លោក គីម ជុងអ៊ុន សរសើរទំនាក់ទំនងជាមួយរុស្ស៊ី ថាជាសម្ព័ន្ធភាពដែលមិនអាចបំបែកបាន
កូរ៉េខាងជើង៖ ទំនាក់ទំនងរវាងកូរ៉េខាងជើង និងរុស្ស៊ី បានឈានដល់កម្រិតកំពូលថ្មីមួយ បន្ទាប់ពីមេដឹកនាំនៃប្រទេសទាំងពីរបានបញ្ជាក់ពីសម្ព័ន្ធភាពយោធាយ៉ាងរឹងមាំ។ នៅក្នុងជំនួបនារដ្ឋធានីព្យុងយ៉ាង ប្រធានសភារុស្ស៊ី លោក វីយ៉ាឆេស្លាវ វ៉ូឡូឌីន (Viacheslav Volodin) បាននាំយកសារអបអរសាទរ និងការសួរសុខទុក្ខផ្ទាល់ពីលោកប្រធានាធិបតី ពុទីន ជូនចំពោះលោក គីម ជុងអ៊ុន ដែលបង្ហាញពីភាពជិតស្និទ្ធខ្លាំងផ្នែកការទូតក្នុងគ្រាដ៏លំបាកនៃសង្គ្រាម ។
លោក គីម ជុងអ៊ុន បានលើកតម្កើងការចូលរួមរបស់កងទ័ពកូរ៉េខាងជើងក្នុងសមរភូមិជាមួយរុស្ស៊ីថាជា «យុត្តិធម៌» និងជាការតស៊ូប្រឆាំងនឹងពួកណាស៊ីអ៊ុយក្រែន។ ការរួបរួមកម្លាំងគ្នានៅក្នុងទីសមរភូមិនេះ ត្រូវបានចាត់ទុកថាជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលផ្លាស់ប្តូរមុខមាត់នៃកិច្ចសហប្រតិបត្តិការយោធា ដោយបំប្លែងពីការគាំទ្រផ្នែកនយោបាយ មកជាការជួយគ្នាដោយផ្ទាល់លើសមរភូមិជាក់ស្ដែងតែម្ដង ។
ជំនួយយោធារបស់កូរ៉េខាងជើង ជាពិសេសនៅក្នុងតំបន់ ឃើស (Kursk) ប្រទេសរុស្ស៊ី គឺជាលទ្ធផលនៃកិច្ចព្រមព្រៀងយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដែលប្រទេសទាំងពីរបានចុះហត្ថលេខា។ ទោះបីជាមានការបញ្ជាក់ពីភាពជោគជ័យពីសំណាក់មន្ត្រីយោធារុស្ស៊ីក៏ដោយ ប៉ុន្តែខាងភាគីអ៊ុយក្រែននៅតែអះអាងថា ការប្រយុទ្ធគ្នានៅតំបន់នោះមិនទាន់បញ្ចប់នោះទេ ដែលបង្ហាញថាស្ថានការណ៍នៅតែក្ដៅគគុកនៅឡើយ ។
ការពង្រឹងសម្ព័ន្ធភាពរវាងទីក្រុងព្យុងយ៉ាង និងទីក្រុងមូស្គូ កំពុងក្លាយជាបញ្ហាប្រឈមដ៏ធំសម្រាប់សហរដ្ឋអាម៉េរិក និងអឺរ៉ុប។ ខណៈរុស្ស៊ីកំពុងរងសម្ពាធទណ្ឌកម្មពីលោកខាងលិច ការទទួលបានការគាំទ្រផ្នែកកម្លាំងទ័ព និងសព្វាវុធពីកូរ៉េខាងជើង មិនត្រឹមតែជួយដល់រុស្ស៊ីក្នុងសង្គ្រាមអ៊ុយក្រែនប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយឱ្យកូរ៉េខាងជើងទទួលបានឥទ្ធិពល និងបច្ចេកវិទ្យាយោធាមកវិញផងដែរ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Screenshot from VIORY's video.