ព័ត៌មានអន្តរជាតិ

លោកណេតាន់យ៉ាហ៊ូ ប្ដេជ្ញាបន្តវាយប្រហារក្រុមហេសបូឡាហ៍ ទោះមានបទឈប់បាញ់ក៏ដោយ ដរាបណាអ៊ីស្រាអ៊ែលនៅតែរងការគំរាមកំហែង

image


អ៊ីស្រាអ៊ែល៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល លោក នាយករដ្ឋមន្ត្រី ណេតាន់យ៉ាហ៊ូ បានប្រកាសជំហរយ៉ាងច្បាស់ថា អ៊ីស្រាអ៊ែលនឹងមិនបញ្ឈប់ការវាយប្រហារយោធារបស់ខ្លួននៅក្នុងប្រទេសលីបង់ឡើយ ដរាបណានៅតែមានការគំរាមកំហែងពីក្រុមហេសប៊ូឡាហ៍។ ទោះបីជាមានកិច្ចព្រមព្រៀងបទឈប់បាញ់ក៏ដោយ ក៏មេដឹកនាំអ៊ីស្រាអែលរូបនេះយល់ថា ការរក្សាសិទ្ធិបន្តការវាយប្រហារ គឺជាកត្តាចាំបាច់ដើម្បីការពារសន្តិសុខជាតិ និងទប់ស្កាត់រាល់ការប៉ុនប៉ងវាយប្រហារណាមួយដែលហៀបនឹងកើតឡើង ។

ក្ដីព្រួយបារម្ភចម្បងរបស់អ៊ីស្រាអ៊ែលនៅពេលនេះ គឺអាវុធប្រភេទរ៉ុក្កែត និងដ្រូនស៊ើបការណ៍ដែលក្រុមហេសប៊ូឡាហ៍នៅតែមានក្នុងដៃ។ បើតាមការវាយតម្លៃរបស់លោក ណេតាន់យ៉ាហ៊ូ ទោះបីជាសមត្ថភាពយោធារបស់ក្រុមហេសប៊ូឡាហ៍ ត្រូវបានបំផ្លាញអស់ ៩០% ក៏ដោយ ក៏ចំនួន ១០% ដែលនៅសេសសល់នៅតែគ្រោះថ្នាក់ដ៏ធំសម្រាប់ប្រជាជនអ៊ីស្រាអ៊ែល ដែលទាមទារឱ្យមានការវាយកម្ទេចជាបន្តបន្ទាប់ឱ្យអស់ពីទឹកដីលីបង់ ។

ប្រតិបត្តិការយោធាដែលបានចាប់ផ្ដើមតាំងពីដើមខែមីនា បានបង្កជាវិបត្តិមនុស្សធម៌យ៉ាងធ្ងន់ធ្ងរនៅក្នុងតំបន់ ដោយមានមនុស្សស្លាប់រាប់ពាន់នាក់ និងរាប់លាននាក់ទៀតត្រូវចាកចេញពីផ្ទះសម្បែង។ ទោះបីជាមានការបន្តបទឈប់បាញ់ជាបណ្ដោះអាសន្នក៏ដោយ ប៉ុន្តែស្ថានការណ៍ជាក់ស្ដែងនៅតែមានការវាយប្រហារជាបន្តបន្ទាប់ ដែលធ្វើឱ្យកិច្ចព្រមព្រៀងសន្តិភាពហាក់ដូចជាមានភាពស្រពិចស្រពិល និងមិនទាន់អាចធានាបាននូវសន្តិសុខយូរអង្វែងនៅឡើយ ។

គោលដៅចុងក្រោយរបស់អ៊ីស្រាអ៊ែល គឺការរំសាយអាវុធទាំងស្រុងពីក្រុមហេសប៊ូឡាហ៍ ដើម្បីធានាថាគ្មានការគំរាមកំហែងណាមួយអាចកើតឡើងវិញនៅតាមព្រំដែនភាគខាងជើងរបស់ខ្លួន។ សាររបស់លោក ណេតាន់យ៉ាហ៊ូ នៅពេលនេះ គឺចង់បញ្ជាក់ទៅកាន់ពិភពលោកថា អ៊ីស្រាអ៊ែលនឹងបន្តប្រើប្រាស់កម្លាំងយោធាតាមការចាំបាច់ រហូតដល់បេសកកម្មរបស់ពួកគេត្រូវបានបញ្ចប់ជាស្ថាពរ បើទោះជាត្រូវរងសម្ពាធពីអន្តរជាតិជុំវិញបទឈប់បាញ់ក៏ដោយ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Screenshot from VIORY's video/ BBC/ (Atef Safadi/ EPA)