សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថ្លែងអំណរគុណ ឧកញ៉ា គិត ស៊ូឡា ដែលបានឧបត្ថម្ភថវិកា ១,៥៥៥,៥៥៥ដុល្លារ ជូនកាកបាទក្រហមកម្ពុជា ដើម្បីអបអរទិវា ៨ ឧសភា ២០២៦
ភ្នំពេញ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឧកញ៉ា គិត ស៊ូឡា អគ្គនាយកប្រតិបត្តិក្រុមហ៊ុន Royal Group International Company ត្រូវជាកូនប្រុសអ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ម្ចាស់ក្រុមហ៊ុន Royal Group ដែលបានឧបត្ថម្ភថវិកាចំនួន ១,៥៥៥,៥៥៥ដុល្លារ (មួយលានប្រាំសែនប្រាំម៉ឺនប្រាំពាន់ប្រាំរយហាសិបប្រាំដុល្លារអាមេរិក) ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៦ ក្រោមមូលបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌ »។
កាកបាទក្រហមកម្ពុជា សូមអំពាវនាវចំពោះ សម្តេច ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា សប្បុរសជន មកពីគ្រប់មជ្ឈដ្ឋានទាំងក្នុងវិស័យរដ្ឋ និងវិស័យឯកជន សូមមេត្តាបន្តចូលរួមបរិច្ចាគថវិកា សម្ភារ ជូនកាកបាទក្រហមកម្ពុជា ដោយសទ្ធាជ្រះថ្លា និងតាមការស្ម័គ្រចិត្ត។
ការចូលរួមឧបត្ថម្ភគាំទ្រការងារមនុស្សធម៌តាមរយៈកាកបាទក្រហមកម្ពុជា គឺពិតជាមានគុណតម្លៃណាស់ក្នុងការលើកកម្ពស់ស្មារតីវប្បធម៌នៃការចែករំលែក ដែលជាការផ្សារភ្ជាប់រវាងសប្បុរសជនជាមួយអ្នកទទួលផល។
កាកបាទក្រហមកម្ពុជា នឹងយកចិត្តទុកដាក់ប្រើប្រាស់អំណោយដ៏សប្បុរសនេះ ដើម្បីបម្រើសកម្មភាពមនុស្សធម៌ជួយដល់ ប្រជាពលរដ្ឋងាយរងគ្រោះបំផុត ជាពិសេសប្រជាជនភៀសសឹក និងគ្រួសារយុទ្ធជនរបួសនិងពលីក្នុងសមរភូមិ៕