អតិថិជនក្រុមហ៊ុន ហួយវ័ន ជាជនជាតិចិនមួយក្រុម បានបង្កភាពអនាធិបតេយ្យ ដោយបិទផ្លូវសាធារណៈនៅមុខធនាគារជាតិនៃកម្ពុជា
ភ្នំពេញ៖ អតិថិជនក្រុមហ៊ុន ហួយវ័ន ជាជនជាតិចិនមួយក្រុម បានបង្កភាពអនាធិបតេយ្យ ដោយបិទផ្លូវសាធារណៈ នៅមុខធនាគារជាតិនៃកម្ពុជាមិនឱ្យពលរដ្ឋធ្វើដំណើរបាន ថែមទាំងប្រើប្រាស់អំពើហិង្សា វាយលើអាជ្ញាធរមានសមត្ថកិច្ច ខណៈចុះអន្តរគមន៍បើកផ្លូវ ។
ហេតុការណ៍ប្រើអំពើហិង្សា និងបិទផ្លូវសាធារណៈនេះ កើតឡើងនាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦នេះ លើបណ្តោយផ្លូវហាណូយ សង្កាត់គោកឃ្លៀង ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅមុខធនាគារជាតិនៃកម្ពុជា ។
សមត្ថកិច្ចឱ្យដឹងថា មូលហេតុដែលក្រុមអតិថិជនក្រុមហ៊ុនហួយវ័ន បានមកប្រមូលផ្តុំ នៅមុខធនាគារជាតិនៃកម្ពុជា គឺដើម្បីដាក់បន្ទុកឱ្យធនាគារជាតិ ជំរុញឱ្យមានការដោះស្រាយ សងប្រាក់ត្រឡប់មកពួកគេវិញ ដោយធ្វើការបិទផ្លូវសាធារណៈដោយខុសច្បាប់ ទោះបីជាអាជ្ញាធរ មានការហាមឃាត់យ៉ាងណាក៏ដោយ ។
គួរបញ្ជាក់ថា កន្លងមកធនាគារជាតិនៃកម្ពុជា បានជូនដំណឹងថា ករណីក្រុមហ៊ុន ហួយវ័ន ផេ ពុំស្ថិតក្រោមសមត្ថកិច្ចរបស់ធនាគារជាតិទៀតឡើយ តែសម្រាប់បុគ្គល ដែលរងគ្រោះក្នុងក្រុមហ៊ុន អេច ផេ ត្រូវទៅចុះឈ្មោះផ្តល់ព័ត៌មានជូនក្រុមហ៊ុនកំពុងជម្រះបញ្ជី៕