ការវាយប្រហាររបស់អ៊ីស្រាអ៊ែល សម្លាប់មនុស្ស ១៤ នាក់នៅលីបង់ ចំពេលបទឈប់បាញ់នៅតែបន្ត
លីបង់៖ ស្ថានការណ៍នៅតាមព្រំដែនអ៊ីស្រាអ៊ែល និងលីបង់ កាន់តែឡើងកម្ដៅខ្លាំង បើទោះបីជាមានកិច្ចព្រមព្រៀងបទឈប់បាញ់ក៏ដោយ។ ការវាយប្រហារតាមអាកាស និងកាំភ្លើងធំរបស់អ៊ីស្រាអ៊ែល កាលពីចុងសប្ដាហ៍ បានបណ្តាលឱ្យជនស៊ីវិលលីបង់ ១៤នាក់បាត់បង់ជីវិត រួមមានទាំងកុមារ និងស្ត្រីផងដែរ ខណៈភាគីទាំងពីរបានចោទប្រកាន់គ្នាទៅវិញទៅមកថាជាអ្នករំលោភបំពានលើកិច្ចព្រមព្រៀងសន្តិភាពបណ្ដោះអាសន្ននេះ ។
ដោយឡែក នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល លោក ណេតាន់យ៉ាហ៊ូ កាលពីដើមសប្ដាហ៍នេះ បានប្រកាសជំហរយ៉ាងច្បាស់ថា អ៊ីស្រាអ៊ែលនឹងមិនបញ្ឈប់ការវាយប្រហារយោធារបស់ខ្លួននៅក្នុងប្រទេសលីបង់ឡើយ ដរាបណានៅតែមានការគំរាមកំហែងពីក្រុមហេសប៊ូឡាហ៍។ ទោះបីជាមានកិច្ចព្រមព្រៀងបទឈប់បាញ់ក៏ដោយ ក៏មេដឹកនាំអ៊ីស្រាអែលរូបនេះយល់ថា ការរក្សាសិទ្ធិបន្តការវាយប្រហារ គឺជាកត្តាចាំបាច់ដើម្បីការពារសន្តិសុខជាតិ និងទប់ស្កាត់រាល់ការប៉ុនប៉ងវាយប្រហារណាមួយដែលហៀបនឹងកើតឡើង ។
ទន្ទឹមនឹងនោះ អ៊ីរ៉ង់កំពុងព្យាយាមស្វែងរកច្រកចេញតាមរយៈការចរចាពីភាគីសម្របសម្រួលប៉ាគីស្ថាន ដើម្បីឈានទៅរកការនិយាយគ្នាជាមួយសហរដ្ឋអាម៉េរិកឡើងវិញ។ ទោះបីជាលោក ដូណាល់ ត្រាំ បានបង្ហាញឆន្ទៈក្នុងការបន្តបទឈប់បាញ់ដើម្បីទុកឱកាសដល់ការចរចាក៏ដោយ ប៉ុន្តែភាពតានតឹងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហ៍រ៉ង់ នៅតែមានភាពស្រពិចស្រពិល និងមិនទាន់មានការជួបគ្នាដោយផ្ទាល់ណាមួយ ត្រូវបានកំណត់ឱ្យបានច្បាស់នៅឡើយ ។
បច្ចុប្បន្ននេះ ជោគវាសនានៃសន្តិភាពក្នុងតំបន់មជ្ឈិមបូព៌ាកំពុងស្ថិតនៅលើបន្ទាត់ក្រហមនៅឡើយ ខណៈការប្រយុទ្ធគ្នានៅតែបន្តបង្ហូរឈាមនៅលីបង់ ដោយកិច្ចប្រឹងប្រែងផ្នែកការទូតក៏កំពុងដំណើរការយ៉ាងមមាញឹកនៅតាមបណ្ដាប្រទេសជិតខាង និងមហាអំណាចដូចជារុស្ស៊ី។ មជ្ឈដ្ឋាននានា កំពុងតាមដានមើលថា តើកិច្ចចរចាតាមផ្លូវការទូត អាចយកឈ្នះលើសម្លេងគ្រាប់កាំភ្លើងបានដែរឬទេ នៅក្នុងវិបត្តិដ៏រ៉ាំរ៉ៃមួយនេះ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ BBC | រូបភាព៖ BBC/ (Atef Safadi / EPA)/ (David Guttenfelder/The New York Times)