សង្គម

រដ្ឋមន្ត្រីទេសចរណ៍ ចាត់ទុកសិក្ខាសាលា “ការកសាងសមត្ថភាពទេសចរណ៍ប្រកបដោយចីរភាព អាស៊ាន-ចិន” អាចពង្រឹងសមត្ថភាពអ្នកជំនាញទេសចរកម្ពុជា ក្នុងការផ្តល់សេវាកម្ម អំឡុងពេលអនុវត្តសាកល្បងលើកលែងទិដ្ឋាការពលរដ្ឋចិន ដែលនឹងចាប់ផ្តើមនៅខែមិថុនាខាងមុខ

image


ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីបើកសិក្ខាសាលា ស្តីពី “ការកសាងសមត្ថភាពទេសចរណ៍ប្រកបដោយចីរភាព អាស៊ាន-ចិន” ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម Shi Zhongjun អគ្គលេខាធិការមជ្ឈមណ្ឌលអាស៊ាន-ចិន មន្ត្រីជាន់ខ្ពស់ នៃមជ្ឈមណ្ឌលអាស៊ាន-ចិន តំណាងស្ថានទូតចិនប្រចាំកម្ពុជាសមាគមទេសចរណ៍ពាក់ព័ន្ធ និងផ្នែកឯកជន ដែលពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ផ្សេងៗ ជាង ២០០រូប។

លោល ហួត ហាក់ បានកោតសរសើរ និងអរគុណដល់មជ្ឍមណ្ឌលអាស៊ាន-ចិន ដែលតែងផ្តល់កិច្ចសហការក្នុងការអភិវឌ្ឍធនធានមនុស្ស ផ្តល់វេទិកាសម្រាប់ចែករំលែកចំណេះដឹង និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា។
លោករដ្ឋមន្រ្តី បានថ្លែងថា កម្មវិធីនេះពិតជាមានសារៈសំខាន់ និងទាន់ពេលវេលា ព្រោះរាជរដ្ឋាភិបាល បានអនុម័តនូវការអនុវត្តសាកល្បងការលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋចិន ដែលអាចស្នាក់នៅក្នុងប្រទេសកម្ពុជារយៈពេលចំនួន ១៤ថ្ងៃ ក្នុងអំឡុងពេលចាប់ពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ដែលអាចពង្រឹងសមត្ថភាពជំនាញរបស់អ្នកជំនាញទេសចរកម្ពុជាក្នុងការត្រៀមខ្លួនរួចរាល់ ក្នុងការផ្តល់សេវាកម្មដល់ទេសចរចិន អំឡុងពេលនៃការអនុវត្តសាកល្បងនេះ ប្រកបដោយគុណភាព និងការពេញចិត្ត។

គួរបញ្ជាក់ផងដែរថា សិក្ខាសាលារយៈពេល ២ថ្ងៃនេះ រៀបចំឡើងដើម្បីពង្រឹងសមត្ថភាពប្រកបដោយចីរភាពដល់អ្នកជំនាញក្នុងវិស័យទេសចរណ៍ ដោយផ្តោតលើប្រធានបទសំខាន់ៗ រួមមាន៖ និន្នាការទេសចរចិនចេញក្រៅប្រទេស ការយល់ដឹងពីការរំពឹងទុករបស់ទេសចរចិន ការអភិវឌ្ឍជំនាញមគ្គុទេសក៍សម្រាប់ទីផ្សារចិន និងកាលានុវត្តភាពទេសចរណ៍ម្ហូបអាហារ សម្រាប់ទេសចរចិនជាដើម។

កម្មវិធីនេះត្រូវបានរៀបចំឡើងក្រោមកិច្ចសហការដ៏ជិតស្និទ្ធរវាងក្រសួងទេសចរណ៍កម្ពុជា និងមជ្ឈមណ្ឌលអាស៊ាន-ចិន ដែលជារៀងរាល់ឆ្នាំ មជ្ឈមណ្ឌលនេះ តែងផ្តល់កិច្ចសហការ ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ក៏ដូចជាតំបន់អាស៊ាន៕

អត្ថបទ៖ សន ពិសិដ្ឋ រូបភាព៖ លឹម មុនី