អង្គការ Gret បន្ដជួយលើកកម្ពស់ការធ្វើកសិកម្មតាមបច្ចេកទេស “កសិអេកូឡូស៊ី” ដល់កសិករ នៅខេត្តសៀមរាប ឱ្យទទួលបានទិន្នផលខ្ពស់ និងមានទីផ្សារ
សៀមរាប៖ អង្គការ Gret គឺជាអង្គការដែលធ្វើការងារខាងផ្នែកកសិកម្ម ដែលសហការគាំទ្រដោយភ្នាក់ងារបារាំងដើម្បីអភិវឌ្ឍន៍ (AFD) រដ្ឋបាលខេត្តអូដឺសែនប្រទេសបារាំង (CD92) ភ្នាក់ងារសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការស្វីស (SDC), សហភាពអឺរ៉ុប (EU) និងរដ្ឋាភិបាលប្រទេសប៊ែលហ្ស៊ិក (DGD) បានបន្ដជួយបណ្តុះបណ្តាលផ្នែកបច្ចេកទេសកសិកម្ម ដើម្បីលើកកម្ពស់ការធ្វើកសិកម្មតាមបច្ចេកទេស “កសិអេកូឡូស៊ី” ដល់ប្រជាកសិករនៅខេត្ដសៀមរាបឱ្យទទួលបានទិន្នផលខ្ពស់ មានទីផ្សារ និងបន្លែមានសុវត្ថិភាព ដើម្បីលើកស្ទួយកម្រិតជីវភាពរបស់គ្រួសារកសិករជនបទនៅប្រទេសកម្ពុជាកាន់តែល្អប្រសើរ តាមរយៈការអនុវត្តបច្ចេកទេសកសិអេកូឡូស៊ី។
លោក ង៉ែត វិបុល ប្រធានគម្រោង អង្គការ Gret នៅខេត្ដសៀមរាប បានប្រាប់អ្នកសារព័ត៌មានក្នុងដំណើរ ទស្សនកិច្ចនៅចុងខែមេសារថ្មីៗនេះ នៅការិយាល័យនៃអង្គការGret ខេត្ដសៀមរាប ថា អង្គការមានផែនការជាក់លាក់ចំនួន៣ ដើម្បីជួយលើកកម្ពស់កម្រិតជីវភាពគ្រួសារកសិករជនបទក្នុងខេត្តសៀមរាបឱ្យកាន់តែល្អប្រសើរ តាមរយៈការអនុវត្តបច្ចេកទេសកសិអេកូឡូស៊ី ពង្រឹងរចនាសម្ព័ន្ធខ្សែច្រវាក់តម្លៃក្នុងតំបន់ និងកសាងផែនការ និងអនុវត្តផែនការអភិវឌ្ឍន៍ដោយនិរន្តរភាព និងសុវត្ថិភាពប្រព័ន្ធស្បៀងខេត្តសៀមរាប។
ផែនការជាក់លាក់ទាំង៣ ដែលអង្គការ Gret បានដាក់ចេញដើម្បីជួយលើកកម្ពស់កម្រិតជីវភាពគ្រួសារកសិករជនបទគឺ ទី១. ជំរុញផលិតកម្មកសិកម្មតាមបែបកសិអេកូឡូស៊ី (ប្រពលវប្បកម្ម និងពិពិធកម្មដំណាំ/ស្បៀង) ទី២. ពង្រឹងអង្គការកសិករ និងរៀបចំរចនាសម្ព័ន្ធក្នុងខ្សែច្រវាក់តម្លៃក្នុងស្រុកដើម្បីធានាការផ្គត់ផ្គង់ និងសម្របសម្រួលការលក់ទៅកាន់ទីផ្សារ និងទី៣. គាំទ្រដៃគូពាក់ព័ន្ធខេត្តក្នុងការកសាង និងអនុវត្តផែនការអភិវឌ្ឍដោយនិរន្តរភាព និងសុវត្ថិភាពប្រព័ន្ធស្បៀងខេត្តសៀមរាប។
ជាមួយគ្នានេះ លោក សុខ សុធា អ្នកជំនាញផ្នែកកសិអេកូឡូស៊ីនៃអង្គការ Gret បានឱ្យដឹងថា កសិអេកូឡូស៊ី គឺជាវិធីសាស្ដ្រមួយដែលរួមបញ្ចូលគោលការណ៍ អេកូឡូស៊ី ជាមួយសង្គម និងសេដ្ឋកិច្ច។ វាត្រូវបានអនុវត្តនៅទូទាំងពិភពលោក ហើយបង្កើតឡើងដើម្បីគ្រប់គ្រងប្រព័ន្ធកសិកម្ម និងប្រព័ន្ធស្បៀងអាហារប្រកបដោយនិរន្តរភាព។ ម្យ៉ាងវិញទៀត ជាការបង្កើនប្រសិទ្ធភាពក្នុងការអនុវត្តកសិកម្មរួមគ្នា រវាងមនុស្ស សត្វ រុក្ខជាតិ និងបរិស្ថានជុំវិញ ព្រមទាំងលើកកម្ពស់ប្រព័ន្ធស្បៀង និងសមធម៌សង្គម ដោយបុគ្គលម្នាក់ៗអាចមានសិទ្ធិជ្រើសរើសអ្វីដែលពួកគេចង់បរិភោគ និងជ្រើសរើសរបៀបដែលស្បៀងអាហារទាំងអស់នោះត្រូវបានផលិតឡើង។
សូមបញ្ជាក់ថា កសិអេកូឡូស៊ី បានផ្ដល់ផលប្រយោជន៍ រួមមាន ១. ជីវចម្រុះ៖ លើកកម្ពស់ផលិតកម្មដំណាំចម្រុះ និងការចិញ្ចឹមសត្វ ដើម្បីធ្វើឱ្យប្រព័ន្ធអេកូឡូស៊ីមានភាពល្អប្រសើរ។ ២. គុណភាពដី៖ ថែរក្សា និងការអភិរក្ស ដោយប្រើប្រាស់បច្ចេកទេសស្របតាមគោលការណ៍ធម្មជាតិ ដូចជា ការគ្របដណ្តប់លើដីដាំដុះ ការប្រើប្រាស់ជីកំប៉ុស្តិ៍ ស្លឹកឈើ ជីកំប៉ុស្តិ៍ទឹក ជីធម្មជាតិផ្សេងទៀត និងកាត់បន្ថយការរំខានដល់ដី (ភ្ជួររាស់)។ ៣. សត្វល្អិតចង្រៃ និងជំងឺលើផលិតកម្ម៖ កាត់បន្ថយការប្រើប្រាស់សារធាតុគីមីជំនួសវិញ ដោយប្រើថ្នាំពុលផលិតពីរុក្ខជាតិ ឬវិធានការចម្រុះការពារដំណាំ តាមរយៈវិធីសាស្ដ្រកម្ចាត់សត្វល្អិត និងជំងឺ (IPM) និង៤. ចំណេះដឹងដែលមានស្រាប់៖ បង្កើនការយល់ដឹង ជំនាញ និងការអនុវត្តដែលបង្កើតឡើងដោយផ្អែកលើបទពិសោធរបស់កសិករលើផ្នែកកសិកម្ម បរិស្ថាន និងប្រព័ន្ធស្បៀងក្នុងតំបន់ និងស្វែងយល់បន្ថែមនូវអ្វីដែលថ្មី៕