ជប៉ុនប្រគល់រថយន្តដឹកសំរាម១០គ្រឿងបន្ថែមទៀត ដើម្បីពង្រឹងការគ្រប់គ្រងសំរាមរបស់កម្ពុជា
ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុនបានផ្តល់រថយន្តដឹកសំរាមបន្ថែមចំនួន ១០គ្រឿងបន្ថែមទៀត ដល់ក្រសួងបរិស្ថានកម្ពុជា ដែលជាជំនួយលើកទីបី និងធ្វើឱ្យចំនួនរថយន្តដែលជាជំនួយរថយន្តរបស់ជប៉ុនសរុបកើនឡើងចំនួន ៣០គ្រឿង។ រថយន្តទាំងនេះ ត្រូវបានប្រគល់ជាផ្លូវការដោយ លោក Ueno Atsushi ទៅក្រសួងបរិស្ថាន ក្នុងពិធីផ្លូវការមួយ ដោយបញ្ជាក់ពីកិច្ចសហប្រតិបត្តិការ ជាបន្តបន្ទាប់រវាងជប៉ុន និងកម្ពុជា ក្នុងកិច្ចគាំពារបរិស្ថាន។
ក្នុងពិធីប្រគល់ និងទទួលជំនួយរថយន្តដឹកសំរាមរបស់ប្រទេសជប៉ុន បានរៀបចំឡើងនៅទីស្តីការក្រសួងបរិស្ថាន នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែអំណរគុណដល់រាជរដ្ឋាភិបាលជប៉ុនចំពោះការគាំទ្រជាបន្តបន្ទាប់ និងបានថ្លែងចាត់ទុកថា ជំនួយនេះចូលរួមចំណែកដ៏មានអត្ថន័យក្នុងការពង្រឹងសមត្ថភា ពគ្រប់គ្រងកាកសំណល់នៅថ្នាក់ក្រោមជាតិ។ រថយន្តដឹកសំរាមត្រូវបានបែងចែកបន្តបន្ទាប់ទៅអាជ្ញាធរខេត្ត ភ្លាមៗ ដែលបានជួយជំរុញឱ្យរដ្ឋបាលមូលដ្ឋានបង្កើនសេវាប្រមូល និងទុកដាក់សំរាមនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនបានល្អប្រសើរ។
លោករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការនេះ បានគាំទ្រយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន របស់កម្ពុជា ដែលមានគោលបំណងលើកកម្ពស់ «ស្អាត បៃតង និងចីរភាព» របស់ប្រទេសកម្ពុជា ជាពិសេសប្រព័ន្ធគ្រប់គ្រងសំរាម សំណល់ប្លាស្ទិក ឱ្យមានភាពប្រសើរឡើង និងពិតជាមានសារៈសំខាន់ក្នុងការសម្រេចបាន នូវគោលដៅបរិស្ថានរយៈពេលវែង។ លោកបានលើកទឹកចិត្តដល់អាជ្ញាធរខេត្តឱ្យថែរក្សាយានយន្តឱ្យបានត្រឹមត្រូវ និងធានាបាននូវការប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព។
លោក អ៊ាង សុផល្លែត បានជំរុញឱ្យបន្តអនុវត្តយុទ្ធនាការដែលបានដាក់ចេញ ដោយក្រសួងបរិស្ថានជាបន្តទៀត និងធ្វើការអំពាវនាវឱ្យកិច្ចខិតខំប្រឹងប្រែង ប្រែក្លាយពីយុទ្ធនាការទាំងនេះដើម្បីវិវត្តទៅជាចលនាសង្គម និងទម្លាប់ប្រចាំថ្ងៃយូរអង្វែងក្នុងចំណោមប្រជាពលរដ្ឋ។ ជាមួយគ្នានេះ លោករដ្ឋមន្ត្រីបានណែនាំដល់មន្ទីរបរិស្ថានរាជធានី ខេត្ត ត្រូវបន្តអនុវត្តវិធីសាស្ត្រប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវក្នុងការដោះស្រាយបញ្ហាការបំពុលខ្យល់ ដី និងទឹក។
ទន្ទឹមនេះលោករដ្ឋមន្ត្រីព្រមានជាថ្មី ដល់ប្រតិបត្តិករប្រមូលសំរាមដែលដុតសំរាម ឬអនុញ្ញាតឱ្យមានភ្លើងឆេះនៅកន្លែងចាក់សំរាម នឹងប្រឈមមុខនឹងការផ្តន្ទាទោសយ៉ាងតឹងរ៉ឹង រួមទាំងការដកហូតអាជ្ញាប័ណ្ណរបស់ពួកគេ ថែមទៀត។ លោក អ៊ាង សុផល្លែត ក៏បានលើកឡើងបន្ថែមទៀតលើការទទួលខុសត្រូវ និងស្នើឱ្យអាជ្ញាធរសហការចូលរួមកំណត់អត្តសញ្ញាណ និងធ្វើសកម្មភាពទប់ស្កាត់លើប្រភពនៃការបំពុល ឱ្យបានឆាប់រហ័សកុំបង្អង់យូរ។
លោក អ៊ាង សុផល្លែត ក៏បានលើកឡើងដែរថា “ប្រសិនបើមានការបំពុលកើតឡើង មន្ទីរបរិស្ថាន ត្រូវតែស្វែងរកប្រភពបំពុល និងចាត់វិធានការ” និងក៏បានព្រមានដល់មន្ត្រីបរិស្ថានដែលមិនមានការទទួលខុសត្រូវ និងរកប្រភពបំពុលមិនឃើញ និងថា ប្រភពមិនអាចកំណត់អត្តសញ្ញាណបានក្នុងករណីមានការបំពុល មន្ត្រីទាំងនោះគួរតែចុះចេញពីតំណែង។ វិធានការទាំងនេះឆ្លុះបញ្ចាំងពីមន្ត្រីដែលមិនបំពេញកាតព្វកិច្ចរបស់ពួកគេ និងការជំរុញដ៏ទូលំទូលាយរបស់កម្ពុជាក្នុងការពង្រឹងអភិបាលកិច្ចបរិស្ថាន កែលម្អប្រព័ន្ធគ្រប់គ្រងសំរាម និងឈានទៅរកអនាគតដ៏ស្អាត និងមាននិរន្តរភាពជាងមុន៕