្ជាក់ថា កងទ័ពអ៊ីស្រាអែល នឹងបន្តប្រើ «កណ្ដាប់ដៃដែក» ដើម្បីវាយបកលើការគំរាមកំហែងពីក្រុម ហេសប៊ូឡាហ៍ (Hezbollah)។ លោកសង្កត់ធ្ងន់ថា អ៊ីស្រាអ៊ែលនឹងមិនរង់ចាំឱ្យគេមកវាយប្រហារមុនឡើយ ប៉ុន្តែនឹងប្រើសិទ្ធិស្វ័យការពារដើម្បីវាយកម្ទេចរាល់គោលដៅរបស់ក្រុមហេសបូឡាហ៍ទាំងឡាយណា ដែលមានបំណងបង្កគ្រោះថ្នាក់ដល់ប្រជាជន និងទាហានអ៊ីស្រាអ៊ែល ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Screenshot from VIORY's video.