សមយុទ្ធ Balikatan 2026 បង្ហាញពីឥទ្ធិពលយោធារួមគ្នា អាម៉េរិក-ហ្វីលីពីន នៅក្បែរសមុទ្រចិនខាងត្បូង
ហ្វីលីពីន៖ កងទ័ពសហរដ្ឋអាម៉េរិក និងហ្វីលីពីន បានបង្ហាញពីភាពខ្លាំងនៃកិច្ចសហការយោធាតាមរយៈការសាកល្បងបច្ចេកវិទ្យាអាវុធថ្មីៗនៅក្នុងសមយុទ្ធ «បាលីកាតាំង ឆ្នាំ២០២៦» (Balikatan 2026) កាលពីពេលថ្មីៗនេះ។ ចំណុចលេចធ្លោបំផុតនោះ គឺការប្រើប្រាស់កាំភ្លើងត្បាល់ស្វ័យប្រវត្តិ XM925 ស្ករភីអូ (Scorpio) ដែលបំពាក់លើរថពាសដែកចល័ត ដោយអាចឱ្យកងទ័ពបើកការវាយប្រហារបានយ៉ាងឆាប់រហ័ស និងមានប្រសិទ្ធភាពខ្ពស់ជាងមុន ដោយមិនចាំបាច់ប្រើកម្លាំងមនុស្សច្រើនដូចសម័យមុនឡើយ ។
ភាពទំនើបនៃសមយុទ្ធលើកនេះ គឺការប្រើប្រាស់ប្រព័ន្ធឌីជីថលដែលភ្ជាប់ទំនាក់ទំនងរវាងទាហានម្នាក់ៗនៅក្នុងសមរភូមិ។
តាមរយៈបច្ចេកវិទ្យានេះ ព័ត៌មានអំពីសត្រូវដែលកំណត់បានដោយទាហានម្នាក់ នឹងត្រូវចែកចាយទៅកាន់គ្រប់អង្គភាពពាក់ព័ន្ធទាំងអស់ក្នុងពេលដំណាលគ្នា ដែលធ្វើឱ្យការសម្រេចចិត្តវាយបកវិញមានភាពច្បាស់លាស់ និងស្របគ្នា ។
ក្រៅពីអាវុធធុនធ្ងន់ សមយុទ្ធនេះ ក៏បានសង្កត់ធ្ងន់លើការប្រើប្រាស់ដ្រូន (Drone) ស៊ើបការណ៍ទំនើប ដោយដ្រូនទាំងនេះ មានភារកិច្ចស្វែងរកគោលដៅពីលើអាកាស រួចបញ្ជូនទិន្នន័យមកឱ្យក្រុមអ្នកបាញ់កាំភ្លើងត្បាល់នៅខាងក្រោមភ្លាមៗ ដែលជាបច្ចេកទេសសង្គ្រាមសម័យថ្មី ជួយឱ្យកងទ័ពអាចកម្ទេចគោលដៅបានដោយមិនបង្អង់យូរ និងមានសុវត្ថិភាពខ្ពស់សម្រាប់ទាហាន ។
សមយុទ្ធ បាលីកាតាំង (Balikatan) ឆ្នាំនេះ មានទ្រង់ទ្រាយធំមិនធ្លាប់មាន ដោយមានការចូលរួមពីប្រទេសមហាអំណាចយោធាជាច្រើន និងធ្វើឡើងនៅចំតំបន់រសើបក្បែរសមុទ្រចិនខាងត្បូង។ នេះមិនត្រឹមតែជាការហ្វឹកហាត់សមត្ថភាពកងទ័ពប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការផ្ញើសារខាងនយោបាយ និងយោធាអំពីសាមគ្គីភាពរបស់អាម៉េរិក និងសម្ព័ន្ធមិត្ត ក្នុងករណីមានវិវាទណាមួយកើតឡើងក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Screenshot from VIORY's video.