ផ្សារលក់ផលិតផលខ្មែរ ឬផ្សារចុងសប្តាហ៍ ខេត្ដសៀមរាប កំពុងទាក់ទាញការចាប់អារម្មណ៍កាន់តែច្រើនឡើងពីអ្នកទិញ និងគាំទ្រផលិតផលខ្មែរ
សៀមរាប៖ ផ្សារលក់ផលិតផលខ្មែរ ឬផ្សារចុងសប្តាហ៍ បង្កើតឡើងដើម្បីជំរុញការគាំទ្រផលិតផលខ្មែរដែលដាំដុះ និងកែច្នៃដោយកសិករ និងផលិតករខ្មែរ ស្ថិតលើសួនច្បារមាត់ស្ទឹងសៀមរាប ក្រុងសៀមរាប នៅជិតព្រះអង្គចេក ព្រះអង្គចម។
ផ្សារនេះឱ្យកសិករលក់ដូរនៅរៀងរាល់ថ្ងៃសៅរ៍-អាទិត្យ ចាប់ពីម៉ោង ៧:០០ព្រឹក ដល់១២:០០ថ្ងៃត្រង់ មានលក់បន្លែ ត្រី សាច់ ដែលដាំដុះដោយកសិករនៅក្នុងខេត្តសៀមរាប ដោយមិនប្រើជីគីមី និងដាំដុះអនុវត្តតាមបច្ចេកទេស កសិអេកូឡូស៊ី ដែលមានការបណ្តុះបណ្តាលពីរបៀបដាំដុះ និងបច្ចេកទេសដែលមានស្តង់ដាកសិកម្មយ៉ាងត្រឹមត្រូវពីអង្គការ Gret និងដៃគួពាក់ព័ន្ធ ក្នុងការជួយលើកកម្ពស់ការធ្វើកសិកម្មរបស់កសិករនៅខេត្ដសៀមរាបឱ្យទទួលបានទិន្នផលខ្ពស់ មានទីផ្សារ និងបន្លែមានសុវត្ថិភាព ដើម្បីលើកស្ទួយកម្រិតជីវភាពរបស់គ្រួសារកសិករជនបទនៅប្រទេសកម្ពុជាកាន់តែល្អប្រសើរ តាមរយៈការអនុវត្តបច្ចេកទេសកសិអេកូឡូស៊ី មិនប៉ះពាល់សុខភាពអ្នកប្រើប្រាស់ និងបរិស្ថាន។
ផ្សារលក់ផលិតផលខ្មែរនេះ ធ្វើឡើងក្រោមការដឹកនាំ និងការគាំទ្រពីក្រសួងពាណិជ្ជកម្ម និងការសម្របសម្រួលផ្តល់ទីតាំងរបស់រដ្ឋបាលខេត្ត មន្ទីរពាណិជ្ជកម្មខេត្តសៀមរាប និងក្រោមគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) នៃក្រសួងពាណិជ្ជកម្ម ដែលបានដាក់ឱ្យដំណើរការចាប់តាំងពីឆ្នាំ២០១៩ រហូតមកដល់បច្ចុប្បន្ន ដែលមានកាទាក់ទាញការចាប់អារម្មណ៍កាន់តែច្រើនឡើងពីអ្នកទិញ និងគាំទ្រផលិតផលខ្មែរ ទាំងជនជាតិខ្មែរ និងបរទេស។
លោក តាន់ ជាយុទ្ធថា អនុប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប បានឱ្យដឹងថា ផ្លែឈើដែលត្រូវយកមកលក់ជូនអ្នកទទួលទាននៅផ្សារចុងសប្តាហ៍សៀមរាបនេះត្រូវតែជាបន្លែ ផ្លែឈើដែលសុវត្ថិភាព ពោលគឺ ការដាំដុះដោយកសិករខ្មែរ មិនប្រើប្រាស់ជីគីមី ឬថ្នាំគីមីពុលដែលនាំឱ្យខូចសុខភាពអ្នកទទួលទាន។
លោក តាន់ ជាយុទ្ធថា បានឱ្យដឹងដែរថា បច្ចុប្បន្នមាន ៦៩សហគមន៍កសិករ ប៉ុន្តែអ្នកដាំបន្លែជាអាជីពមានតែ ២៣សហគមន៍ប៉ុណ្ណោះ ដែលជាអ្នកដាំបន្លែសម្រាប់យកមកផ្គត់ផ្គង់នៅផ្សារចុងសប្តាហ៍នេះ ដោយសមាជិកក្នុងសហគមន៍អាចផលិតបន្លែបានពី១០០ ទៅ១៥០គីឡូក្រាមក្នុង១ថ្ងៃសម្រាប់ផ្គត់ផ្គង់ទីផ្សារទូទៅផង និងផ្គត់ផ្គង់ទីផ្សារចុងសប្តាហ៍នេះផង ដែលធ្វើឱ្យផ្សារចុងសប្តាហ៍នេះក្លាយជាមជ្ឈមណ្ឌលប្រមូលផ្តុំកសិផលសុវត្ថិភាព ដែលត្រូវបានជ្រើសរើសយ៉ាងសម្រិតសម្រាំងពីចម្ការកសិករក្នុងសហគមន៍ផ្ទាល់ ពោលគឺ គ្រប់បន្លែមួយទង និងផ្លែឈើមួយផ្លែដែលដាក់លក់នៅទីនេះ គឺជាលទ្ធផលនៃការដាំដុះដោយយកចិត្តទុកដាក់តាមស្តង់ដារបច្ចេកទេស និងការប្រើប្រាស់ជីធម្មជាតិ ជាការដាំដុះបែបកសិអេកូឡូស៊ី ដើម្បីធានាថាគ្រប់មុខម្ហូបក្នុងគ្រួសាររបស់អ្នកប្រកបរដោយសុខុមាលភាពបំផុត។
លោក ខៀវ បញ្ញាវឌ្ឍន៍ មន្ត្រីជំនាញនៃក្រសួងពាណិជ្ជកម្ម ក៏បានឱ្យដឹងដែរថា ផលិតផលកសិកម្មចម្រុះក្នុងស្រុក បានដាក់តាំងលក់នៅក្នុងផ្សារចុងសប្តាហ៍យ៉ាងសម្បូរបែប ទាំងបន្លែ ផ្លែឈើ ត្រី សាច់ ហើយរាល់បន្លែដែលបានយកមកលក់ គឺពួកគាត់ភាគច្រើនជាផលិតផលដែលដាំដុះ និងកែច្នៃដោយកសិករ ដោយមិនប្រើប្រាស់សារធាតុគីមី។ ដើម្បីឱ្យមានការជឿជាក់កាន់តែច្បាស់មន្ត្រីជំនាញបានធ្វើការត្រួតពិនិត្យក្នុងមួយខែឱ្យបាន២ដងដែរ ហើយក្រោយពីមានការត្រួតពិនិត្យពីមន្ត្រីជំនាញ គឺរកមិនឃើញមានសារធាតុគីមីនោះទេ ដែលបញ្ជាក់ថា ផលិតផលដែលបានដាក់លក់ក្នុងផ្សាចុងសប្តាហ៍នេះបានអនុវត្តតាមស្តង់ដាបានត្រឹមត្រូវ៕