សារព័ត៌មានរុស្ស៊ី RT សម្ភាសន៍អ្នកនាំពាក្យសិទ្ធិមនុស្សកម្ពុជា ដោយគូសបញ្ជាក់ថា កម្ពុជាមានឆន្ទៈមោះមុតក្នុងការលុបបំបាត់បទល្មើសអនឡាញ
ភ្នំពេញ៖ នៅក្នុងកិច្ចសម្ភាសន៍ជាភាសាអង់គ្លេស ជាមួយទីភ្នាក់សារព័ត៌មាន RT របស់រុស្ស៊ី អ្នកនាំពាក្យសិទ្ធិមនុស្សកម្ពុជា ឯកឧត្តម ប៉ា ប៉ុណ្ណារ៉ាដា បានលើកឡើងថា នៅពេលដែលសារព័ត៌មានខ្នាតយក្សដូចជា Wall Street Journal ចុះផ្សាយចំណងជើងដែលបង្កប់ន័យមើលងាយដល់ប្រទេសកម្ពុជា ដូចជាការប្រើពាក្យ ‘Scambodia’ វាគឺជាក្ដីព្រួយបារម្ភយ៉ាងខ្លាំងចំពោះកិត្តិយស និងកេរ្តិ៍ឈ្មោះរបស់ជាតិ ។
ឯកឧត្តម បានលើកឡើងជាបន្តទៀតថា ការប្រើប្រាស់សិទ្ធិសេរីភាពសារព័ត៌មាន និងសេរីភាពក្នុងការបញ្ចេញមតិបែបនេះ វាហាក់ដូចជាកំពុងវាយតម្លៃប្រទេសមួយទាំងមូល ដោយផ្អែកលើសកម្មភាពឧក្រិដ្ឋកម្មរបស់មនុស្សមួយក្រុមតូចទៅវិញ។ ការណ៍នេះ នាំឱ្យមានការយល់ច្រឡំ និងការមើលឃើញមិនល្អមកលើប្រទេសកម្ពុជា ក៏ដូចជាប្រជាជនខ្មែរទាំងមូល ដែលជារឿងមិនយុត្តិធម៌សោះឡើយ ។
ឆ្លើយតបនឹងការចោទប្រកាន់នេះ ភាគីកម្ពុជាបានបង្ហាញពីសកម្មភាពជាក់ស្ដែងរបស់រដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសបច្ចេកវិទ្យា។ កងកម្លាំងសមត្ថកិច្ច បានបើកប្រតិបត្តិការទ្រង់ទ្រាយធំជាបន្តបន្ទាប់ ដើម្បីកម្ទេចទីតាំងឆបោកអនឡាញ និងចាប់ខ្លួនមេខ្លោងដែលពាក់ព័ន្ធនឹងបណ្តាញឧក្រិដ្ឋកម្មឆ្លងដែន។ នេះគឺជាសក្ខីភាពបញ្ជាក់ថា កម្ពុជាមិនមែនជាជម្រករបស់ឧក្រិដ្ឋជនឡើយ ប៉ុន្តែគឺជាអ្នកដែលកំពុងរងគ្រោះ និងកំពុងដោះស្រាយបញ្ហាយ៉ាងសកម្ម ។
អ្វីដែលជាជំហានដ៏សំខាន់បំផុតក្នុងខែនេះ គឺការបង្កើតច្បាប់ថ្មីសម្រាប់ប្រឆាំងការឆបោកតាមប្រព័ន្ធអនឡាញ។ ច្បាប់នេះនឹងក្លាយជាឧបករណ៍ដ៏មានអំណាចសម្រាប់អាជ្ញាធរក្នុងការចាត់វិធានការតាមផ្លូវច្បាប់ឱ្យកាន់តែមានប្រសិទ្ធភាព និងភាពច្បាស់លាស់។ វាបង្ហាញពីឆន្ទៈនយោបាយខ្ពស់របស់កម្ពុជា ក្នុងការការពារសន្តិសុខឌីជីថល និងការស្ដារឡើងវិញនូវកេរ្តិ៍ឈ្មោះរបស់ខ្លួននៅលើឆាកអន្តរជាតិ ។
បញ្ហាឆបោកអនឡាញគឺជាឧក្រិដ្ឋកម្មឆ្លងដែន ដែលទាមទារឱ្យមានការចូលរួមសហការពីគ្រប់ភាគី មិនមែនជាការទទួលខុសត្រូវរបស់ប្រទេសតែមួយនោះទេ។ កម្ពុជាបាននិងកំពុងធ្វើកិច្ចការនេះយ៉ាងហ្មត់ចត់បំផុត តាមរយៈការអនុវត្តច្បាប់ និងការបង្កើតបទដ្ឋានគតិយុត្តថ្មីៗ។ លោកសង្ឃឹមថា ពិភពលោកនឹងមើលឃើញពីកិច្ចខិតខំប្រឹងប្រែងពិតប្រាកដនេះ ជាជាងការជឿលើការចុះផ្សាយដែលមានលក្ខណៈរើសអើង និងបង្ខូចកេរ្តិ៍ឈ្មោះជាតិដទៃ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ RT | រូបភាព៖ Screenshot from RT's video.